អ្នកយកព័ត៌មាន៖ នេះគឺជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកដំបូងរបស់ថ្នាក់ដឹកនាំវៀតណាមនៅសេណេហ្គាល់បន្ទាប់ពីរយៈពេលជាងមួយទសវត្សរ៍។ តើលោកអាចប្រាប់អំពីខ្លឹមសារ អត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះបានទេ?

លោក Tran Quoc Khanh៖ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាមនៅសេណេហ្គាល់ មានអត្ថន័យជាប្រវត្តិសាស្រ្ត។ នេះគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេលជិត ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះជារបត់មួយក្នុងទំនាក់ទំនងទ្វេភាគី។

ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងបង្កើតយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការថ្មី ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែងបន្ថែមទៀត។ ទន្ទឹមនឹងការបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដំណើរទស្សនកិច្ចនេះដែលមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា ក៏បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀតដូចជា ពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

leftcenterrightdel
លោក Tran Quoc Khanh ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូត មានការវាយតម្លៃយ៉ាងណាអំពីយថាទស្សន៍អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសទាំងពីរនាពេលខាងមុខ ទាំងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក៏ដូចជាលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ ឬកីឡា?

លោក Tran Quoc Khanh៖ ខ្ញុំវាយតម្លៃខ្ពស់ និងមានសុទិដ្ឋិនិយមចំពោះយថាទស្សន៍អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងសេណេហ្គាល់នាពេលខាងមុខ។ ក្នុងអំឡុងពេលត្រៀមរៀបចំសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរការលើកនេះ យើងបានកត់សម្គាល់ថា ទាំងសេណេហ្គាល់ និងវៀតណាមបានបង្ហាញពីចំណាប់អារម្មណ៍ពិសេស ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឡើងកម្រិតខ្ពស់ថ្មីមួយ។ នេះជាសញ្ញាវិជ្ជមានដែលបង្ហាញពីការឯកភាព និងការត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចលើកនេះដែលដឹកនាំដោយលោកប្រធានរដ្ឋសភា កិច្ចសហប្រតិបត្តិការសភានឹងត្រូវបានពង្រឹង និងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់បន្ថែមទៀត។ ទន្ទឹមនឹងនោះ វិស័យជាច្រើនដូចជា សេដ្ឋកិច្ច កីឡា កសិកម្ម និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានក៏ត្រូវបានជម្រុញផងដែរ។ យើងរំពឹងថាខ្លឹមសារសហប្រតិបត្តិការនឹងត្រូវបានបង្ហាញតាមរយៈកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។

អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃចំពោះលទ្ធភាពដែលវៀតណាមជាស្ពានជួយសេណេហ្គាល់ជ្រៀតចូលទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាលទ្ធភាពដែលសេណេហ្គាល់ជាច្រកទ្វារសម្រាប់វៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិកកាន់តែស៊ីជម្រៅយ៉ាងដូចម្ដេច?

លោក Tran Quoc Khanh៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសេណេហ្គាល់នៅវេទិកាពហុភាគីអន្តរជាតិដែលប្រទេសទាំងពីរជាសមាជិក ត្រូវបានចាត់ទុកជាខ្លឹមសារសំខាន់មួយ។ បច្ចុប្បន្ន វៀតណាមគឺជាសមាជិកសកម្មរបស់អាស៊ាន ជាតំបន់ដែលមានភាពស្វាហាប់ជាមួយនឹងកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ និងកាន់តែទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។

សេណេហ្គាល់ គឺជាប្រទេសមួយដែលមានតួនាទីសំខាន់នៅអាហ្វ្រិកខាងលិច។ នេះគឺជាខឿនសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស មានគោលនយោបាយពាណិជ្ជកម្មបើកចំហ និងជាសមាជិកស្ថាបនិកនៃសហភាពសេដ្ឋកិច្ច និងរូបិយវត្ថុអាហ្វ្រិកខាងលិច ដែលជាអង្គការដ៏មានឥទ្ធិពលនៅក្នុងសហគមន៍សេដ្ឋកិច្ចក្នុងតំបន់។

ខ្ញុំជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់ រួមជាមួយនឹងការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ វៀតណាម និងសេណេហ្គាល់ពិតជាក្លាយជាដៃគូសេដ្ឋកិច្ច និងមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពមិនត្រឹមតែលើកម្រិតទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនៅមហាអនុតំបន់ និងតំបន់ទៀតផង។

អ្នកយកព័ត៌មាន៖ តើលោកប្រាប់អំពីចំណុចសំខាន់ៗនៃសហគមន៍អាណិកជនវៀតណាមនៅក្នុងប្រទេសអាហ្វ្រិកខាងលិចនេះបានទេ ហើយរូបភាពនៃមនុស្សវៀតណាមក្នុងក្រសែភ្នែករបស់ប្រជាជនសេណេហ្គាល់យ៉ាងដូចម្ដេច?

លោក Tran Quoc Khanh៖ សហគមន៍ជនវៀតណាមនៅទីនេះបានរក្សាអត្តសញ្ញាណជាតិ។ ក្នុងជំនួបផ្លូវការជាមួយអាជ្ញាធរ​មូលដ្ឋាន ថ្នាក់ដឹកនាំសេណេហ្គាល់ជាច្រើនបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមថាជាក្រុមតូច ប៉ុន្តែឧស្សាហ៍ព្យាយាម និងរួបរួម។

ដូច្នេះហើយ ខ្ញុំជឿជាក់ថា សហគមន៍ជនវៀតណាម និងមិត្តសេណេហ្គាល់ ដែលស្រឡាញ់វប្បធម៌វៀតណាម នឹងបន្តជា “ស្ពាន” ដ៏រឹងមាំ ជំរុញជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីកាន់តែទូលំទូលាយ និរន្តរភាព និងស៊ីជម្រៅនាពេលអនាគត។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Thuy Anh