ជម្រុញទំនាក់ទំនងរវាងវៀតណាមជាមួយ UAE កាតា និងអារ៉ាប៊ីសាអូឌីតឡើងកំពស់ថ្មី
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Mohammed bin Zayed Al Nahyan ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនិងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស UAE ប្រទេសកាតា ចូលរួមសន្និសីទគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើកទី៨ និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅ UAE និងកាតាបន្ទាប់ពីរយៈពេល ១៥ ឆ្នាំ និងជាដំណើរទស្សនកិច្ចលើកទីពីរក្នុងរយៈពេលមួយឆ្នាំរបស់ប្រមុខរដ្ឋាភិបាលវៀតណាមនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នាពេលថ្មីៗនេះ លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប្រទេសទាំងបីនៅតំបន់មជ្ឈិមបូព៌ា នឹងរួមចំណែកអនុវត្តគោលនយោបាយការបរទេសរបស់បក្ស និងគម្រោង “អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសមជ្ឈិមបូព៌ា-អាហ្វ្រិក ដំណាក់កាល ២០១៦-២០២៥” បង្ហាញពីការគោរព និងបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយដៃគូសំខាន់ៗនៅតំបន់មជ្ឈិមបូព៌ា បើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយ UAE កាតា និងអារ៉ាប៊ីសាអូឌីត។
|
|
លោក Pham Minh Chinh ជួបពិភាក្សាជាមួយព្រះព្រះរាជទាយាទ Mohammed bin Salman នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-GCC (រូបថត៖ VOV) |
ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងទាក់ទាញការវិនិយោគពីប្រទេសទាំងបីមកវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មី និងបង្កើតឱកាសសម្រាប់ទំនិញនិងសេវាកម្មរបស់វៀតណាមចូលទៅកាន់ទីផ្សារឈូងសមុទ្រដែលមានសក្តានុពល។ UAE កាតា និងអារ៉ាប៊ីសាអូឌីត គឺជាមហាអំណាចសេដ្ឋកិច្ច និងថាមពលនៅតំបន់មជ្ឈិមបូព៌ា ហើយមានស្ថានភាពនយោបាយសង្គមស្ថិរភាព មានតួនាទី និងឥទ្ធិពលសំខាន់នៅក្នុងតំបន់។ UAE គឺជាប្រទេសដែលមានមូលនិធិវិនិយោគ FDI ច្រើនជាងគេនៅលើពិភពលោក។ កាតាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗខ្ពស់បំផុតនៅលើពិភពលោក និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្មឈានមុខគេនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ធំបំផុតរបស់ពិភពលោកផងដែរ។ អារ៉ាប៊ីសាអូឌីត ជាប្រទេសមានឥទ្ធិពលដ៏សំខាន់មួយនៅក្នុងពិភពឥស្លាម បណ្តាប្រទេសអារ៉ាប់ និងអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ព្រមទាំងជាប្រទេសនាំមុខគេលើការនាំចេញប្រេង។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ UAE បានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ "ឆ្ពោះទៅភាគខាងកើត" ដោយយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ី រួមទាំងវៀតណាមផងដែរ។ កាតាកំពុងជម្រុញគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានហេដ្ឋារចនាសម្ព័ន្ធសង្គមជឿនលឿន និងជីវភាពរស់នៅមានគុណភាពខ្ពស់ តាមរយៈការអនុវត្តគោលនយោបាយសំខាន់ៗចំនួនបួនស្ដីពីបញ្ហាសេដ្ឋកិច្ច សង្គម មនុស្ស និងបរិស្ថាន ហើយជម្រុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ធ្វើឲ្យកាតាក្លាយជាគោលដៅសំខាន់សម្រាប់អ្នកវិនិយោគ។ អារ៉ាប៊ីសាអូឌីតកំពុងផ្តោតលើការវិនិយោគនៅក្នុងសេដ្ឋកិច្ចបៃតង ការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងមានតម្រូវការខ្ពស់សម្រាប់អ្នកជំនាញក្នុងវិស័យនេះ។
គេអាចមើលឃើញថា វៀតណាម និង UAE កាតា អារ៉ាប៊ីសាអូឌីត មានភាពស្រដៀងគ្នាជាច្រើនក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាការចែករំលែកចក្ខុវិស័យវិស័យរួមនៃគោលដៅអភិវឌ្ឍន៍។ វៀតណាម និងប្រទេសទាំងបីមានសក្ដានុពលជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ជាពិសេស វៀតណាមបានចេញផ្សាយគម្រោង “ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាង និងអភិវឌ្ឍន៍វិស័យហាឡាល់វៀតណាមដល់ឆ្នាំ ២០៣០” ដើម្បីបើកទីផ្សារហាឡាល បង្កើតឱកាសសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា - អាហ្រ្វិក ក្នុងនោះ UAE កាតា និងអារ៉ាប៊ីសាអូឌីតគឺជាដៃគូ និងទីផ្សារអាទិភាពរបស់វៀតណាមសម្រាប់ហាឡាល។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងវៀតណាមនិងប្រទេសទាំងបីកំពុងអភិវឌ្ឍល្អ។ UAE គឺជាប្រទេសដំបូងគេនៅក្នុងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិក ដែលវៀតណាមបានពិភាក្សាអំពីការបង្កើនទំនាក់ទំនងឡើងកម្រិតថ្មីមួយ។ UAE ក៏ជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិកផងដែរ។ កាលពីខែមិថុនាឆ្នាំមុន ប្រទេសទាំងពីរបានចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)។
ទំនាក់ទំនងវៀតណាម-កាតាក៏សម្រេចបានការអភិវឌ្ឍជាវិជ្ជមានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ ជាពិសេស សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកាតានៅឆ្នាំ២០២៣ បានបង្កើតកម្លាំងចលករ និងបើកទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យនយោបាយ-ការបរទេស ការវិនិយោគ ពាណិជ្ជកម្ម ប្រេង និងឧស្ម័ន ហាឡាល។ល។
ទំនាក់ទំនងវៀតណាម-អារ៉ាប៊ីសាអូឌីតត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរលើវិស័យជាច្រើនក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៩៩។ ក្នុងវិស័យនយោបាយ-ការបរទេស ប្រទេសទាំងពីរបានកសាងទំនាក់ទំនងជឿទុកចិត្ត និងក្លាយជាដៃគូឈានមុខរបស់គ្នាទៅវិញទៅមកក្នុងតំបន់។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មត្រូវបានចាត់ទុកជាចំណុចភ្លឺក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ធុរកិច្ចអារ៉ាប៊ីសាអូឌីតជាច្រើនមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ខណៈដែលមូលនិធិវិនិយោគធំៗរបស់អារ៉ាប៊ីសាអូឌីតបាននិងកំពុងអនុវត្តគម្រោងវិនិយោគជាច្រើននៅប្រទេសវៀតណាមក្នុងវិស័យអចលនទ្រព្យ ថាមពល និងដែកថែប។
ដោយមានមូលដ្ឋានរឹងមាំដែលត្រូវបានកសាងឡើងដោយវៀតណាម UAE កាតា និងអារ៉ាប៊ីសាអូឌីត ដោយផ្អែកលើភាពខ្លាំង និងសក្តានុពលនៃប្រទេសនីមួយៗ ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ត្រូវបានគេជឿជាក់ថានឹងជម្រុញឲ្យទំនាក់ទំនងវៀតណាម-UAE វៀតណាម-កាតា វៀតណាម-អារ៉ាប៊ីសាអូឌីតឡើងដល់កម្រិតកម្ពស់ថ្មី បំពេញសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Thuy Anh