វៀតណាមនិងអេហ្ស៊ីបមានទំនាក់ទំនងយូរអង្វែង និងជិតស្និទ្ធជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៦៣ មក ដែលបង្ហាញតាមរយៈការគាំទ្រគ្នាទៅវិញទៅក្នុងការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជានៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី។

ចំពោះសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ អេហ្ស៊ីបគឺជាប្រទេសអាហ្វ្រិកខាងជើងដំបូងគេដែលទទួលស្គាល់សេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ បច្ចុប្បន្ន អេហ្ស៊ីបជាទីផ្សារដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅអាហ្វ្រិកខាងជើង ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥៤១.៣៦ លានដុល្លារនៅឆ្នាំ២០២៤។ ប្រទេសទាំងពីរក៏សហការយ៉ាងជិតស្និទ្ធលើវិស័យអប់រំ បណ្តុះបណ្តាល និងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរផងដែរ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ (រូបថត៖ vnanet.vn)

ខណៈពេលនោះ វៀតណាម និងអង់ហ្គោឡា មានទំនាក់ទំនងមិត្តភាព ស្មោះត្រង់ ហើយគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងដំណាក់កាលនៃការតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយម ចក្រពត្តិនិយមដើម្បីរំដោះជាតិ និងក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ បក្សកុម្មុយនិស្តវៀតណាម និងគណបក្សចលនាប្រជាជនរំដោះអង់ហ្គោឡា  (MPLA) បានរក្សានូវទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីដ៏ល្អ ដែលបង្កើតឡើងមុនពេលប្រទេសទាំងពីរទទួលបានឯករាជ្យជាតិ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-វិនិយោគ-ពាណិជ្ជកម្មរវាងវៀតណាម និងអង់ហ្គោឡា បានផ្លាស់ប្តូរជាវិជ្ជមាននាពេលកន្លងមកនេះ ដោយទំហំពាណិជ្ជកម្មនៅឆ្នាំ ២០២៤ សម្រេចបានជិត ២៥០ លានដុល្លារអាមេរិក... ថ្មីៗនេះ ធុរកិច្ចវៀតណាមបានចាប់អារម្មណ៍លើការជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅប្រទេសអង់ហ្គោឡាក្នុងវិស័យប្រេង និងឧស្ម័ន វារីអគ្គិសនី កសិកម្ម រុក្ខាប្រមាញ់ និងការរុករករ៉ែ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងទៀត ដូចជាការអប់រំ-បណ្តុះបណ្តាល វប្បធម៌-ទេសចរណ៍ និងក្នុងវេទិកាពហុភាគី ក៏កំពុងទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំវៀតណាមទៅកាន់អេហ្ស៊ីបបន្ទាប់ពីរយៈពេល ៧ ឆ្នាំ និងទៅកាន់ប្រទេសអង់ហ្គោឡាបន្ទាប់ពីរយៈពេល ១៧ ឆ្នាំ។ ដំណើរទស្សនកិច្ចនេះ បង្ហាញអំពីគោលនយោបាយឥតងាករេរបស់វៀតណាម ដែលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយបណ្ដាដៃគូមិត្តភាពជាប្រពៃណីនៅទ្វីបអាហ្រ្វិក ដោយមានបំណងចង់បង្កើតរបកគំហើញ និងលើកកំពស់ទំនាក់ទំនងជាមួយបណ្តាប្រទេសនៅលើទ្វីបនេះ។ ជាពិសេស នេះជាឱកាសមួយដើម្បីលើកកម្ពស់ទំនុកចិត្តផ្នែកនយោបាយ ជំរុញនិងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីឲ្យស៊ីជម្រៅ បង្កើតកម្លាំងចលករ បង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្មីរវាងវៀតណាម និងអេហ្ស៊ីប ជំរុញទំនាក់ទំនងវៀតណាម-អង់ហ្គោឡា និងទំនាក់ទំនងមិត្តភាពល្អរវាងបក្សកុម្មុនិស្តវៀតណាម និងគណបក្ស MPLA។

ក្នុងបរិបទដែលអាហ្រ្វិកត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍យ៉ាងស្វាហាប់ក្នុងទស្សវត្សរ៍ខាងមុខ ដំណើរទស្សនកិច្ចនេះក៏ជួយវៀតណាមមានដៃគូថ្មី ពង្រីកទីផ្សារនាំចេញដែលមានសក្តានុពលនៅអាហ្វ្រិក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល ថាមពលស្អាត សំណង់ ទេសចរណ៍... ជាមួយដៃគូអេហ្ស៊ីប ហើយលើវិស័យថាមពល ប្រេង និងឧស្ម័ន ការរុករករ៉ែ កែច្នៃកសិកម្ម ធនាគារ ... ជាមួយអង់ហ្គោឡា។ ទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរនេះក៏ជាលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកា អង្គការអន្តរជាតិ និងតំបន់ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន សម្ព័ន្ធអារ៉ាប់ សហភាពអាហ្វ្រិក និងចលនាមិនចូលបក្សសម្ព័ន្ធជាដើម។

ការដែលអេហ្ស៊ីបនិងអង់ហ្គោឡាទទួលស្វាគមន៍លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ បង្ហាញពីការវាយតម្លៃខ្ពស់នៃប្រទេសអាហ្រ្វិកទាំងពីរចំពោះតួនាទីដែលកាន់តែសំខាន់របស់វៀតណាមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរនេះអះអាងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម និងតាមរយៈវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេស និងអង្គការពហុភាគីក្នុងតំបន់។

ប្រវត្តិសាស្រ្តមិត្តភាពជាប្រពៃណីដ៏ល្អ និងការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងជាមួយអេហ្ស៊ីប និងអង់ហ្គោឡានាពេលកន្លងមលនេះ គឺជាមូលដ្ឋានសម្រាប់យើងជឿជាក់ថា វៀតណាមនិងប្រទេសទាំងពីរដែលមានខឿនសេដ្ឋកិច្ចធំៗនៅទ្វីបអាហ្រ្វិកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការស្របតាមសក្ដានុពលនិងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសវៀតណាមក្នុងយុគសម័យថ្មី។

យើងក៏សង្ឃឹមដែរថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Luong Cuong ប្រធានរដ្ឋ នឹងរួមចំណែកបង្កើតរបកគំហើញ និងកម្លាំងចលករសម្រាប់បើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម ជាមួយអេហ្ស៊ីប និងអង់ហ្គោឡា ព្រមទាំងបណ្តាប្រទេសអាហ្វ្រិកផងដែរ៕

បកប្រែដោយ Thuy Anh