អ្នកយកព័ត៌មាន៖ សូមលោកស្រីអនុរដ្ឋមន្ត្រី ឲ្យដឹងអំពីអត្ថន័យ គោលបំណង និងសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវទៅកាន់ប្រទេសអេហ្ស៊ីប និងអង់ហ្គោឡា?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រី៖ តបតាមការអញ្ជើញរបស់លោក Abdel Fattah Al Sisi ប្រធានាធិបតីអារ៉ាប់អេហ្ស៊ីប និងលោកជំទាវ លោក João Manuel Gonçalves Lourenço ប្រធានាធិបតីអង់ហ្គោឡា និងលោកជំទាវ លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប និងអង់ហ្គោឡា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែសីហា។  នេះជាដំណើរទស្សនកិច្ចដែលទាំងវៀតណាម និងភាគីមិត្តរង់ចាំជាយូរណាស់មកហើយ ជាមួយនឹងអត្ថន័យពិសេស មិនត្រឹមតែសម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងប្រទេសជាច្រើនទៀត។

leftcenterrightdel
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

ជាដំបូង ដំណើរទស្សនកិច្ចនេះ មានគោលបំណងអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មរបស់បក្ស និងរដ្ឋវៀតណាម ជាពិសេសជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ កាលពីឆ្នាំមុនៗ វៀតណាមមានឱកាសតិចតួចក្នុងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាមួយមិត្តភក្តិនៅអាហ្វ្រិក។ ប៉ុន្តែនាពេលថ្មីៗនេះ ទំនាក់ទំនងជាមួយតំបន់មជ្ឈិមបូព៌ា-អាហ្រ្វិកមានការរីកចម្រើន ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ប្រព្រឹត្តទៅយ៉ាងរស់រវើក។ នៅក្នុងបរិបទសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកកំពុងវិវឌ្ឍយ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្ន ដំណើរទស្សនកិច្ចនេះគឺជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តគោលនយោបាយនៃការធ្វើពិពិធកម្មទីផ្សារ និងដៃគូ ជាពិសេសដៃគូដែលមានសក្តានុពលនៅក្នុងទ្វីបអាហ្រ្វិក ដែលជាទ្វីបដែលមានប្រជាជនចំនួន ១.៥ ពាន់លាននាក់ និងវណ្ណៈកណ្តាលដែលកំពុងកើនឡើង ធនធានសម្បូរបែប និងតួនាទីកាន់តែសំខាន់នៅក្នុងផែនទីសេដ្ឋកិច្ចពិភពលោក។

ក្នុងយុគសម័យថ្មីនៃការទូត ការទូតសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍគឺជាអាទិភាព។ ដូច្នេះ ការកេងប្រវ័ញ្ចកាន់តែប្រសើរឡើងនៃទីផ្សារធំនៅទ្វីបអាហ្រ្វិក មានសារៈសំខាន់ខ្លាំងក្នុងការរួមចំណែកដល់ការសម្រេចគោលដៅកំណើនរបស់វៀតណាមពី ៨.៣ ទៅ ៨.៥% នៅឆ្នាំនេះ និងតួលេខពីរខ្ទង់ក្នុងឆ្នាំបន្ទាប់របស់វៀតណាម។

ទីពីរ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសមួយសម្រាប់វៀតណាមក្នុងការជំរុញឱ្យឲ្យកាន់តែស៊ីជម្រៅថែមទៀត ពង្រឹង និងតម្លើងទំនាក់ទំនងជាមួយបណ្តាប្រទេសដែលមានតួនាទី និងកិត្យានុភាពសំខាន់ៗនៅក្នុងទ្វីបអាហ្រ្វិក។ អេហ្ស៊ីប និងអង់ហ្គោឡា ជាប្រទេសដែលមានតួនាទី និងកិត្យានុភាពសំខាន់ៗ ហើយជាប្រទេសនាំមុខខាងសេដ្ឋកិច្ចក្នុងតំបន់អាហ្រ្វិក។ អេហ្ស៊ីបមានទីតាំងភូមិសាស្ត្រសំខាន់ណាស់ ជាប្រទេសដែលមានឥទ្ធិពលបំផុតមួយនៅមជ្ឈិមបូព៌ា អាហ្វ្រិក និងពិភពអារ៉ាប់ ហើយជាទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធអារ៉ាប់។ បច្ចុប្បន្ន អង់ហ្គោឡា ជាប្រធានសហភាពអាហ្រ្វិក (AU) ដែលមានរដ្ឋជាសមាជិកចំនួន ៥៤ ដែលជាកម្លាំងដ៏សំខាន់នៅអង្គការសហប្រជាជាតិ និងវេទិកាពហុភាគី។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋនៅអង់ហ្គោឡាក៏បានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-អង់ហ្គោឡា (១៩៧៥-២០២៥)។

ជាមួយនឹងអត្ថន័យនោះ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋលើកនេះ មិនត្រឹមតែបញ្ជាក់ពីទំនាក់ទំនងដ៏ស្មោះត្រង់ និងជិតស្និទ្ធដែលបានបង្កើតឡើង និងពូនជ្រំក្នុងអំឡុងពេលនៃការតស៊ូរំដោះជាតិប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់វៀតណាម និងប្រទេសទាំងពីរផ្លាស់ប្តូរទិសដៅ និងវិធានការដើម្បីជំរុញទំនាក់ទំនងឡើងកម្រិតកំពស់ថ្មីមួយក្នុងទិសដៅជាក់ស្តែង ប្រសិទ្ធភាព និងនិរន្តរភាព បំពេញតម្រូវការអភិវឌ្ឍ និងការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានការណ៍របស់ប្រទេសនីមួយៗ។

ទីបី តាមរយៈដំណើរទស្សនកិច្ចនេះ វៀតណាមក៏បានផ្ញើទៅកាន់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិក មិត្តភ័ក្តិ និងដៃគូអន្តរជាតិនូវសារគោលនយោបាយអំពីវៀតណាមមួយដែលមានតួនាទី និងកិត្យានុភាពសំខាន់កាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ និងកំពុងឈានចូលយុគសម័យថ្មី។ ចាប់តាំងពីឆ្នាំ ២០២៤ វៀតណាមបានក្លាយជាអ្នកសង្កេតការណ៍របស់ AU។ កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមបានរួមចំណែកយ៉ាងសំខាន់ចំពោះចំណុចក្តៅជាច្រើននៅអាហ្រ្វិក ដូចជាស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយត្រូវបានទទួលការលើកសរសើរ និងវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិ ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជននៅប្រទេសសាមី។

អ្នកយកព័ត៌មាន៖ សូមលោកស្រីអនុរដ្ឋមន្ត្រី ឲ្យដឹងអំពីទំនាក់ទំនងមិត្តភាពប្រពៃណី វៀតណាម-អេហ្ស៊ីប វៀតណាម-អង់ហ្គោឡា និងការរំពឹងទុករបស់លោកស្រីអនុរដ្ឋមន្ត្រីសម្រាប់ដំណើរទស្សនកិច្ចនេះ?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រី៖ ក្រឡេកមើលទៅលើប្រវត្តិសាស្រ្តវិញ ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះអនាគតនៃទំនាក់ទំនងរបស់វៀតណាមជាមួយអេហ្ស៊ីប និងអង់ហ្គោឡា ក៏ដូចជាជាមួយមិត្តភ័ក្តិ និងដៃគូអាហ្វ្រិកនិយាយរួម។

វៀតណាម រួមជាមួយអេហ្ស៊ីប និងអង់ហ្គោឡា គឺជាប្រទេសដែលបានគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូរំដោះជាតិនាពេលកន្លងមក។

ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមជាមួយអេហ្ស៊ីប និងអង់ហ្គោឡា បាននិងកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើង។ វៀតណាមមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកនយោបាយ និងអាទិភាពគ្នាទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម អ្នកជំនាញ ពលកម្ម សុខាភិបាល និងអប់រំប៉ុណ្ណោះទេ វៀតណាមនិងអេហ្ស៊ីប និងអង់ហ្គោឡាក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគីពីអង្គការសហប្រជាជាតិដល់ក្រុម G77 និងចលនាមិនចូលបក្សសម្ព័ន្ធជាដើម។ល។

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនោះ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Luong Cuong ប្រធានរដ្ឋ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាមជាមួយប្រទេសទាំងពីរ។

ការធ្វើឱ្យស៊ីជម្រៅ ជំរុញ និងតម្លើងទំនាក់ទំនងនឹងបង្កើតក្របខណ្ឌថ្មីសម្រាប់វៀតណាម ជាមួយអេហ្ស៊ីប និងអង់ហ្គោឡា ពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត ចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាដូចជា៖ បរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល ថាមពល កសិកម្ម ការអប់រំ សុខាភិបាល ពលកម្ម ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ល។

ក្នុងបរិបទដែលវៀតណាមកំពុងជំរុញ និងលើកកំពស់ការទូតពហុភាគី ដំណើរទស្សនកិច្ចនេះនឹងរួមចំណែក ទទួលបានការគាំទ្រមិនត្រឹមតែពីអេហ្ស៊ីប និងអង់ហ្គោឡាប៉ុណ្ណោះទេ ថែមទាំងពីមិត្តអាហ្វ្រិកជួយវៀតណាមក្នុងការលើកកំពស់តួនាទីរបស់ខ្លួននៅអង្គការសហប្រជាជាតិ វេទិកាពហុភាគី ព្រមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសម្ព័ន្ធអារ៉ាប់ និង AU ទៀតផង។

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋក៏នឹងរួមចំណែកបំផុសចលនារដ្ឋាភិបាលនៃប្រទេសសាមី ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍អាណិកជនវៀតណាមនៅអេហ្ស៊ីប និងអង់ហ្គោឡា រក្សាស្ថិរភាពជីវភាពរស់នៅ រួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍរបស់ប្រទេសសាមីក៏ដូចជាទំនាក់ទំនងជាមួយវៀតណាម។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រីអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang