បង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន និងកិច្ចសហប្រតិបត្តិការវៀតណាម-ចិន
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងលោក Borge Brende ប្រធាន និងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី ១៦ នៃ WEF នៅទីក្រុង Tianjin និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៧ ខែមិថុនា។
កិច្ចប្រជុំ WEF Tianjin 2025 ដែលសហការរៀបចំដោយ WEF និងរដ្ឋាភិបាលចិន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំទីពីររបស់ WEF បន្ទាប់ពី WEF Davos។ នៅក្នុងបរិបទដែលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ពិភពលោកមានការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន នេះជាឱកាសមួយសម្រាប់ប្រទេសនានា ពិភាក្សាអំពីចក្ខុវិស័យ និងដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។
កិច្ចប្រជុំ WEF Tianjin 2025 នឹងពិភាក្សាអំពីប្រធានបទសំខាន់ៗចំនួនប្រាំ រួមទាំងការវិភាគសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើនិន្នាការកំណើនថ្មីនៅក្នុងបរិបទនៃការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច អតិផរណា និងខ្សែផ្គត់ផ្គង់មិនស្ថិតស្ថេរ។ ថ្នាក់ដឹកនាំ និងប្រតិភូទាំងឡាយនឹងពិភាក្សាអំពីយថាទស្សន៍របស់ប្រទេសចិន គំរូអភិវឌ្ឍន៍ដោយផ្អែកលើបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ឧស្សាហកម្មជំនាន់ថ្មី...
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំ WEF Tianjin 2025 និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិនក្នុងបរិបទដែលកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF អភិវឌ្ឍកាន់តែស៊ីជម្រៅ និងជាក់ស្ដែង។ ភាគីទាំងពីរកំពុងអនុវត្តយ៉ាងសកម្មនូវអនុស្សរណៈនៃការយោគយល់គ្នាវៀតណាម-WEF ស្តីពីកិច្ចសហប្រតិបត្តិការដំណាក់កាល ២០២៣-២០២៦។
ការដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ត្រូវបានអញ្ជើញចូលរួមសកម្មភាពនានារបស់ WEF ក្នុងរយៈពេលជាច្រើនឆ្នាំ មិនត្រឹមតែបង្ហាញពីការគោរពរបស់ WEF ចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការវាយតម្លៃខ្ពស់របស់ WEF ចំពោះតួនាទីរបស់វៀតណាមលើបញ្ហាសកល។ វៀតណាមតែងតែបង្ហាញពីភាពស្វាហាប់ លើកឡើងយ៉ាងសកម្មនូវគំនិតថ្មីៗ និងអនុវត្តផែនការសហប្រតិបត្តិការជាក់ស្តែង។
ទន្ទឹមនឹងនោះទំនាក់ទំនងវៀតណាម-ចិន កំពុងអភិវឌ្ឍយ៉ាងវិជ្ជមាន និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ការដែលភាគីទាំងពីរបន្តជម្រុញឲ្យស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតរួមវៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្ត្រ ព្រមទាំង តម្រង់ទិសយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគីតាមទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួន ៦ គឺ “៦ ជាង” បានរួមចំណែកលើកកម្ពស់ការជឿទុកចិត្តផ្នែកនយោបាយ ពង្រឹងមូលដ្ឋានគ្រឹះសង្គមប្រកបដោយរឹងមាំជាង ឆ្ពោះទៅរកស្ថិរភាព វិបុលភាពរួម និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការរបស់តំបន់ និងពិភពលោក។
ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ... សម្រេចបាននូវប្រសិទ្ធភាពប្រកបដោយនិរន្តរភាព បង្កើតកម្លាំងចលករដ៏សំខាន់សម្រាប់ភាគីទាំងពីរអនុវត្តវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការដូចជា នវានុវត្តន៍ សេដ្ឋកិច្ចឯកជន ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង ទីក្រុងឆ្លាតវៃ...។
ជំនួបទាំងឡាយរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៅកិច្ចប្រជុំ WEF Tianjin 2025 នឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង និងមានប្រសិទ្ធភាពរវាងវៀតណាម និង WEF ក៏ដូចជាបណ្តាខឿនសេដ្ឋកិច្ចធំៗ សាជីវកម្មសកល និងតំបន់ ពីនោះ កៀរគរធនធានដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេស ជាពិសេសនៅឆ្នាំ ២០២៥ ដែលជាឆ្នាំនៃការពន្លឿនល្បឿន និងការជំរុញការសម្រេចបានគោលដៅដែលលើកឡើងនៅក្នុងមហាសន្និបាតលើកទី១៣ របស់បក្ស។
នេះក៏ជាឱកាសសម្រាប់វៀតណាមបញ្ជាក់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួនចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងនោះ បង្ហាញពីការចូលរួមយ៉ាងសកម្ម និងការរួមចំណែករបស់វៀតណាមក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ហើយចែករំលែកទស្សនៈ ចក្ខុវិស័យ និងបទពិសោធន៍របស់វៀតណាម។ វៀតណាមក៏ចាត់ទុកថា នេះជាឱកាសផ្សព្វផ្សាយរូបភាព និងសមិទ្ធិផលនៃការអភិវឌ្ឍ បញ្ជាក់ពីការប្តេជ្ញាចិត្តរក្សាគោលដៅកំណើន ធានាបាននូវកំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាព។
ចំពោះទំនាក់ទំនងទ្វេភាគីវៀតណាម - ចិន ដំណើរទស្សនកិច្ចការងារលើកនេះធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី បង្កើតឱកាសថ្មីដើម្បីជំរុញការកសាងសហគមន៍ចែករំលែកអនាគតរួមវៀតណាម-ចិនដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ជំនួបនិងកិច្ចប្រជុំរវាងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន នឹងរួមចំណែកអនុវត្តការទស្សនៈរួមកម្រិតខ្ពស់ ប្រកបដោយប្រសិទ្ធភាព ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនឲ្យកាន់តែស៊ីជម្រៅ ហើយកំណត់អាទិភាពសហប្រតិបត្តិការនាពេលខាងមុខ។
ការចូលរួមកិច្ចប្រជុំ WEF Tianjin ឆ្នាំ 2025 និងដំណើរទស្សនកិច្ចការងារនៅប្រទេសចិនរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ត្រូវបានគេជឿជាក់ថានឹងរួមចំណែកអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន ព្រមទាំងលើកកម្ពស់តួនាទីរបស់វៀតណាមក្នុងយន្តការសហប្រតិបត្តិការពិភពលោក បើកឱកាសសហប្រតិបត្តិការជាក់ស្តែង ដើម្បីការអភិវឌ្ឍ វិបុលភាពរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី៕
បកប្រែដោយ Thuy Anh