អ្នកសារព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសពន្យល់ពីគោលបំណង និងអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម?
|
|
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស (រូបថត៖ vnanet.vn) |
លោក Bui Thanh Son៖ ដំណើរទស្សនកិច្ចនេះរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បញ្ជាក់ជាថ្មីម្តងទៀតនូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវទំនាក់ទំនងបរទេស ម្ចាស់ការ និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋវៀតណាមចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងម៉ុងហ្គោលី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាមនិងអៀរឡង់ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងបារាំង ហើយការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឲ្យស្របនឹងស្ថានភាពថ្មី និងផលប្រយោជន៍របស់បណ្ដាប្រទេសនេះផងដែរ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលីមានសារៈសំខាន់ជាពិសេស ក្នុងឱកាសប្រទេសទាំងពីរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុត។ លោក To Lam និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសម៉ុងហ្គោលី នឹងពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗ ដើម្បីរឹតបន្តឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន ជាពិសេសលើវិស័យនយោបាយ ការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។
ចំពោះប្រទេសអៀរឡង់ នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងចាប់តាំងពីភាគីទាំងពីរបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ អៀរឡង់គឺជាប្រជាជាតិមួយដែលមានភាពស្រដៀងគ្នាជាច្រើនជាមួយវៀតណាមទាក់ទងនឹងប្រវត្តិសាស្ត្រ និងប្រពៃណីស្នេហាជាតិ និងវប្បធម៌ដ៏សម្បូរបែប។ ភាគីទាំងពីរមានសក្តានុពលជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នា។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនិងស៊ីជម្រៅលើវិស័យជាច្រើនដែលវៀតណាមមានតម្រូវការ ហើយអៀរឡង់មានប្រៀបខ្លាំង។
ជាមួយនឹងប្រទេសបារាំង ដោយផ្អែកលើទំនាក់ទំនងពិសេស និងលទ្ធផលនៃទំនាក់ទំនងសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ថ្នាក់ដឹកនាំនៃភាគីទាំងពីរក៏នឹងពិភាក្សាអំពីវិធានការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឡើងកម្រិតថ្មី កាន់តែស៊ីជម្រៅ ជាក់ស្តែង សមស្របនឹងសក្តានុពលនៃប្រទេសទាំងពីរក្នុងតំបន់ និងពិភពលោក។ ភាគីទាំងពីរខិតខំបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការប្រពៃណី ដូចជាវប្បធម៌ ការអប់រំ វិទ្យាសាស្រ្តជាដើម និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដែលមានសក្តានុពល។
លោក To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី១៩។ នេះជាលើកដំបូងដែលអគ្គលេខាបក្ស និងប្រធានវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន ហើយនឹងថ្លែងសុន្ទរកថាសំខាន់នៅកិច្ចប្រជុំនេះ ក្នុងគោលបំណងផ្សព្វផ្សាយថែមទៀតនូវសារអំពីប្រទេសវៀតណាមមួយដែលសកម្ម មានទំនួលខុសត្រូវ និងត្រៀមខ្លួនជាស្រេចសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម រួមចំណែកដល់អនាគតនៃ “សន្តិភាព មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព”។
អ្នកសារព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីលើកឡើងពីការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម ជាមួយម៉ុងហ្គោលី អៀរឡង់ បារាំង និងការរួមវិភាគទានរបស់វៀតណាមចំពោះអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នាពេលថ្មីៗនេះ?
លោក Bui Thanh Son៖ ដំណើរទស្សនកិច្ចរបស់លោក To Lam ប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងវៀតណាមជាមួយម៉ុងហ្គោលី អៀរឡង់ បារាំង និងសហគមន៍ហ្វ្រង់កូហ្វូនី បន្តអភិវឌ្ឍជាវិជ្ជមាន និងសម្រេចបានលទ្ធផលល្អជាច្រើន។
ម៉ុងហ្គោលី ជាប្រទេសដែលគាំទ្រវៀតណាមយ៉ាងខ្លាំងក្លា ទាំងសម្ភារៈ និងស្មារតី ក្នុងចលនាតស៊ូដើម្បីឯករាជ្យ និងរំដោះជាតិ។ សព្វថ្ងៃនេះ ប្រទេសទាំងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការការពារ កសាង និងអភិវឌ្ឍន៍ប្រទេស រក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋាភិបាលទាំងពីរ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗត្រូវបានប្រទេសទាំងពីរអនុវត្តយ៉ាងសកម្ម និងទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។
បច្ចុប្បន្ន អៀរឡង់គឺជាដៃគូពាណិជ្ជកម្មធំទី ៦ របស់វៀតណាមនៅក្នុងទីផ្សារ EU ហើយវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីចំនួនពីរ ដែលទទួលបានជំនួយអភិវឌ្ឍន៍ ដោយផ្តោតលើវិស័យអប់រំ សមភាពយេនឌ័រ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការជួយគាំទ្រជនជាតិភាគតិច ជនពិការ...។ អៀរឡង់ក៏ផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាមប្រមាណ ២៥០ នាក់ តាំងពីឆ្នាំ២០០៩។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបន្តជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងកសិកម្ម ស្បៀងអាហារ និងអាកាសចរណ៍អៀរឡង់។
ជាមួយនឹងប្រទេសបារាំង បន្ទាប់ពីរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីក។ ប្រទេសបារាំងគឺជាដៃគូមួយក្នុងចំណោមដៃគូអឺរ៉ុបនាំមុខគេរបស់វៀតណាមក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ ជំនួយ ODA និងចូលរួមក្នុងគម្រោងជាច្រើនដែលរួមចំណែកក្នុងការអភិវឌ្ឍ ទំនើបកម្ម លើកកម្ពស់គុណភាព និងបរិស្ថានរស់នៅរបស់ប្រជាជនវៀតណាម។
កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបន្តអភិវឌ្ឍបានល្អ។ សហគមន៍ ហ្វ្រង់កូហ្វូនី តែងតែចាត់ទុកវៀតណាមជាគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាមជ្ឈភាពនៃសកម្មភាពសហប្រតិបត្តិការ ហ្វ្រង់កូហ្វូនី ក្នុងតំបន់។ វៀតណាមគឺជាសមាជិកមួយក្នុងចំណោមសមាជិកដែលជម្រុញសេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសសេដ្ឋកិច្ចឌីជីថលក្នុងលំហ ហ្វ្រង់កូហ្វូនី។ ជាមួយនឹងប្រទេស និងដែនដីចំនួន ៨៨ ដែលមានប្រជាជនប្រមាណ ១.២ ពាន់លាននាក់ ស្មើនឹង ១៦% នៃផលិតផលក្នុងស្រុកសរុប និង ២០% នៃពាណិជ្ជកម្មពិភពលោក លំហសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី នៅតែមានសក្តានុពលជាច្រើនសម្រាប់វៀតណាមជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងស៊ីជម្រៅ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអប់រំ និងបណ្តុះបណ្តាល កសិកម្ម ទេសចរណ៍ប្រកបដោយនិរន្តរភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ជាមួយនឹងការវិវឌ្ឍជាវិជ្ជមាននោះ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកពង្រឹងមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងវៀតណាមជាមួយម៉ុងហ្គោលី អៀរឡង់ បារាំង និងសហគមន៍ហ្វ្រង់កូហ្វូន ព្រមទាំង ពង្រឹងសក្ដានុពលថ្មីក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនីមួយៗ រួមចំណែកជម្រុញឲ្យទំនាក់ទំនងជាមួយបណ្ដាប្រទេសនេះ កាន់តែស៊ីជម្រៅ ជាក់ស្ដែង មានប្រសិទ្ធភាព និងស្របតាមស្ថានភាពថ្មី។
អ្នកសារព័ត៌មាន៖ សូមអរគុណ!
បកប្រែដោយ Thuy Anh