នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋបរទេសទៅកាន់ប្រទេសវៀតណាមនៅឆ្នាំ២០២៣ ដំណើរទស្សនកិច្ចនេះកាន់តែមានន័យដូចដែលធ្វើឡើងចំពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។

ឆ្លងកាត់ជាងកន្លះសតវត្សមកហើយ ទំនាក់ទំនងវៀតណាម-អូស្ត្រាលី មានវឌ្ឍនភាពយ៉ាងធំធេង និងសម្រេចបានសមិទ្ធផលគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ពីដំបូងក្នុងនាមជាដៃគូជំនួយ ឥឡូវនេះ ប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រ ក្នុងស្មារតីសមភាព និងមានផលប្រយោជន៍ទៅវិញទៅមក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានបន្តលើកកម្ពស់ដល់កម្រិតថ្មីចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៧៣។ ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៩  និងពង្រឹងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៥  និងលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០១៨។ នៅឆ្នាំ ២០២០ ភាគីទាំងពីរបានចុះហត្ថលេខាលើកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី ដំណាក់កាល ២០២០-២០២៣ ដោយផ្តោតលើសសរស្តម្ភចំនួន ៣ គឺ៖ ការពង្រឹងភាពស្អិតរមួតសេដ្ឋកិច្ច; ការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការពារជាតិ និងសន្តិសុខ; ការកសាងភាពជាដៃគូចំណេះដឹង និងការផ្លាស់ថ្មី។ នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរ បន្តស្វែងយល់ពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជំរុញកិច្ចសហប្រតិបត្តិការឲ្យស៊ីជម្រៅ ជាក់ស្តែង បើកទូលាយនូវទស្សនវិស័យសម្រាប់ទំនាក់ទំនងវៀតណាម-អូស្ត្រាលី ឈានទៅរកកម្រិតខ្ពស់ជាង។

leftcenterrightdel
នាយកខុទ្ទកាល័យប្រធានរដ្ឋវៀតណាម Le Khanh Hai ទទួលស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលី David Hurley នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបន្តលើកកម្ពស់ និងពង្រឹងទាំងកម្រិតទ្វេភាគី និងពហុភាគី។ តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងគួរឱ្យទុកចិត្តជាងមុន។ ក្នុងបរិបទនៃការរាតត្បាត Covid-19 ភាគីទាំងពីរនៅតែរក្សាទំនាក់ទំនងកម្រិតខ្ពស់តាមរយៈទម្រង់ជាអនឡាញ និងរក្សាប្រកបដោយភាពបត់បែននូវយន្តការសហប្រតិបត្តិការទ្វេភាគីជាង ២០។

ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភកិច្ចសហប្រតិបត្តិការទាំងបីនៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខបន្តត្រូវបានរឹតបន្តឹង ដោយមានការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា កិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម ការគ្រប់គ្រងច្រកចេញចូល ការប្រឆាំងការធ្វើចំណាកស្រុកខុសច្បាប់ ការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ ការបណ្តុះបណ្តាលភាសាអង់គ្លេស... ក្នុងឆ្នាំ ២០១៦ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព និងការបណ្តុះបណ្តាលការដោះមីន; កងទ័ពអាកាសអូស្ត្រាលីបានជួយដល់ការដឹកជញ្ជូនកងពេទ្យកម្រិត២ របស់វៀតណាម ចំនួន ៤ ដងទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។

ទន្ទឹមនឹងគុណសម្បត្តិ និងសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង ខឿនសេដ្ឋកិច្ចដែលមានលក្ខណៈបំពេញបន្ថែមខ្ពស់ ទាំងពីរ វៀតណាម និងអូស្ត្រាលី ទទួលបានសមិទ្ធផលជាច្រើនក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្មទ្វេភាគីបានរីកចម្រើនយ៉ាងល្អ ដោយឈានដល់ ១៥.៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ២៦.៧% បើធៀបនឹងឆ្នាំ ២០២១។ បច្ចុប្បន្ន អូស្ត្រាលីជាដៃគូពាណិជ្ជកម្មធំទី ៧ របស់វៀតណាម ហើយវៀតណាមជាដៃគូសំខាន់ទី១០ របស់អូស្ត្រាលី។ វិស័យអប់រំត្រូវបានគេចាត់ទុកថាជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រោះនេះជាតម្រូវការរបស់វៀតណាម និងអូស្ត្រាលីមានឧត្តមភាពក្នុងវិស័យនេះ។ សហគមន៍វៀតណាមនៅប្រទេសអូស្ត្រាលី មានប្រមាណ ៣៥ ម៉ឺននាក់ ជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមសហគមន៍ជនជាតិដើមកំណើតបរទេសនៅប្រទេសអូស្ត្រាលី ដែលជាកត្តាដើរតួនាទីជាស្ពាននាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ។

ដើម្បីបន្តជំរុញសន្ទុះនៃការអភិវឌ្ឍបច្ចុប្បន្ននៃទំនាក់ទំនង រួមជាមួយនឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាថាមពល ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ កំណើនបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចឌីជីថលជាដើម។ ប្រការនេះរួមចំណែកដល់ការអភិវឌ្ឍយ៉ាងទូលំទូលាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វប្បធម៌ ទេសចរណ៍... តែងតែត្រូវបានលើកកម្ពស់។

ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី វៀតណាម និងអូស្ត្រាលីគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ និងអង្គការនានា ដូចជាអង្គការសហប្រជាជាតិ អាស៊ាន APEC ASEM EAS... តួនាទី និងជំហររបស់វៀតណាមនាពេលបច្ចុប្បន្ននេះដែលត្រូវបានលើកកំពស់លើឆាកអន្តរជាតិ បានបង្កើតកម្លាំងចលករសម្រាប់វៀតណាម និងអូស្ត្រាលី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតនៅក្នុងយន្តការសហប្រតិបត្តិការពហុភាគី។ ប្រទេសទាំងពីរកំពុងកាន់តំណែងជាសហប្រធាននៃកម្មវិធីអាស៊ីអាគ្នេយ៍នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) សម្រាប់ដំណាក់កាល ២០២២-២០២៥។ អូស្ត្រាលីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដែលវៀតណាមជាសមាជិក។ ភាគីទាំងពីរចែករំលែកផលប្រយោជន៍រួមជាច្រើនសម្រាប់តំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក David Hurley អគ្គទេសាភិបាលអូស្ត្រាលី គឺជាការចាប់ផ្ដើមមួយឆ្នាំមានសារៈសំខាន់ក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដោយកត់សម្គាល់នូវព្រឹត្តិការណ៍ថ្មីក្នុងប្រវត្តិសាស្ត្រ ៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី។ ដំណើរទស្សនកិច្ចនេះត្រូវបានគេជឿជាក់ថានឹងបើកឱកាសសហប្រតិបត្តិការជាច្រើនលើវិស័យផ្សេងៗ និងបង្កើតកម្លាំងចលករបន្ថែមទៀតដើម្បីជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលកំពុងឈរលើមាគ៌ានៃការអភិវឌ្ឍឥតឈប់ឈរ។

បកប្រែដោយ Minh Trung