ក្នុងនាមជាកិច្ចប្រជុំកំពូលជាផ្លូវការដំបូង ក្នុងឆ្នាំជាប្រធានអាស៊ានឆ្នាំ ២០២០  កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ត្រូវបានធ្វើឡើងក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 ដែលបាន និងកំពុងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់តំបន់ក៏ដូចជាពិភពលោក។ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែមេសា តាមផែនការដើម ក៏ប៉ុន្តែចុងក្រោយត្រូវលើកពេល ហើយនិងត្រូវបានរៀបចំតាមទំរង់ប្រព័ន្ធវីដេអូទៅវិញព្រោះតែជំងឺរាតត្បាតនេះនៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។

leftcenterrightdel
រូបជាឧទាហរណ៍

 

តាំងពីដើមឆ្នាំនេះក្នុងនាមជាប្រធានអាស៊ាន វៀតណាម និងបណ្តាប្រទេសជាសមាជិកបានកំណត់ប្រធានបទរួមសម្រាប់ឆ្នាំអាស៊ាន ២០២០ គឺ “ភាពស្អិតរមួត និងការឆ្លើយតប” ដើម្បីលើកកម្ពស់បុព្វហេតុនៃការកសាងសហគមន៍ និងលើកកម្ពស់តួនាទីរបស់អាស៊ាននៅក្នុងពិភពមួយដែលពាសពេញទៅដោយភាពច្របូកច្របល់។ ការផ្ទុះឡើងជាយថាហេតុនៃជំងឺ Covid-19 នោះបានធ្វើឱ្យប្រធានបទ "ភាពស្អិតរមួត និងការឆ្លើយតប" កាន់តែមានភាពទាន់ពេលវេលា និងត្រឹមត្រូវជាងពេលណាៗទាំងអស់។

ប្រសិនបើចាត់ទុករោគរាតត្បាត Covid-19 ជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតសម្រាប់មនុស្សជាតិ ហើយនិងជាវិបត្តិពិភពលោកដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២មកនោះ គឺជាការពិតណាស់វាក៏ជាបញ្ហាប្រឈមធំបំផុតសម្រាប់អាស៊ានក្នុងរយៈពេលកន្លះសតវត្សរ៍នៃការបង្កើតឡើង និងអភិវឌ្ឍន៍ផងដែរ។ ដោយទទួលតួនាទីជាប្រធានអាស៊ានក្នុងគ្រាលំបាកនេះ វៀតណាមបានយល់ដឹងយ៉ាងច្បាស់ពីការទទួលខុសត្រូវរបស់ខ្លួនហើយបានប្តេជ្ញាចិត្តប្រកៀកស្មាជាមួយបណ្តាប្រទេសសមាជិកអាស៊ានដើម្បីដឹកនាំទូកអាស៊ានឲ្យឆ្លងកាត់ព្យុះភ្លៀងដ៏កាចសាហាវនេះ។

ចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាតមកម៉្លេះ ដើម្បីលើកកម្ពស់តួនាទីជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមបានក្តាប់ភាពជាម្ចាស់  ហើយនិងជំរុញយ៉ាងសកម្មសាមគ្គីភាព ឯកភាព និងការសម្របសម្រួលនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អាស៊ានក្នុងការឆ្លើយតបជាមួយរោគរាតត្បាត។ បន្ទាប់ពីពិគ្រោះយោបល់ជាមួយមេដឹកនាំអាស៊ាននោះ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចេញសេចក្តីថ្លែងការណ៍ប្រធានអាស៊ាន ដោយអះអាងនូវការប្តេជ្ញាចិត្ត ការសន្យាខាងនយោបាយនៅកម្រិតខ្ពស់របស់អាស៊ានក្នុងការគ្រប់គ្រង ការទប់ស្កាត់ជំងឺរាតត្បាត។ ដោយលើកកម្ពស់ប្រសិទ្ធភាពនៃស្មារតី “ភាពស្អិតរមួត និងការឆ្លើយតប” ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានដឹកនាំអាស៊ានកសាងយន្តការនៃការសម្របសម្រួល កិច្ចសហប្រតិបត្តិការ ព្រមទាំងបានរៀបចំកិច្ចប្រជុំជាច្រើនរបស់អាស៊ានតាមប្រព័ន្ធវីដេអូនៅគ្រប់កម្រិត គ្រប់វិស័យ ជាពិសេសគឺកិច្ចប្រជុំកំពូលពិសេសអាស៊ានស្តីពីការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងខែមេសាកន្លងមកដោយបានដាក់ចេញនូវវិធានការជាក់លាក់ជាច្រើនដូចជា៖ ការបង្កើតមូលនិធិសហប្រតិបត្តិការឆ្លើយតប Covid-19 ការបង្កើតឃ្លាំងស្តុកទុកបំរុងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ការបង្កើតបែបផែនកំណត់ការ ឆ្លើយតបបន្ទាន់រួមរបស់អាស៊ាននៅពេលមានជំងឺរាតត្បាតផ្ទុះឡើង ការបង្កើតផែនការស្តារអាស៊ានឡើងវិញ។ ប្រទេសវៀតណាមក៏លើកកម្ពស់ការសម្របសម្រួលរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនរវាងអាស៊ាននិងដៃគូនានាដូចជា ចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប រុស្ស៊ី ជាដើម ដើម្បីជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបជាមួយជំងឺ Covid-19 និងជួយជំនះឥទ្ធិពលនៃជំងឺរាតត្បាត។

ក្នុងបរិបទបែបនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ គឺជាឱកាសមួយសម្រាប់ប្រទេសវៀតណាម និងបណ្តាប្រទេសសមាជិកអាស៊ានបន្តផ្លាស់ប្តូរទស្សនៈ  និងពិភាក្សាអំពីវិធានការដើម្បីកសាងសហគមន៍លើសសរស្តម្ភចំនួន ៣ គឺនយោបាយសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ ហើយនេះក៏ជាឱកាសសម្រាប់អាស៊ានផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ការអាទិភាព គំនិតផ្តួចផ្តើមក្នុងឆ្នាំ២០២០ ការពង្រឹងសាមគ្គីភាព ឯកភាព បង្កើនជំនួយទៅវិញទៅមក បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាម្ចាស់របស់អាស៊ានក្នុងការប្រឈមមុខនឹងបញ្ហាអន្តរជាតិ និងក្នុងតំបន់នាពេលបច្ចុប្បន្ន រួមទាំងការរីករាលដាលនៃជំងឺ Covid-19 ។

ក្នុងប្រវត្តិសាស្ត្រជាង ៥ ទសវត្សនៃការបង្កើត និងការអភិវឌ្ឍ បន្ទាប់ពីការលំបាកបញ្ហាប្រឈម និងវិបត្ដិនីមួយៗអាស៊ានកាន់តែរឹងមាំជាងមុន។ ឥឡូវនេះគឺជាពេលវេលាសម្រាប់អាស៊ានបន្តលើកកម្ពស់ប្រពៃណីដ៏ថ្លៃថ្នូរនោះហើយបង្ហាញពីបេសកកម្មរបស់ខ្លួនដើម្បីធ្វើជាទីបង្អែកសម្រាប់ប្រទេសជាសមាជិកអាស៊ាននៅក្នុងគ្រាពេលដ៏លំបាកបំផុត។ ជាងពេលណាៗទាំងអស់ ប្រទេសសមាជិកអាស៊ាននីមួយៗត្រូវតែមាន “ការគិតគូសហគមន៍ ការធ្វើការសហគមន៍”។ ការឆ្លើយតបឱ្យបានទាន់ពេលវេលា និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងគោលនយោបាយក៏ដូចជាសកម្មភាពក្នុងចំណោមប្រទេសជាសមាជិកទាំង ១០ នឹងជាកត្តាកំណត់ក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ យើងជឿជាក់ថា Covid-19 មិនត្រឹមតែ អាចយកឈ្នះបានប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញវានឹងបង្កើតកម្លាំងចលករជំរុញឱ្យអាស៊ានកាន់តែរឹងមាំ និងជាសហគមន៍ប្រកបដោយ “ភាពស្អិតរមួត និងការឆ្លើយតប” ដែលមិនថាក្នុងកាលៈទេសៈ និងការលំបាកណាមួយក៏ដោយ៕

បកប្រែដោយ Minh Trung