អ្នកសារព័ត៌មាន៖ សូមអនុរដ្ឋមន្ត្រីឲ្យដឹងពីគោលបំណង អត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ?

លោក Do Hung Viet៖ ក្រោមប្រធានបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ការផ្លាស់ប្តូរយោបល់របស់ថ្នាក់ដឹកនាំអាស៊ានក្នុងឱកាសចូលរួមបណ្ដាសកម្មភាពជាន់ខ្ពស់នៅប្រទេសឡាវនឹងផ្តោតលើបញ្ហាយុទ្ធសាស្ត្រ ជិតស្និទ្ធជាមួយអាស៊ាននិងតំបន់ ការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនិងស៊ីជម្រៅ ការចាប់យកកាលានុវត្តភាព និងជំនះបញ្ហាប្រឈម។ ព្រឹត្តិការណ៍នេះមានសារៈសំខាន់ជាពិសេសនៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់មានការវិវត្តន៍កាន់តែស្មុគស្មាញ។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធាន SOM ASEAN វៀតណាម (រូបថត៖ vnanet.vn)

ក្នុងស្មារតីរួមវិភាគទាន និងខិតខំប្រឹងប្រែងដើម្បីជោគជ័យរួម គណៈប្រតិភូវៀតណាមដែលដឹកនាំដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមកិច្ចប្រជុំទាំងនេះ ក្នុងគោលបំណងបញ្ជូនសារសំខាន់ៗជាច្រើនអំពីអាស៊ាន និងអនាគតរបស់អាស៊ាន។

ទីមួយ តម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ ក្នុងបំណងប្រឈមមុខនឹងនិន្នាការដែលកំពុងលេចឡើង អាស៊ានបានធ្វើជាម្ចាស់ការក្នុងការទាញយកអត្ថប្រយោជន៍ពីកត្តាជំរុញកំណើនថ្មី។ កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន កិច្ចព្រមព្រៀងក្របខណ្ឌបណ្តាញអគ្គិសនីអាស៊ាន កិច្ចសហប្រតិបត្តិការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់... ត្រូវបានយកមកពិភាក្សា។ ការតំរង់ទិសដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលតាមនិន្នាការបៃតង-ឌីជីថល-និរន្តរភាព នឹងជាអាទិភាពកំពូលនៃអាស៊ាន និងរវាងអាស៊ាន ជាមួយដៃគូនានា។

ទីពីរ កំណត់អនាគតអាស៊ាន។ ប្រឈមមុខនឹងការផ្លាស់ប្ដូរយ៉ាងលឿន ទូលំទូលាយ និងស៊ីជម្រៅនៃសម័យកាល យុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីរបស់អាស៊ាន ត្រូវបានគេរំពឹងថានឹងបង្កើនកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់នៅក្នុងតំបន់តាមទិសដៅផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងធ្វើសកម្មភាព ដើម្បីទាញយកប្រយោជន៍ពីឱកាស ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរទាំងអស់ លើកកម្ពស់តួនាទីឈានមុខ ក្នុងដំណើរការសហប្រតិបត្តិការក្នុងតំបន់ សំដៅនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន ធុរកិច្ច និងមូលដ្ឋាន។

ទី៣ កំណត់តួនាទីអាស៊ាន។ ជាមួយនឹងសមិទ្ធិផលដែលសម្រេចបានក្រោយរយៈពេលជិត ៦ ទស្សវត្សរ៍ អាស៊ានមានសមត្ថភាពក្នុងការចូលរួម និងរួមចំណែកកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងបញ្ហាពិភពលោក។

អ្នកយកព័ត៌មាន៖ តើវៀតណាមបានរួមចំណែកអ្វីខ្លះដល់កិច្ចសហប្រតិបត្តិការអាស៊ាននាពេលថ្មីៗនេះ និងជួយគាំទ្រដល់ប្រទេសឡាវដែលជាប្រធានអាស៊ានឆ្នាំ២០២៤ ដើម្បីរៀបចំកិច្ចប្រជុំកំពូលនេះយ៉ាងដូចម្តេច?

លោក Do Hung Viet៖ បន្ទាប់ពីជិត ៣ ទស្សវត្សរ៍នៃការចូលរួមក្នុងអាស៊ាន វៀតណាមបានបញ្ជាក់ថា ជាសមាជិកដែលមានទំនួលខុសត្រូវ ដោយមានតួនាទី និងសំឡេង ត្រូវបានលើកកម្ពស់ពីថ្ងៃទៅមួយថ្ងៃ។ ដោយអនុវត្តគោលនយោបាយការបរទេសរបស់បក្ស វៀតណាមបន្តចូលរួមអាស៊ានក្នុងស្មារតីរួមចំណែកកាន់តែច្រើន និងសកម្មជាងមុនក្នុងការងាររួម។ វៀតណាមបានសហការយ៉ាងជិតស្និទ្ធ និងជួយគាំទ្រប្រទេសឡាវ ទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ទីមួយ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវអាទិភាពដែលលើកឡើងដោយប្រទេសឡាវ។ អាចនិយាយបានថា វិស័យអាទិភាពទាំង ៩ ដែលប្រទេសឡាវកំណត់សម្រាប់ឆ្នាំ ២០២៤ គឺស្របនឹងការយកចិត្តទុកដាក់រួមរបស់អាស៊ាន និងតំបន់ ចាប់ពីការកសាងយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលថ្មី ការពង្រឹងតួនាទីមជ្ឈភាពនៃអាស៊ាន ការតភ្ជាប់សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងវប្បធម៌... ក្នុងជំនួប និងការផ្លាស់ប្តូរនៅគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំវៀតណាមបានអះអាងនូវការគាំទ្រ និងការជម្រុញប្រកបដោយជោគជ័យនូវអាទិភាពដែលបានលើកឡើង។

ទី២ វៀតណាមជាមួយប្រទេសដទៃខិតខំប្រឹងប្រែងសម្រេចផែនការមេសម្រាប់ឆ្នាំ២០២៥ និងកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការរហូតដល់ឆ្នាំ២០៤៥។ ក្នុងដំណើរការនេះ វៀតណាមមិនត្រឹមតែបំពេញការងារក្នុងស្មារតីទំនួលខុសត្រូវរបស់សមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគំនិត និងសំណើជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់ទៀតផង។ នាពេលខាងមុខ វៀតណាមនឹងរៀបចំការពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីការពិនិត្យឡើងវិញនូវផែនការមេនៃសហគមន៍អាស៊ានឆ្នាំ២០២៥ និងទិសដៅឆ្ពោះទៅឆ្នាំ២០៤៥ ក្នុងបំណងវាយតម្លៃ និងដកបទពិសោធន៍ សម្រាប់ដំណាក់កាលបន្ទាប់។

ទីបី វៀតណាមសហការជាមួយប្រទេសដទៃទៀត ដើម្បីពង្រឹងសាមគ្គីភាព និងឯកភាពក្នុងអាស៊ានក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ វៀតណាមបានពង្រីកប្រកបដោយជោគជ័យនូវតួនាទីជាស្ពានមួយក្នុងការផ្សះផ្សាភាពខុសគ្នារវាងប្រទេសនានា រួមចំណែកកសាង និងពង្រឹងឯកភាពក្នុងអាស៊ានលើបញ្ហាសំខាន់ៗជាច្រើន តាមរយៈនោះ រួមចំណែកដល់ជោគជ័យរួម។ នេះក៏ជាបាវចនារបស់វៀតណាមក្នុងកិច្ចប្រជុំកំពូលអាស៊ានទាំងនេះផងដែរ។ វៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់ប្រទេសឡាវ កិច្ចប្រជុំនានានឹងទទួលបានជោគជ័យ ដោយបន្តបញ្ជាក់ពីតួនាទីរបស់អាស៊ាននៅក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកសហគមន៍អាស៊ានដែលតភ្ជាប់ និងមានភាពខ្លួនទីពឹងខ្លួនជាងមុន។

អ្នកសារព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Thuy Anh