អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្រ្តីអាចឱ្យដឹងពីលទ្ធផលលេចធ្លោនៃកិច្ចប្រជុំកំពូល G7 បើកទូលាយឆ្នាំនេះបានទេ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ កិច្ចប្រជុំកំពូល G7 បើកទូលាយដែលបានប្រព្រឹត្តទៅនៅទីក្រុង Hiroshima ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ឧសភា ដែលដឹកនាំដោយប្រទេសជប៉ុន គឺជាជោគជ័យដ៏អស្ចារ្យ។ ជាមួយនឹងវគ្គចំនួន ៣ នៃ “ការធ្វើការរួមគ្នាដើម្បីដោះស្រាយវិបត្តិជាច្រើន”, “កិច្ចខិតខំប្រឹងប្រែងរួមសម្រាប់ភពផែនដីមួយប្រកបដោយនិរន្តរភាព” និង “ឆ្ពោះទៅរកពិភពលោកប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព”។ ថ្នាក់ដឹកនាំនានាបានពិភាក្សា វាយតម្លៃ និងលើកឡើងដំណោះស្រាយដើម្បីដោះស្រាយបញ្ហាប្រឈមសកល ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញ សន្តិសុខស្បៀង សន្តិសុខសុខភាព សមភាពយេនឌ័រ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល ការការពារបរិស្ថាន។

ទីមួយ កិច្ចប្រជុំកំពូល G7 បើកទូលាយដែលបានអនុម័តលើសេចក្តីប្រកាសប្រតិបត្តិ Hiroshima ស្តីពីសន្តិសុខស្បៀងសកលដោយកំណត់បាននូវរាល់ក្រុមនៃដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងវិបត្តិស្បៀងអាហារនាពេលខាងមុខ  បង្កើនភាពធន់ដើម្បីគ្រប់គ្រងទប់ស្កាត់វិបត្តិស្រដៀងគ្នានាពេលអនាគត និងធានាអាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា។ នេះគឺជាលទ្ធផលគួរឱ្យកត់សម្គាល់ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងឈានមុខគេរបស់ប្រទេសជប៉ុន ក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រទេស G7 និងភ្ញៀវក្នុងការដោះស្រាយបញ្ហាបន្ទាន់ និងជាមូលដ្ឋានដែលប៉ះពាល់ដល់ទិដ្ឋភាពជាច្រើននៃជីវិតរបស់ប្រជាជន។

ទីពីរ ថ្នាក់ដឹកនាំបានឯកភាពថា ចាំបាច់ត្រូវតែបង្កើតកម្លាំងជំរុញថ្មី ដើម្បីជំរុញការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ច និងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើនរបស់អង្គការសហប្រជាជាតិ (UN)។

ទីបី លើបញ្ហាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅលើពិភពលោក ថ្នាក់ដឹកនាំបានឯកភាពថា ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកដ៏ស្មុគស្មាញនោះ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ  ដោះស្រាយជម្លោះដោយវិធានការសន្តិវិធី ការពារសន្តិសុខ និងសុវត្ថិភាពប្រជាជន។ បណ្តាប្រទេសនានាបានសង្កត់ធ្ងន់លើការអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅសម្រេចបាននូវក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២។

leftcenterrightdel
ថ្នាក់ដឹកនាំអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7

អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្រ្តីអាចឱ្យដឹងអំពីលទ្ធផលនៃគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយបានទេ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ ដំណើរបំពេញទស្សនកិច្ចការងាររបស់លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ និងធ្វើការនៅប្រទេសជប៉ុនទទួលបានជោគជ័យយ៉ាងខ្លាំងទាំងក្នុងវិស័យទ្វេភាគី និងពហុភាគី។

ក្នុងរយៈពេលមិនដល់ ៣ ថ្ងៃ លោកនាយករដ្ឋមន្ត្រីបានធ្វើជាប្រធាន និងចូលរួមសកម្មភាពប្រមាណ ៤០  ដែលក្នុងនោះមានកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជប៉ុន សហគ្រាស មិត្តរបស់ជប៉ុន និងកិច្ចប្រជុំជាច្រើន ជួបប្រាស្រ័យ និងជួបជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា។

ទីមួយ ក្នុងលក្ខខណ្ឌនៃពហុភាគីនិយម យើងបានរួមចំណែកនូវវិធីសាស្រ្ត និងដំណោះស្រាយសំខាន់ៗពីគ្រប់ទិដ្ឋភាពនៃប្រទេសកំពុងអភិវឌ្ឍន៍ ពន្លឿនឧស្សាហូបនីយកម្ម ទំនើបកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅ និងទូលំទូលាយ។

គោលគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រី ត្រូវបានវាយតម្លៃខ្ពស់ រួមចំណែកក្នុងការកសាងវិធីសាស្រ្តប្រកបដោយតុល្យភាព និងទូលំទូលាយក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ ការចូលរួម និងទំនួលខុសត្រូវដ៏ច្រើនរបស់វៀតណាមក៏បានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិដើម្បីរក្សាសន្តិភាព និងស្ថិរភាព ជំរុញការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក ស្របតាមផលប្រយោជន៍ និងកង្វល់នៃប្រទេសកំពុងអភិវឌ្ឍន៍។

ទីពីរ អំពីទ្វេភាគី ដំណើរទស្សនកិច្ចជាមួយសកម្មភាព ដ៏សម្បូរបែប មានប្រសិទ្ធភាព ជាក់ស្តែង និងសំខាន់ជាមួយថ្នាក់ដឹកនាំរបស់ប្រទេសជប៉ុន និងថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិនានា បានរួមចំណែកធ្វើឱ្យទំនាក់ទំនងរវៀងវៀតណាម និងប្រទេសនានាកាន់តែស៊ីជម្រៅថែមទៀតក្នុងទំនាក់ទំនងជាមួយដៃគូ។

ជាមួយប្រទេសជប៉ុន រាល់ការពិភាក្សានិងការផ្លាស់ប្តូរយោបល់របស់លោក Pham Minh Chinh ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ថ្នាក់ដឹកនាំខេត្ត Hiroshima និងមជ្ឈដ្ឋានជាច្រើនទៀតរបស់ប្រទេសជប៉ុនបានរួមចំណែកក្នុងការលើកកម្ពស់ថែមទៀតនូវជំនឿទុកចិត្តផ្នែកនយោបាយ និងជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាមនិងជប៉ុន។ លទ្ធផលនេះមានអត្ថន័យជាពិសេសក្នុងបរិបទនៃខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោក Pham Minh Chinh ក៏បានជួបប្រជុំទ្វេភាគីរាប់សិបដង ក្នុងស្មារតីបើកចំហ ស្មោះត្រង់ និងស្មោះស្ម័គ្រជាមួយថ្នាក់ដឹកនាំ G7 ទាំងអស់ ប្រទេសភ្ញៀវ និងអង្គការអន្តរជាតិជាច្រើន ដើម្បីផ្លាស់ប្តូរវិធានការជាក់ស្តែង ជំរុញទំនាក់ទំនងទ្វេភាគី និងបង្កើនការសម្របសម្រួលលើបញ្ហាទៅវិញទៅមក។

នៅក្នុងកិច្ចប្រជុំ និងកិច្ចប្រជុំទ្វេភាគីនានា ថ្នាក់ដឹកនាំនៃប្រទេសនានាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងការដោះស្រាយរាល់ជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធីនៅលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982; ការអនុវត្ត DOC ឱ្យបានពេញលេញ និងការបញ្ចប់ COC ឱ្យបានឆាប់ៗប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។

អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្រ្តីអាចចែករំលែកលទ្ធផលជាក់លាក់ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុនបានទេ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ លោកនាយករដ្ឋមន្ត្រីបានជួបប្រជុំចំនួន ១៣ លើក រួមមានការពិភាក្សាជាមួយលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន ការទទួលជួបអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត Hiroshima និងសមាជិករដ្ឋសភាដែលមានមណ្ឌលបោះឆ្នោតនៅទីក្រុង Hiroshima ជួបជាមួយសមាគមមិត្តភាពជាមួយវៀតណាម ថ្នាក់ដឹកនាំនៃសមាគម និងសាជីវកម្មជប៉ុនធំៗ បានចូលរួម និងថ្លែងមតិនៅសិក្ខាសាលាធុរកិច្ចវៀតណាម-ជប៉ុន និងជួបជាមួយសហគមន៍វៀតណាមនៅជប៉ុនជាដើម។ ក្នុងបរិយាកាសនៃការផ្លាស់ប្តូរដោយស្មោះស្ម័គ្រ ស្និទ្ធស្នាល និងភាពជឿជាក់ ជំនួបទាំងនេះសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។

អាចនិយាយបានថា លទ្ធផលនៃការងារនៅប្រទេសជប៉ុន បានបន្តរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុន ដោយឈរលើមូលដ្ឋាននៃទំនុកចិត្តខ្ពស់ខាងនយោបាយ ភាពជាក់ស្តែងខាងសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងបំពេញបានសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ។

អ្នកយកព័ត៌មាន៖ អរគុណច្រើនលោករដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung