វិចារណកថា៖ រំដោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ និងរឹតបន្តឹងទំនាក់ទំនងរវាងវៀតណាម និងម៉ូសំប៊ិក
កប.អនឡាញ - ទទួលការអញ្ជើញរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងភរិយា លោក Filipe Jacinto Nyusi ប្រធានាធិបតីនៃសាធារណរដ្ឋ ម៉ូសំប៊ិក និងភរិយា បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Filipe Jacinto Nyusi ប្រធានាធិបតី ទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីឡើងកាន់អំណាច និងជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតី ម៉ូសំប៊ិក ក្នុងរយៈពេលជាង ១៧ ឆ្នាំកន្លងមក។
ដោយធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរឆ្ពោះទៅរកពិធីប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៥ ដំណើរទស្សនកិច្ចរបស់លោក Filipe Jacinto Nyusi ប្រធានាធិបតី គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានកត់សម្គាល់ពីការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ។
|
|
ពង្រឹងកិច្ចសហប្រតិបត្តិការ និងរឹតបន្តឹងទំនាក់ទំនងរវាងវៀតណាម និងម៉ូសំប៊ិក |
ការដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃដែល ម៉ូសំប៊ិកប្រកាសឯករាជ្យ (ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៧៥) បានបង្ហាញថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និង ម៉ូសំប៊ិក ត្រូវបានចាក់ឫសដោយការគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូទាមទារឯករាជ្យជាតិ។ ប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើនក្នុងប្រវត្តិសាស្ត្រ តែងតែរួបរួមគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូរំដោះជាតិ និងបុព្វហេតុកសាង និងអភិវឌ្ឍជាតិ។ ប្រជាជនម៉ូសំប៊ិកជាច្រើនជំនាន់មានការគោរព និងផ្តល់ក្តីស្រលាញ់គោរពពិសេសចំពោះលោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។
ទំនាក់ទំនងជាប្រពៃណីនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ូសំប៊ិក ត្រូវបានទទួលមរតក ពូនជ្រំបីបាច់ថែរក្សា និងអភិវឌ្ឍជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរគ្រប់ជំនាន់។ បក្សកុម្មុយនិស្តវៀតណាម និងគណបក្សរណសិរ្សរំដោះម៉ូសំប៊ិក (FRELIMO) កាន់អំណាចមានទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អ បង្កើតមូលដ្ឋានគ្រឹះនយោបាយរឹងមាំ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។ ទន្ទឹមនឹងនោះ វាបានដើរតួនាទីតម្រង់ទិសក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែមានអត្ថន័យ និងប្រសិទ្ធភាព។ គោលនយោបាយស្របគ្នារបស់ប្រទេសទាំងពីរគឺជានិច្ចកាលឲ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូរវាងវៀតណាម និងម៉ូសំប៊ិក។ វៀតណាមទទួលបានអាទិភាពក្នុងគោលនយោបាយការបរទេសឆ្ពោះទៅភាគខាងកើតរបស់ប្រទេសម៉ូសំប៊ិក។ បក្ស និងរដ្ឋវៀតណាម តែងតែវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយបណ្តាប្រទេសជាមិត្តនៅទ្វីបអាហ្រ្វិក ក្នុងនោះមានប្រទេសម៉ូសំប៊ិកផងដែរ។
ឈរលើមូលដ្ឋាននៃចំណងមិត្តភាពប្រពៃណីដ៏ល្អនោះ ក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងមកនេះ ទោះបីជាមានចម្ងាយភូមិសាស្ត្រក៏ដោយ ក៏ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានសមិទ្ធផលលេចធ្លោជាច្រើនលើវិស័យជាច្រើន។ ប្រទេសទាំងពីរសម្របសម្រួលយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី រក្សាការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ ការពិភាក្សានៅគ្រប់កម្រិតឱ្យបានទៀងទាត់។ ដំណើរទស្សនកិច្ចរបស់លោក Filipe Jacinto Nyusi ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាម៉ូសំប៊ិក Esperanca Bias ទៅកាន់វៀតណាមក្នុងខែមិថុនា ឆ្នាំ២០២២ និងដំណើរទស្សនកិច្ចរបស់លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម ទៅកាន់ប្រទេស ម៉ូសំប៊ិក នាខែកញ្ញា ឆ្នាំ២០២៣ នាំមកនូវក្តីសង្ឃឹមថានឹងបើកចេញនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មី ទន្ទឹមនឹងនោះនឹងបង្កើតសន្ទុះសម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន រវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំ។
យើងអាចមើលឃើញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគគឺជាចំណុចលេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel) បានវិនិយោគដោយជោគជ័យនៅប្រទេសម៉ូសំប៊ិក ជាមួយនឹងក្រុមហ៊ុនបណ្តាក់ទុនរួម Movitel Telecommunications (រវាងក្រុមហ៊ុន Viettel និងក្រុមហ៊ុន SPI) ដែលត្រូវបានចាត់ទុកថាជានិមិត្តរូបនៃភាពជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម នេសាទ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទូរគមនាគមន៍ សុខាភិបាល អប់រំ-បណ្តុះបណ្តាល វប្បធម៌ ការពារជាតិ សន្តិសុខ... អាស្រ័យហេតុនេះបង្កើតបានលក្ខណៈងាយស្រួលសម្រាប់រាល់ក្រសួង និងស្ថាប័នអាចពង្រីកកិច្ចសហប្រតិបត្តិការ។
វៀតណាម និងម៉ូសំប៊ិកចែករំលែកទស្សនវិស័យ និងការយល់ដឹងអំពីទិសដៅអនាគត ក៏ដូចជាផលប្រយោជន៍រួមជាច្រើន និងមានចំណុចជាឧត្តមភាពដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន។ នៅក្នុងបរិបទនៃការវិវឌ្ឍជាច្រើននៅក្នុងតំបន់ និងពិភពលោក ជាមួយនឹងនិន្នាការថ្មីបានលេចចេញជាបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសនីមួយៗ ទឹកចិត្ត និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម ដើម្បីសន្តិភាព និងស្ថិរភាពគឺជាភស្តុតាងនៃការប្តេជ្ញាចិត្ត និងការអភិវឌ្ឍរបស់ប្រទេស តំបន់ និងពិភពលោក ហើយនេះតែងតែជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងវៀតណាម-ម៉ូសំប៊ិកមានការអភិវឌ្ឍថ្មីៗនាពេលខាងមុខ។ ដំណើរទស្សនកិច្ចរបស់លោក Filipe Jacinto Nyusi ប្រធានាធិបតី ទៅកាន់ប្រទេសវៀតណាមគឺជាការអះអាងនូវបំណងប្រាថ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម និងម៉ូសំប៊ិក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
យើងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Filipe Jacinto Nyusi ប្រធានាធិបតី នឹងបង្កើតការលើកទឹកចិត្តដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរ បន្តនាំមកនូវសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ការរឹតបន្តឹង និងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងមិត្តភាព ភាពជាដៃគូប្រពៃណីវៀតណាម-ម៉ូសំប៊ិក។
បកប្រែដោយ Minh Trung