កិច្ចប្រជុំឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់បន្តផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបាន និងមានការកើនឡើងនៃអស្ថិរភាព កំណើនសេដ្ឋកិច្ចពិភពលោកមានការកើនឡើងមិនស្មើគ្នា ជម្លោះភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីបន្តមានឥទ្ធិពលខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍។ល។

BRICS ត្រូវបានបង្កើតឡើងនៅថ្នាក់រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ២០០៦ រួមមានការចូលរួមពីប្រទេសចំនួន៤ គឺប្រទេសរុស្ស៊ី ប្រទេសចិន ប្រទេសឥណ្ឌា និងប្រទេសប្រេស៊ីល ហើយអភិវឌ្ឍឡើងកម្រិតនៃកិច្ចប្រជុំកំពូលនៅឆ្នាំ២០០៩ និងអនុម័តឲ្យអាហ្រ្វិកខាងត្បូងក្លាយជាសមាជិកនៅឆ្នាំ២០១០។ ក្នុងរយៈពេលជិតពីរទសវត្សរ៍ចាប់តាំងពីការបង្កើត BRICS បានបង្ហាញពីការទាក់ទាញខ្លាំងរបស់ខ្លួន នៅពេលប្រកាសការចូលរួមរបស់សមាជិកចំនួន ៤ បន្ថែមទៀត៖ អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម (UAE) ក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនោះ ប្រទេសជាច្រើនជុំវិញពិភពលោកបន្តបង្ហាញចំណាប់អារម្មណ៍ និងបំណងចង់ចូលរួមក្នុងប្លុកនេះ។

គោលដៅដំបូងរបស់ BRICS គឺជំរុញកិច្ចសហប្រតិបត្តិការគោលនយោបាយរវាងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ ប៉ុន្តែ ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែកាចសាហាវរវាងប្រទេសធំៗនាពេលថ្មីៗនេះ BRICS បានក្លាយជាប្លុកប្រមូលកម្លាំងដែលមានតួនាទី និងសំឡេងកាន់តែខ្លាំង ដោយជំរុញការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ។

កិច្ចប្រជុំមេដឹកនាំ BRICS បូក ឆ្នាំ២០២៤ មានការចូលរួមពីមេដឹកនាំនៃប្រទេសជាង៣០ រួមជាមួយនឹងភ្ញៀវជាច្រើនដែលជាតំណាងនៃអង្គការអន្តរជាតិ។ កិច្ចប្រជុំនេះជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល BRICS លើកទី១៦។ ក្រោមប្រធានបទ "BRICS ជាមួយប្រទេស “សកលខាងត្បូង”៖ កសាងពិភពលោកឲ្យកាន់តែប្រសើរជាង" កិច្ចប្រជុំលើកនេះនឹងផ្តោតលើការពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាង BRICS ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងប្រព័ន្ធអភិបាលអន្តរជាតិឲ្យមានតុល្យភាព និងយុត្តិធម៌ជាងមុន។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តបតាមការអញ្ជើញរបស់បណ្តាប្រទេសជាប្រធាន BRICS វៀតណាមបានបញ្ជូនតំណាងទៅចូលរួមសកម្មភាពមួយចំនួនក្នុងក្របខ័ណ្ឌ BRICS បូក។ ការចូលរួមរបស់វៀតណាមក្នុងកិច្ចប្រជុំមេដឹកនាំ BRICS បូក ឆ្នាំ២០២៤ តាមការអញ្ជើញរបស់ប្រទេសជាប្រធាន BRICS បង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសសមាជិក BRICS ចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងនៅលើពិភពលោក។ នេះជាឱកាសសម្រាប់វៀតណាមបន្តអនុវត្តយ៉ាងខ្លាំងក្លានូវគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី១៣ របស់បក្ស៖ ឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម ធ្វើពិពិធកម្មទំនាក់ទំនងការទូត និងបញ្ជូនសារអំពីវៀតណាមអភិវឌ្ឍន៍ ស្វាហាប់ ផ្លាស់ប្តូរថ្មី កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួនដែលផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។ វៀតណាមគាំទ្រតួនាទីនៃវេទិកា និងយន្តការសហប្រតិបត្តិការពហុភាគី រួមទាំង BRICS ដែលឈរលើមូលដ្ឋានគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ស្របតាមច្បាប់អន្តរជាតិ លើកកំពស់សម្លេងនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអភិបាលកិច្ចសកល ព្រមទាំងដោះស្រាយបញ្ហាប្រឈមរួម រួមចំណែកកសាងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល និងយុត្តិធម៌ រួមវិភាគទានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ និងពិភពលោកទាំងមូល។

យើងជឿជាក់ថា ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំមេដឹកនាំ BRICS បូក របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទទួលបានជោគជ័យ បន្តជម្រុញទំនាក់ទំនងការបរទេសរវាងវៀតណាមជាមួយបណ្ដាប្រទេសសមាជិក BRICS និងដៃគូនានា ឲ្យអភិវឌ្ឍកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ព្រមទាំង បើកឱកាសទាក់ទាញធនធានអន្តរជាតិ ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ៕

បកប្រែដោយ Thuy Anh