នេះជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូង ហើយប្រទេសឡាវ ក៏ជាប្រទេសដំបូងដែលលោក Vo Van Thuong ប្រធានរដ្ឋវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចក្នុងមុខតំណែងថ្មីរបស់លោក។​ ប្រការនេះបន្តអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួន ឥតឈប់ឈររបស់វៀតណាម ពោលគឺផ្តល់អាទិភាពខ្ពស់បំផុត និងខិតខំអស់ពីសមត្ថភាពដើម្បីពង្រឹង និងពូនជ្រំជានិច្ចនូវទំនាក់ទំនងពិសេសជាសមមិត្តផង និងជាបងប្អូនផងរវាងប្រទេសទាំងពីរ និងក្នុងពេលជាមួយគ្នានោះបង្ហាញឱ្យឃើញពីការគាំទ្រដ៏ខ្លាំងក្លារបស់វៀតណាមចំពោះឡាវ ក្នុងបុព្វហេតុនៃការផ្លាស់ថ្មី ការពារជាតិ និងការកសាងប្រទេសជាតិ។

ជាការពិតណាស់ កម្រមានទំនាក់ទំនងទ្វេភាគីណាមួយលើពិភពលោកដែលស៊ីជម្រៅ ស្រស់ស្អាត និងយូរអង្វែងដូចទំនាក់ទំនងវៀតណាម-ឡាវ។ នោះគឺជាទំនាក់ទំនងនៃការចែករំលែកដ៏ផ្អែមល្ហែម កាន់ដៃគ្នាក្នុងការប្រយុទ្ធសត្រូវរួម ជាសមមិត្តសម្រាប់វាសនារួម គឺជាមនោសញ្ចេតនាស្និទ្ធស្នាលនៃបងប្អូនបង្កើតមុនក៏ដូចជាក្រោយ។ ឆ្លងកាត់បញ្ហាប្រឈមដ៏ស្មុគស្មាញនៃសង្រ្គាម និងការលំបាកជាច្រើនឆ្នាំក្នុងដំណើរការផ្លាស់ថ្មី  និងការធ្វើសមាហរណកម្មទំនាក់ទំនងសាមគ្គីភាពពិសេសរវាង​វៀត​ណាមនិងឡាវ បានក្លាយទៅជាក្រឹត្យក្រមមានលក្ខណៈសត្យានុម័ត គឺជាកត្តាសំខាន់ ទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន។​ រាល់សមិទ្ធិផលនៃបដិវត្តន៍របស់ប្រទេសទាំងពីររហូតមកដល់ពេលនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ។

leftcenterrightdel
លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ទទួលជួបលោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស (នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២) - បច្ចុប្បន្នជាប្រធានរដ្ឋវៀតណាម

យើងមានសេចក្តីសោមនស្សរីករាយដោយឃើញថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការលំបាក និងបញ្ហាប្រឈមជាច្រើន រួមទាំងផលប៉ះពាល់ដែលមិនធ្លាប់មានពីមុនមកនៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម-ឡាវ បន្តរីកចម្រើនជាបន្តបន្ទាប់ កាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាពថែមទៀត។ ទំនាក់ទំនងនយោបាយត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ពីចំណងមិត្តភាពប្រពៃណីទៅជាមិត្តភាពអស្ចារ្យ កាន់តែមានភាពជឿជាក់ និងជិតស្និទ្ធជាងមុន ដោយបន្តជួយណែនាំដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ប្រទេសទាំងពីរបានធ្វើការសម្របសម្រួលប្រកបដោយជោគជ័យក្នុងការរៀបចំឆ្នាំមិត្តភាពវៀតណាម-ឡាវ និងឡាវ-វៀតណាម ឆ្នាំ ២០២២ ដោយបង្ហាញឱ្យឃើញនូវទំនាក់ទំនងយ៉ាងជ្រាលជ្រៅ និងរស់រវើកនូវទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។

ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច អប់រំ - បណ្តុះបណ្តាល វប្បធម៌ - សង្គម កាន់តែត្រូវបានពង្រីក និងអភិវឌ្ឍ នាំមកនូវផលប្រយោជន៍ល្អជូនប្រជាជនទាំងពីរ។ ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងការគាំទ្រទៅវិញទៅមកនៅវេទិកាពហុភាគី ក៏រួមចំណែកលើកកម្ពស់កិត្យានុភាពរបស់ប្រទេសទាំងពីរនៅក្នុងតំបន់ និងក្នុងឆាកអន្តរជាតិផងដែរ។ សាមគ្គីភាព និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងទំនាក់ទំនងទ្វេភាគី មិនត្រឹមតែជួយសម្រួលដល់ដំណើរការនៃការផ្លាស់ប្តូរថ្មី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាង និងការការពារជាតិរបស់ប្រទេសនីមួយៗ ព្រមទាំងមិនត្រឹមតែពង្រីកកិត្យានុភាព និងកម្លាំងរបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ជាមួយនឹងលក្ខខណ្ឌធម្មជាតិ ដែលប្រទេសទាំងពីរជាអ្នកជិតខាងជិតស្និទ្ធ ផឹកទឹកទន្លេមេគង្គតែមួយ និងមានប្រពៃណីនៃទំនាក់ទំនងមិត្តភាព ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងប្រវត្តិសាស្ត្រ កសាង និងការពារប្រទេសរបស់ប្រជាជនទាំងពីរ ជាប្រាកដណាស់ថា ទឹកចិត្តស្មោះត្រង់រវាងវៀតណាម និងឡាវ នឹងគង់វង្សដដែល។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Vo Van Thuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសឡាវ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សូមឲ្យចំណងមិត្តភាពដ៏អស្ចារ្យ “ជ្រៅជាងទន្លេហុងហា មេគង្គ” “មានតម្លៃជាងត្បូងដ៏មានតម្លៃបំផុត” ស្រស់ស្អាតជានិរន្តរភាព៕

បកប្រែដោយ Minh Trung