ក្នុងឱកាសនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ច ជាមួយនឹងទិសដៅអនុវត្តលទ្ធផលដែលសម្រេចបានពីដំណើរទស្សនកិច្ចនេះ។

អ្នកសារព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ឲ្យដឹងពីអត្ថន័យនៃដំណើរទស្សនកិច្ចនៅប្រទេសមជ្ឈិមបូព៌ាទាំង៣ របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី?

លោក Bui Thanh Son៖ អាចបញ្ជាក់បានថា ដំណើរទស្សនៈកិច្ចគឺជាព្រឹត្តិការណ៍ដ៏សំខាន់ បង្ហាញពីការអភិវឌ្ឍល្អនៃទំនាក់ទំនងរវាងវៀតណាម និងប្រទេសមជ្ឈិមបូព៌ាទាំងបី និងមានអត្ថន័យពិសេស៖

ទីមួយ ដំណើរទស្សនកិច្ចមានសារៈសំខាន់ខ្លាំងណាស់ បញ្ជាក់ពីគំនិតថ្មី ចក្ខុវិស័យយុទ្ធសាស្ត្រថ្មី និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំវៀតណាមក្នុងការជម្រុញឲ្យទំនាក់ទំនងជាមួយប្រទេសទាំងបីនៃតំបន់ឈូងសមុទ្រ ចូលក្នុងដំណាក់កាលថ្មី រឹងមាំជាង ទូលំទូលាយជាង ដោយមានទំនុកចិត្តកាន់តែស៊ីជម្រៅ ជាមួយឱកាសកាន់តែច្រើន។

ទីពីរ ដំណើរទស្សនកិច្ចបានលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាមនិងប្រទេសទាំងបីនិយាយដោយឡែក និងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិកខាងជើងនិយាយរួម។ ការលើកកំពស់ទំនាក់ទំនងរវាងវៀតណាមនិង UAE ជាដៃគូគ្រប់ជ្រុងជ្រោយ បានបើកឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ បើកទូលាយបណ្តាញដៃគូគ្រប់ជ្រុងជ្រោយរបស់វៀតណាមឡើង ១៤ ប្រទេស។ ទន្ទឹមនឹងនោះ ការដែលវៀតណាម អារ៉ាប៊ីសាអូឌីត និងកាតា ឯកភាពលើកកម្ពស់ទំនាក់ទំនងឡើងកម្រិតកម្ពស់ថ្មីនាពេលខាងមុខ បានបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍគ្រប់វិស័យនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងប្រទេសនានា បង្កើតមូលដ្ឋានសម្រាប់ការបង្កើនទំនាក់ទំនងជាមួយដៃគូសំខាន់ផ្សេងៗនៅក្នុងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិកខាងជើង។

ទីបី ដំណើរទស្សនកិច្ចបានបង្ហាញពីគំនិតថ្មី ចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយតំបន់មជ្ឈិមបូព៌ាដែលមានសក្តានុពល។ ដំណើរទស្សនកិច្ចនេះបានបើកបន្ថែមទៀតនូវទីផ្សារសម្រាប់ទំនិញនាំចេញរបស់វៀតណាម ទន្ទឹមនឹងនោះទាក់ទាញទុនវិនិយោគពីមូលនិធិវិនិយោគ និងសាជីវកម្មឈានមុខគេលើពិភពលោក ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលវៀតណាមផ្ដល់អាទិភាព នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនាពេលខាងមុខ។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ baoquocte.vn)

អ្នកសារព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ឲ្យដឹងពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ច?

លោក Bui Thanh Son៖ ជាមួយនឹងសកម្មភាពជិត ៦០ របស់លោកនាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចនេះ ដំណើរទស្សនកិច្ចទទួលបានជោគជ័យ សម្រេចបាននូវគោលដៅដែលបានកំណត់ជាមួយលទ្ធផលសំខាន់ៗ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៣។

ទីមួយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ឯកសារសំខាន់ៗជាច្រើនត្រូវបានអនុម័ត រួមមាន សេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម - UAE ជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ សេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងកាតា កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣៣ ក្នុងវិស័យពាណិជ្ជកម្ម - វិនិយោគ ហិរញ្ញវត្ថុ ថាមពល នវានុវត្តន៍ ការអប់រំ-បណ្តុះបណ្តាល កីឡា កិច្ចសហប្រតិបត្តិការរវាងបណ្ដាធុរកិច្ច.... បង្កើតមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងប្រទេសអភិវឌ្ឍន៍ទាំងបីឲ្យកាន់តែខ្លាំងក្លាថែមទៀត។

ទីពីរ ដំណើរទស្សនកិច្ចនេះបានធ្វើឲ្យស៊ីជម្រៅនូវទំនុកចិត្តនយោបាយ ពង្រឹងទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី។

ទីបី ដំណើរទស្សនកិច្ចសម្រេចបានលទ្ធផលជាសំខាន់ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយ UAE គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី ១៧ ដែលវៀតណាមបានចុះហត្ថលេខា ដោយកំណត់គោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ... ចំពោះអារ៉ាប៊ីសាអូឌីត ភាគីទាំងពីរបានឯកភាពសម្រេចបានទំហំពាណិជ្ជកម្ម ១០ ពាន់លានដុល្លារ និងជំរុញឲ្យអារ៉ាប៊ីសាអូឌីតក្លាយជាអ្នកវិនិយោគមួយក្នុងចំណោមអ្នកវិនិយោគឈានមុខគេនៅវៀតណាម... ជាមួយកាតា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការខិតខំប្រឹងប្រែងដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ សិក្សាស្រាវជ្រាវអំពីការបង្កើតក្រុមការងាររួមស្តីពីពាណិជ្ជកម្ម ពិចារណាពីលទ្ធភាពនៃការសាងសង់មជ្ឈមណ្ឌលបង្ហាញផលិតផលវៀតណាមនៅកាតា ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ...

ទី៤ ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករថ្មី បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសទាំងបីលើវិស័យជាច្រើន ក្នុងនោះមានវិស័យថ្មី និងមានសក្តានុពល។ ទន្ទឹមនឹងគោលដៅជម្រុញឲ្យវិស័យប្រពៃណីដូចជាសន្តិសុខ អប់រំ ទេសចរណ៍ ជំនួបរវាងប្រជាជននិងប្រជាជន... ក្លាយជាមូលដ្ឋានរឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង វៀតណាមកំណត់សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយបណ្តាប្រទេសគឺជានវានុវត្តន៍ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍឧស្សាហកម្មហាឡាលនៅវៀតណាម ...

ទី៥ ក្នុងជំនួបទាំងឡាយ លោកនាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងឡាយ ព្រមទាំងវិធានការជំរុញទំនាក់ទំនងឲ្យអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីសមស្របនឹងសក្តានុពល និងបំណងប្រាថ្នារបស់វៀតណាម និងប្រទេសទាំងឡាយ។

អ្នកសារព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី លើកឡើងអំពីទិសដៅអនុវត្តលទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចនេះ?

លោក Bui Thanh Son៖ វៀតណាមគប្បីប្តេជ្ញាអនុវត្តអាទិភាពដូចខាងក្រោម៖

ទី១ ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនយោបាយ-ការបរទេស ការពារជាតិ សន្តិសុខ បច្ចេកវិទ្យា កសិកម្ម ឧស្សាហកម្ម ថាមពល ទេសចរណ៍...។

ទីពីរ អនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រដ្ឋមន្ត្រី ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងឡាយ ពិនិត្យយ៉ាងសកម្មនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា រួមមានកិច្ចព្រមព្រៀង CEPA រវាងវៀតណាម និង UAE កសាងផែនការសកម្មភាពជាក់លាក់ ប្រកបដោយប្រសិទ្ធភាព។

ទី៣ បន្តកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាម និងប្រទេសទាំងបី បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងធ្វើអាជីវកម្ម។

ទី៤ បង្កើនជំនួបរវាងប្រជាជននិងប្រជាជន ជំរុញសកម្មភាពផ្លាស់ប្តូរវប្បធម៌ អប់រំ ទេសចរណ៍ និងលើកម្ពសការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនវៀតណាម និងប្រជាជននៃប្រទេសទាំងបី បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសទាំងបី ក្លាយជាស្ពានតភ្ជាប់យ៉ាងរឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសទាំងបី។

ខ្ញុំជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកជម្រុញឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ជាមួយអេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងកាតាឲ្យអភិវឌ្ឍយ៉ាងទូលំទូលាយ និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសជាតិ ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងបី រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ព្រមទាំងរួមចំណែកនាំវៀតណាមឈានទៅរកយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ។

អ្នកសារព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Thuy Anh