នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅក្រៅអឺរ៉ុបក្នុងឆ្នាំ២០២៣ របស់លោក Xavier Bettel នាយករដ្ឋមន្ត្រី និងជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់លោកនាយករដ្ឋមន្ត្រីលុចសំបួក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចនេះ គឺជាសកម្មភាពការទូតជាន់ខ្ពស់លើកដំបូងក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-លុចសំបួ (១៩៧៣-២០២៣)។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Xavier Bettel នាយករដ្ឋមន្ត្រីលុចសំបួ (រូបថត៖ vnanet.vn)

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៧៣) ទំនាក់ទំនងរវាងវៀតណាម និងលុចសំបួ មានការរីកចម្រើនដ៏ល្អប្រពៃ។ ប្រទេសទាំងពីររក្សាជំនួបជាទៀងទាត់នៅគ្រប់លំដាប់ថ្នាក់ សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ដូចជា ASEM អាស៊ាន-សហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាពិសេស ប្រទេសទាំងពីរសុទ្ធតែជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ជាមួយនឹងប្រៀបខ្លាំងលើវិស័យពាណិជ្ជកម្ម សេវាធនាគារ និងការធានារ៉ាប់រង ប្រទេសលុចសំបួ គឺជាមជ្ឈមណ្ឌលវិនិយោគធំទីពីរនៅលើពិភពលោក និងជាមជ្ឈមណ្ឌលធនាគារឯកជនសំខាន់បំផុតនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)។ គិតត្រឹមខែមីនា ឆ្នាំ២០២៣ លុចសំបួមានគម្រោងវិនិយោគចំនួន ៦៤ ដោយមានដើមទុនសរុបចំនួន ២.៦ ពាន់លានដុល្លារអាមេរិក ឈរនៅលំដាប់ទី ៣ ក្នុងចំណោមប្រទេសទាំង ២៤ នៃសហភាពអឺរ៉ុប (EU) និងទី ១៧ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ១៣៩ ដែលវិនិយោគក្នុងប្រទេសវៀតណាម នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ ខេត្ត Ba Ria-Vung Tau។ល។ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម- EU (EVFTA) បានចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២០ មក ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាម និងលុចសំបួ បានកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងប្រទេសទាំងពីរសម្រេចបាន ១៨៧.១ លានដុល្លារអាមេរិក កើនឡើង ៦៩% បើធៀបនឹងឆ្នាំ ២០២០។

ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ-ធនាគារ ជាពិសេសក្នុងការបណ្តុះបណ្តាល ការលើកកម្ពស់សមត្ថភាព ការផ្ទេរបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការអភិវឌ្ឍផ្សារមូលបត្រ។ ទំនាក់ទំនងសហប្រតិបត្តិការរវាងធនាគារពាណិជ្ជវៀតណាម និងដៃគូលុចសំបួ មានភាពវិជ្ជមាន។ នៅចុងឆ្នាំ២០២២ ធនាគារពាណិជ្ជវៀតណាម បានបង្កើតទំនាក់ទំនង ជាមួយធនាគារពាណិជ្ជលុចសំបួចំនួន២០។ តាមរយៈប្រព័ន្ធធនាគារទាំងនេះ បណ្ដាអង្គការវៀតណាមបាននឹងកំពុងដើរតួនាទីជាស្ពានជួយដល់ការទូទាត់ និងផ្ទេរប្រាក់របស់អ្នកវិនិយោគ និងធុរកិច្ចនៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសលុចសំបួ នាខែធ្នូ ឆ្នាំ២០២២ ភាគីទាំងពីរបានឯកភាពជំរុញការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យហិរញ្ញវត្ថុបៃតង ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីកំណើនបៃតង និងការខិតខំប្រឹងប្រែងដើម្បីទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការអនុវត្តការសន្យានៅ COP26។

លុចសំបួបានចាត់ទុកវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសអាទិភាពក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ ដោយថវិកាជំនួយសរុបឈានដល់ ១២៩ លានអឺរ៉ូ។ វិស័យដែលប្រទេសលុចសំបួផ្ដល់ជំនួយស្របតាមតម្រូវការ និងគោលដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងដំណាក់កាលនីមួយៗ។ បច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងពង្រីកយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា ការទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន ការអប់រំ-បណ្តុះបណ្តាល វប្បធម៌។ល។

ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព និងអភិវឌ្ឍលើវិស័យជាច្រើន ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Xavier Bettel នាយករដ្ឋមន្ត្រីលុចសំបួ បានបង្ហាញពីសារៈសំខាន់ និងបំណងចង់ជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ យើងជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Xavier Bettel នាយករដ្ឋមន្ត្រីលុចសំបួ នឹងទទួលបានជោគជ័យ ចូលរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ-បណ្តុះបណ្តាល វប្បធម៌។ល៕

បកប្រែដោយ Thuy Anh