មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានតម្លើងការព្យាករណ៍សម្រាប់កំណើន GDP របស់ប្រទេសឥណ្ឌាឡើង ៦.៧% នៅឆ្នាំ២០២៥ ក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពយថាទស្សន៍សេដ្ឋកិច្ចពិភពលោក ខណៈដែលអតិផរណាបានធ្លាក់ចុះដល់កម្រិតត្រឹម ២.១%។ ប្រជាជនឥណ្ឌា ៩០០ លាននាក់ទទួលបានជំនួយសុខុមាលភាពសង្គាម ហើយកម្មវិធីធានារ៉ាប់រងសុខភាពរបស់ឥណ្ឌា ត្រូវបានផ្ដល់ដល់ប្រជាជនឥណ្ឌា ៥៨០ លាននាក់។

ចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឥណ្ឌា-វៀតណាម លោក Sandeep Arya បានអបអរសាទរចំពោះវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង ការបង្រួបបង្រួមប្រទេសជាតិ និងខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិទី២ ខែកញ្ញា។

លោកឯកអគ្គរដ្ឋទូតបានសរសេរថា “ខ្ញុំវាយតម្លៃខ្ពស់ចំពោះដំណើរអភិវឌ្ឍន៍ កំណើនគួរឲ្យចាប់អារម្មណ៍ និងផ្លូវអភិវឌ្ឍន៍របស់វៀតណាម”។

leftcenterrightdel
លោក Sandeep Arya ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាម (រូបថត៖ vnanet.vn)

លោក Sandeep Arya មានបំណងថា ទំនាក់ទំនងភាពជាដៃគូប្រកបដោយនិរន្តរភាពក្នុងរយៈពេលជាង ៧ ទសវត្សរ៍រវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លា រួមចំណែកដល់គោលដៅអនាគតរបស់ប្រទេសទាំងពីរ។ លោក Sandeep Arya បានសង្កត់ធ្ងន់ថា ប្រជាជនគឺជាមជ្ឈភាពនៃទំនាក់ទំនងមិត្តភាពឥណ្ឌា-វៀតណាម។ ឆ្នាំនេះគឺជាឆ្នាំពិសេសមួយសម្រាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនត្រូវបានពង្រីកតាមរយៈការផ្ដល់អាហារូបករណ៍ជាង ២០០ សម្រាប់ការអប់រំ និងបណ្តុះបណ្តាលនៅប្រទេសឥណ្ឌា។ ដំណាក់កាលទី២ នៃគម្រោងជួសជុលតំបន់បេតិកភណ្ឌពិភពលោក My Son កំពុងបានដំណើរការ។ កំណត់ត្រាថ្មីក៏ត្រូវបានបង្កើតក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ (ប្រជាជនឥណ្ឌាជាង ៥០០,០០០ នាក់ និងប្រជាជនវៀតណាមជាង ៥៤,០០០ នាក់បានទៅទស្សនាប្រទេសទាំងពីរនៅឆ្នាំ ២០២៤)។ ទីក្រុងចំនួន ៧ របស់ឥណ្ឌាមានជើងហោះហើរត្រង់ទៅកាន់ទីក្រុងចំនួន៣ របស់វៀតណាម ការផ្លាស់ប្តូរនៃក្រុមសិល្បៈនៃភាគីទាំងពីរ និងសកម្មភាពជាច្រើនទៀតប្រព្រឹត្តទៅជាប្រចាំ។ល។

ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងអាជីវកម្មក៏កំពុងរីកចម្រើនផងដែរ ដោយទំហំពាណិជ្ជកម្មប្រចាំឆ្នាំលើសពី ១៥ ពាន់លានដុល្លារអាមេរិក។ បណ្ដាធុរកិច្ចឥណ្ឌាកំពុងបង្កើនការវិនិយោគនៅវៀតណាម ហើយគម្រោងថ្មីៗត្រូវបានជម្រុញដោយឥតឈប់ឈរ។ ការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌាដែលចុះហត្ថលេខានៅឆ្នាំ២០០៩ ត្រូវបានអនុវត្ត ឆ្ពោះទៅរកយន្តការបង្កើតលក្ខណៈងាយស្រួលជាងមុនសម្រាប់ការជម្រុញពាណិជ្ជកម្ម។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ គឺជាផ្នែកសំខាន់មួយទៀតនៃទំនាក់ទំនងទ្វេភាគី។ សកម្មភាពបណ្ដុះបណ្ដាល កិច្ចសន្ទនារវាងនាយទាហានក្នុងកងទ័ព កិច្ចសន្ទនាគោលនយោបាយ និងគម្រោងកិច្ចសហប្រតិបត្តិការ ... កំពុងពូនជ្រំទំនាក់ទំនងការពារជាតិ។ កិច្ចសន្ទនាសន្តិសុខប្រចាំឆ្នាំកាលពីប្រាំបីខែមុន បានកំណត់វិស័យថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខនៃប្រទេសទាំងពីរ។

ផែនការសកម្មភាពសម្រាប់ការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ដំណាក់កាល ២០២៤-២០២៨ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសទាំងពីរនៅឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌារបស់លោកនាយករដ្ឋមន្ត្រីវៀតណាម បានតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ នៅខែកញ្ញា ឆ្នាំ២០២៤ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា និងលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រទេសទាំងពីរកំពុងស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ហើយបច្ចេកវិទ្យា និងកម្មវិធីឌីជីថល គឺជាវិស័យអាទិភាពថ្មីរវាងប្រទេសទាំងពីរ។

កិច្ចសហការក្នុងអង្គការអន្តរជាតិ ក៏ដូចជាបញ្ហាសកល និងតំបន់ គឺជាទិដ្ឋភាពមួយទៀតនៃទំនាក់ទំនងភាពជាដៃគូឥណ្ឌា-វៀតណាម។ ប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើស្ថានភាពអន្តរជាតិ និងមានគោលជំហរស្រដៀងគ្នាលើបញ្ហាជាច្រើន រួមទាំងអាទិភាពនៃបណ្ដាប្រទេសភាគខាងត្បូងផងដែរ។

ជាមួយនឹងសមិទ្ធិផលពោលខាងលើ លោក Sandeep Arya បានសម្តែងនូវជំនឿថា ការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឥណ្ឌា-វៀតណាម នឹងលើកកំពស់ឡើងកម្រិតកំពូលថ្មីក្នុងប៉ុន្មានឆ្នាំខាងមុខ៕

បកប្រែដោយ Thuy Anh