បញ្ជូនសារអំពីប្រទេសវៀតណាមមួយដែលកំពុងរីកចម្រើនយ៉ាងខ្លាំង
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Lula da Silva ប្រធានាធិបតីសហព័ន្ធប្រេស៊ីល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ២០២៥ និងសកម្មភាពទ្វេភាគីមួយចំនួននៅប្រេស៊ីលចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែកក្កដា។
កិច្ចប្រជុំកំពូល BRICS បើកទូលាយឆ្នាំនេះ បានប្រព្រឹត្តទៅស្របពេលពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការចម្បង ប៉ុន្តែកំពុងប្រឈមមុខនឹងឧបសគ្គ និងការលំបាកជាច្រើន។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ និងជម្លោះក្នុងតំបន់នៅតែកើតឡើងក្នុងទម្រង់ផ្សេងៗ និងកាន់តែស្មុគស្មាញ។ សេដ្ឋកិច្ចពិភពលោកងើបឡើងវិញយឺត ដែលបង្កប់ហានិភ័យជាច្រើន។ បញ្ហាប្រឈមខាងសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី ជះឥទ្ធិពលលើសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍ។ ក្នុងបរិបទនោះ កិច្ចប្រជុំកំពូល BRICS លើកទី១៧ ក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូងដើម្បីអភិបាលកិច្ចបរិយាប័ន្ន និងនិរន្តរភាព” នឹងជាឱកាសសម្រាប់ភាគីនានាជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អភិបាលកិច្ចបញ្ញាសិប្បនិម្មិត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សុខភាព… តាមរយៈនោះ បញ្ជាក់ពីការសន្យាចំពោះពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មសកលស្របច្បាប់។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ មកដល់ប្រទេសប្រេស៊ីល ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នាខែវិច្ឆិកា ឆ្នាំ២០២៤ (រូបថត៖ baochinhphu.vn) |
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តបតាមការអញ្ជើញរបស់បណ្តាប្រទេសជាប្រធាន BRICS វៀតណាមបានបញ្ជូនតំណាងទៅចូលរួមសកម្មភាពមួយចំនួនក្នុងក្របខ័ណ្ឌ BRICS បើកទូលាយ។ ជាពិសេស ការចូលរួមរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូល BRICS បូកឆ្នាំ២០២៤ បានបង្ហាញពីស្មារតីវិជ្ជមាន សកម្ម និងទំនួលខុសត្រូវរបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងជាសាកល ហើយទទួលបានការវាយតម្លៃខ្ពស់ពីបណ្តាប្រទេស BRICS និងសហគមន៍អន្តរជាតិ។
នេះជាលើកដំបូងដែលវៀតណាមបានចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS បូកក្នុងនាមជាប្រទេសដៃគូរបស់ BRICS។ នេះជាសក្ខីភាពបញ្ជាក់កិត្យានុភាព និងតួនាទីកាន់តែសំខាន់របស់វៀតណាម ព្រមទាំងក៏ជាឱកាសសម្រាប់វៀតណាមបន្តបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវទំនាក់ទំនងបរទេស ភាពម្ចាស់ការ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងមានសកម្មភាពទ្វេភាគីមួយចំនួននៅប្រេស៊ីល ដែលជាប្រទេសដៃគូសំខាន់របស់វៀតណាមក្នុងតំបន់អាមេរិកឡាទីន។ នាពេលកន្លងមកនេះ ទំនាក់ទំនងវៀតណាម-ប្រេស៊ីលមានការអភិវឌ្ឍជាវិជ្ជមាន។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមាននិន្នាការកើនឡើង ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៤ សម្រេចបាន ៧.៩៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១២.២% បើធៀបនឹងឆ្នាំ២០២៣។ ភាគីទាំងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី។
ដោយមានតួនាទីសំខាន់ៗនៅក្នុងតំបន់អាស៊ាន និងអាមេរិកខាងត្បូង វៀតណាម និងប្រេស៊ីលកំពុងមានកាលានុវត្តភាពដ៏ធំធេងដើម្បីជម្រុញទំនាក់ទំនងទ្វេភាគី ដើម្បីការអភិវឌ្ឍ វិបុលភាព និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ទាំងពីរ និងលើពិភពលោក។
តាមរយៈការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងចែករំលែកទិសដៅសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតកំពស់ថ្មីនាពេលខាងមុខ។ យើងជឿជាក់យ៉ាងមុតមាំថា ដំណើរបំពេញទស្សនកិច្ចលើកនេះរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងទទួលបានជោគជ័យ ចូលរួមចំណែកជម្រុញឲ្យទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូសំខាន់ៗ កាន់តែស៊ីជម្រៅ លើកកម្ពស់សតួនាទី និងការទទួលខុសត្រូវរបស់វៀតណាមក្នុងយន្តការពហុភាគី។ ទន្ទឹមនឹងនោះ បញ្ជូនសារដ៏រឹងមាំអំពីប្រទេសវៀតណាមកំពុងឈានចូលយុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខ និងប្រទេសវៀតណាមប្រកបដោយភាពស្វាហាប់ នវានុវត្តន៍ និងជាគោលដៅឈានមុខគេសម្រាប់វិនិយោគិនអន្តរជាតិ៕
បកប្រែដោយ Thuy Anh