លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសវនាការជាមួយលោកប្រធានរដ្ឋសភាម៉ាឡេស៊ី
កប.អនឡាញ - នារសៀលថ្ងៃទី ២៥ តុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសវនាការជាមួយលោក Tan Sri Dato' Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ តុលា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពលើទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឈានដល់កម្រិតថ្មីមួយ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងទំនុកចិត្តខាងនយោបាយ តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់; ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិកក្នុងទិសដៅមានតុល្យភាព; សម្រួលដល់ការនាំចូលនិងនាំចេញផលិតផលដែលភាគីទាំងពីរមានសក្តានុពល និងប្រៀបខ្លាំង។
ទន្ទឹមនឹងនោះ លើកទឹកចិត្តឱ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរពង្រីកការវិនិយោគចូលក្នុងទីផ្សារគ្នាទៅវិញទៅមក និងចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃ ការធ្វើបរិវត្ដកម្មឌីជីថល និងធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព ជាពិសេសក្នុងវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការបំប្លែងថាមពល ព្រមទាំងស្នើឱ្យម៉ាឡេស៊ីជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល ហើយឆាប់ៗចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យនេះ។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានរដ្ឋសភាម៉ាឡេស៊ី Tan Sri Dato' Johari bin Abdul (រូបថត៖ vnanet.vn) |
ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងដូចជា ការពារជាតិ សន្តិសុខ ការអប់រំ វប្បធម៌ កីឡា ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ លោកប្រធានរដ្ឋសភាម៉ាឡេស៊ីបានអះអាងថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការដែលមានសក្ដានុពលដ៏ធំធេងរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពសហការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក និងបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីកសាងអាស៊ានមួយដែលមានសាមគ្គីភាព ឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្លុក និងលើកកម្ពស់តួនាទីមជ្ឈភាពក្នុងការដោះស្រាយបញ្ហាតំបន់ និងឯកភាពរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ក៏ដូចជាបន្តសម្របសម្រួលជំរុញការអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចរចារកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕
បកប្រែដោយ Pham Diep