សញ្ញាសម្គាល់ដ៏សំខាន់ដែលជំរុញទំនាក់ទំនងវៀតណាម-គុយបា កាន់តែអភិវឌ្ឍន៍ និងរឹងមាំបន្ថែមទៀត
កប.អនឡាញ- ក្នុងឱកាសលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមនិងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបញ្ចប់ដំណើរដោយជោគជ័យទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា តបតាមការអញ្ជើញរបស់លោក Miguel Díaz-Canel Bermúdez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា និងលោកជំទាវ លោក Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។
អ្នកយកព័ត៌មាន ៖ តើលោកអាចឲ្យដឹងពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ?
លោក Le Hoai Trung៖ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមក្នុងមុខតំណែងថ្មី ។ ការដែលលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់គុយបាក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរៀបចំពិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៥) បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះចំណងសាមគ្គីភាពជាប្រពៃណី មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបា។
|
|
Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស |
ក្នុងរយៈពេលជិត ៤០ ម៉ោង លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូវៀតណាមមានសកម្មភាពសំខាន់ៗជាច្រើននៅប្រទេសគុយបា។ លោក To Lam បានជួបពិភាក្សាការងារជាមួយលោក Miguel Díaz-Canel Bermúdez លេខាទីមួយ និងជាប្រធានរដ្ឋគុយបា , ជួបជាមួយនាយករដ្ឋមន្ត្រីគុយបា Manuel Marrero Cruz និងប្រធានរដ្ឋសភានៃអាជ្ញាធរប្រជាជនគុយបា Esteban Lazo Hérnandez និងជួបអតីតអ្នកដឹកនាំបដិវត្តគុយបា និងលោកនាយឧត្តមសេនីយ៍ Raúl Castro Ruz; ហើយរួមជាមួយលេខាទីមួយ និងជាប្រធានរដ្ឋគុយបា Miguel Díaz-Canel Bermúdez អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ និងទស្សនាតំបន់អភិវឌ្ឍន៍ពិសេស Mariel, ជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូត និងបុគ្គលិកនិងតំណាងសហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅប្រទេសគុយបា…។ ការដែលថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋគុយបា ទទួលស្វាគមន៍យ៉ាងកក់ក្ដៅលោក To Lam បានបង្ហាញពីសារៈសំខាន់ពិសេសចំពោះដំណើរទស្សនកិច្ចនេះ។
ទន្ទឹមនឹងនោះ លោកជំទាវរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ក៏បានចូលរួមសកម្មភាពសំខាន់ៗជាច្រើនដូចជា ទស្សនាសាលាបឋមសិក្សាដែលដាក់ឈ្មោះតាមវីរនារីបដិវត្តន៍វៀតណាម Vo Thi Thang និងគ្រឹះស្ថានវប្បធម៌នៅរដ្ឋធានី La Habana ។ សមាជិកនៃគណៈប្រតិភូវៀតណាម ក៏មានជំនួបជាមួយដៃគូគុយ ក្នុងនោះមានជំនួបទ្វេភាគីរវាងលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជាមួយរដ្ឋមន្ត្រីក្រសួងបណ្ដាកងកំលាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងជំនួបរវាងលោកឧត្តមសេនីយ៍ឯក Luong Tam Quang សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា។
ជាមួយនឹងលទ្ធផលជាក់ស្តែង និងការផ្លាស់ប្តូរយ៉ាងស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដំណើរទស្សនកិច្ចនេះបាន ជួយពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។ ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៥ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋទាំងពីរបានសម្រេចចិត្តជ្រើសរើសឆ្នាំ ២០២៥ ជា "ឆ្នាំមិត្តភាពវៀតណាម-គុយបា" ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន។
សារព័ត៌មាននៃប្រទេសទាំងពីរបានផ្សាយព័ត៌មានទាន់ពេល និងច្រើន អំពីដំណើរទស្សនកិច្ចនេះ។ ដំណើរទស្សនកិច្ចនេះក៏បានទាក់ទាញចំណាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិកឡាទីន និងពិភពលោកដោយមានអត្ថបទជាច្រើនអំពីវៀតណាម និងគុយបា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
អ្នកយកព័ត៌មាន៖ តើលោកអាចឲ្យដឹងអំពីទិសដៅនាពេលខាងមុខដើម្បីពង្រីកលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ?
លោក Le Hoai Trung៖ ជាមួយនឹងលទ្ធផលដែលសម្រេចបាននោះ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតដែលជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឈានដល់ដំណាក់កាលថ្មីមួយ ដោយមានការអភិវឌ្ឍន៍ជាក់ស្ដែង និងប្រកបដោយចីរភាព។ ដំណើរទស្សនកិច្ចនេះ ក៏បានបញ្ជាក់សារជាថ្មីអំពីអត្ថន័យនៃទំនាក់ទំនងពិសេស និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការសម្រេចបានលទ្ធផលជាវិជ្ជមានលើបណ្ដាវិស័យ។ នាពេលខាងមុខ ចំណុចសំខាន់គឺក្រសួង ស្ថាប័ននិងមូលដ្ឋាននៃប្រទេសទាំងពីរគប្បីអនុវត្តជាបន្ទាន់នូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ច។
ឆ្ពោះទៅ “ឆ្នាំមិត្តភាពវៀតណាម-គុយបា” ភាគីទាំងពីរគួរតែបង្កើនការសហការ និងរៀបចំពិធីរំលឹកអនុស្សាវរីយ៍ឲ្យមានប្រសិទ្ធភាព អាស្រ័យហេតុនេះ បង្កើនការអប់រំ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយអំពីទំនាក់ទំនងពិសេសរវាងវៀតណាម និងគុយបា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងដាក់ចេញទិសដៅ ទម្រង់នៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ជាពិសេសលើវិស័យជាច្រើនដូចជា កសិកម្ម ថាមពល និងសុខាភិបាល។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងមានប្រសិទ្ធភាព ពង្រឹងទំនាក់ទំនងប្រពៃណីល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងគុយបា។
អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
បកប្រែដោយ Pham Diep