អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូតលើកឡើងពីខ្លឹមសារ​ និងអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតលើកនេះ? តើចំណុចលេចធ្លោអ្វីរបស់សកម្មភាព និងខ្លឹមសារការងាររបស់លោកនាយករដ្ឋមន្ត្រីនៅអារ៉ាប៊ីសាអូឌីត?

លោកឯកអគ្គរដ្ឋទូត Dang Xuan Dung៖ ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើឡើងក្នុងអំឡុងពេលពិសេស ព្រោះខែតុលា ស្របពេលខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីវៀតណាម - អារ៉ាប៊ីសាអូឌីត។ នេះក៏ជាដំណើរទស្សនកិច្ចលើកទីពីររបស់ប្រមុខរដ្ឋាភិបាលវៀតណាមទៅកាន់អារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ១២ ខែ។ ប្រការនេះបង្ហាញពីចំណាប់អារម្មណ៍ពិសេសរបស់លោកនាយករដ្ឋមន្ត្រីក្នុងការពង្រឹងទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតនិយាយដោយឡែក និងបណ្តាប្រទេសក្នុងតំបន់និយាយរួម ព្រមទាំងឆ្លុះបញ្ចាំងពីបំណងប្រាថ្នា និងការរំពឹងទុករបស់ភាគីមិត្ដក្នុងទំនាក់ទំនងសហប្រតិបត្ដិការជាមួយវៀតណាម។ ខ្ញុំគិតថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី គឺជាសញ្ញាសម្គាល់ថ្មីដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ហើយពិតជានឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។

leftcenterrightdel
លោក Dang Xuan Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត (រូបថត៖ vnanet.vn)

សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងដំណើរទស្សនកិច្ចលើកនេះ ផ្តោតលើទិសដៅ និងវិធានការដើម្បីជំរុញការវិនិយោគ សេដ្ឋកិច្ច ការងារ... រវាងប្រទេសទាំងពីរ។ សកម្មភាពសំខាន់មួយក្នុងចំណោមសកម្មភាពសំខាន់ៗរបស់លោកនាយករដ្ឋមន្ត្រីនៅអារ៉ាប៊ីសាអូឌីតគឺចូលរួមនិងថ្លែងសុន្ទរក​ថានៅសន្និសីទលើកទី៨ ស្តីពីការគំនិតផ្តួចផ្តើមវិនិយោគទៅអនាគតស្ដីពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគរវាងវៀតណាម និងតំបន់មជ្ឈិមបូព៌ា។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរគ្រោងនឹងពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមមាន សេដ្ឋកិច្ច-ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការការងារ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគម  សឺម៉ីកុងឌុចទ័រ បញ្ញាសិប្បនិមិត្ត (AI) ការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន វប្បធម៌ ទេសចរណ៍...

អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងដូចម្ដេចចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអារ៉ាប៊ីសាអូឌីតលើគ្រប់វិស័យ?

លោកឯកអគ្គរដ្ឋទូត Dang Xuan Dung៖ ខ្ញុំមានការរំពឹងទុកយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម និងអារ៉ាប៊ីសាអូឌីតនាពេលអនាគត។ កិច្ចព្រមព្រៀងជាក់លាក់ដែលបាននិងកំពុងសម្រេចបាននឹងជំរុញការនាំចេញកសិផល ជលផល ស្បៀងអាហារ សម្លៀកបំពាក់ គ្រឿងសង្ហារិម និងសិប្បកម្មវិចិត្រសិល្បៈទៅកាន់ទីផ្សារ។ អាជីវកម្មវៀតណាមបានយកចិត្ដទុកដាក់ក្នុងការស្វែងរកដៃគូដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារអារ៉ាប៊ីសាអូឌីត។ អាជីវកម្មជាច្រើនក៏បានទៅផ្សព្វផ្សាយ ណែនាំផលិតផល និងចូលរួមពិព័រណ៍អន្តរជាតិ... នៅប្រទេសសាមី ដើម្បីឲ្យទំនិញវៀតណាមជ្រៀតចូលទីផ្សារដ៏មានសក្តានុពល​​នេះ។

អ្នកយកព័ត៌មាន៖ តើប្រទេសទាំងពីរគួរតែជំរុញយន្តការសហប្រតិបត្តិការជាក់លាក់អ្វីខ្លះ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី?

លោកឯកអគ្គរដ្ឋទូត Dang Xuan Dung៖ បច្ចុប្បន្ន វៀតណាមនិងអារ៉ាប៊ីសាអូឌីត បានមានយន្តការសហប្រតិបត្តិការដើម្បីពិនិត្យឡើងវិញ និងជំរុញទំនាក់ទំនងទ្វេភាគីដូចជា គណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ នាពេលថ្មីៗនេះ យន្តការទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យកិច្ចសហប្រតិបត្តិការដូចជា នយោបាយ-ការបរទេស ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកទេស និងទេសចរណ៍…។

ក្រៅពីកិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នាដែលមានស្រាប់ វៀតណាមនិងអារ៉ាប៊ីសាអូឌីតបាននិងកំពុងបន្តសុក្រិត និងពង្រឹងយន្តការសហប្រតិបត្តិការ កិច្ចព្រមព្រៀងនិងអនុស្សរណៈនៃការយោគយល់គ្នានៅថ្នាក់រដ្ឋាភិបាល ក៏ដូចជាថ្នាក់ក្រសួង ស្ថាប័នដើម្បីកែលម្អបន្ថែមទៀតនូវក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងទ្វេភាគី បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់មូលដ្ឋាន និងអាជីវកម្មក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអារ៉ាប៊ីសាអូឌីត។

បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមគឺជាសហប្រធាននៃគណៈកម្មាធិការចម្រុះទ្វេភាគី ដូច្នេះក្រសួងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យនេះ ហើយក្នុងពេលជាមួយគ្នានេះ ត្រួតពិនិត្យការអនុវត្តវិធានការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្មហាឡាលនៅវៀតណាម ដោយយោងតាមគម្រោង “ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីកសាង និងអភិវឌ្ឍន៍ឧស្សាហកម្មហាឡាលនៅវៀតណាមដល់ឆ្នាំ ២០៣០”។ ប៉ុន្ដែ ខ្ញុំគិតថា ដើម្បីអាចពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក្រៅពីយន្តការដែលមានស្រាប់ យើងគួរតែពិចារណាបង្កើតយន្តការសហប្រតិបត្តិការផ្សេងទៀតដូចជា បង្កើតក្រុមប្រឹក្សាធុរកិច្ចវៀតណាម-អារ៉ាប៊ីសាអូឌីត ដើម្បីអង្គភាពអាជីវកម្មនៃភាគីទាំងពីរតភ្ជាប់ដោយផ្ទាល់ និងស្វែងយល់អំពីឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការ។

ខ្ញុំជឿជាក់ថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការក្នុងការវិនិយោគនិងពាណិជ្ជកម្មរវាងវៀតណាម និងអារ៉ាប៊ីសាអូឌីតនឹងមានការអភិវឌ្ឍគួរកត់សម្គាល់ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់អាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep