ដំណើរទស្សនកិច្ចរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងចិន
កប.អនឡាញ - បន្ទាប់ពីលោក Li Qiang នាយករដ្ឋមន្ត្រីចិនបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា លោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម បានអញ្ជើញផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ច ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ចែករំលែកនៅក្នុងសន្និសីទសារព័ត៌មាននៃប្រទេសទាំងពីរនៅស្ថានទូតចិនប្រចាំទីក្រុងហាណូយ នារសៀលថ្ងៃទី១៤ ខែតុលា លោកឯកអគ្គរដ្ឋទូត He Wei បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Li Qiang បានធ្វើឡើងចំពេលដែលវៀតណាម និងចិនកំពុងអនុវត្តការយល់ដឹងរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់បក្សទាំងពីរ និងប្រទេសទាំងពីរ និងឈានចូលឆ្នាំដំបូងនៃការអនុវត្តការកសាងសហគមន៍ចែករំលែកអនាគត វៀតណាម-ចិន ដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ជោគជ័យនៃដំណើរទស្សនកិច្ចរួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយរវាងវៀតណាមនិងចិនឱ្យកាន់តែខ្លាំងថែមទៀត។ ក្នុងជំនួប និងកិច្ចពិភាក្សាទាំងឡាយ ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតលើការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី គឺជាទិសដៅអាទិភាព និងជម្រើសជាយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ប្រទេសមួយនេះ គឺជាឱកាសអភិវឌ្ឍរបស់ប្រទេសមួយទៀត ហើយទន្ទឹមនឹងនោះក៏ជាកត្តាវិជ្ជមានសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។ ភាគីទាំងពីរក៏បានឯកភាពអនុវត្តយ៉ាងពេញលេញនូវការយល់ដឹងរួមដ៏សំខាន់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់បក្សទាំងពីរ និងប្រទេសទាំងពីរក្នុងទិសដៅ “៦ បន្ថែមទៀត” ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ឱ្យសម្រេចបានជោគជ័យជាក់ស្តែងជាច្រើន។
|
|
លោក He Wei ឯកអគ្គរដ្ឋទូតចិននៅក្នុងសន្និសីទសារព័ត៌មាន |
ដំណើរទស្សនកិច្ចក៏បានរួមចំណែកជំរុញបន្ថែមទៀតនូវនិន្នាការនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ ក្នុងនោះ ភាគីទាំងពីរបានឈានដល់ការយល់ដឹងរួមស្តីពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម លើកកំពស់ការតភ្ជាប់ផ្លូវដែក ផ្លូវហាយវេ ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និងការតភ្ជាប់គយឆ្លាតវៃ។ល។ ភាគីទាំងពីរក៏បានរៀបចំការពិភាក្សាធុរកិច្ចវៀតណាម-ចិន ប្រកបដោយជោគជ័យ ដោយហេតុនេះជំរុញអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត។
យោងតាមលោកឯកអគ្គរដ្ឋទូត He Wei ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពពង្រឹងការឃោសនាអំពីទំនាក់ទំនងមិត្តភាព ចិន-វៀតណាម ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ និងគាំទ្រមូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេសតំបន់ព្រំដែន អនុវត្តសកម្មភាពជួបប្រាស្រ័យ និងសហប្រតិបត្តិការ។
|
|
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន |
នៅក្នុងកិច្ចពិភាក្សា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Li Qiang នាយករដ្ឋមន្ត្រីចិន ក៏បានពិភាក្សាដោយស្មោះត្រង់ និងស៊ីជម្រៅអំពីបញ្ហាដែនសមុទ្រ និងឯកភាពបន្តតាមរយៈកិច្ចប្រជុំប្រឹក្សាមិត្តភាព ដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានគ្រប់គ្រាន់។
លទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចនេះក៏ត្រូវបានបង្ហាញតាមរយៈការដែលភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារដ៏សម្បូរបែប ព្រមទាំងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១០ លើវិស័យតភ្ជាប់គមនាគមន៍ គយ ការពារជនស៊ីវិល ការអប់រំ ពាណិជ្ជកម្ម កសិកម្ម សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងធនាគារ។ល។
ដោយវាយតម្លៃអំពីទំនាក់ទំនងវៀតណាម-ចិន នាពេលបច្ចុប្បន្ននេះ លោកឯកអគ្គរដ្ឋទូត He Wei បានចាត់ទុកថា ដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានផ្ញើសារអំពីទំនាក់ទំនងមិត្តភាពវៀតណាម-ចិន និងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត He Wei បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តចិន ដោយចាត់ទុកថា នេះគឺជាមូលដ្ឋានគ្រឹះនយោបាយ និងជាកត្តាសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម-ចិន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការតម្រង់ទិសយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់បក្សទាំងពីរ និងប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន បន្តសម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមាន។ នាពេលខាងមុខ ភាគីទាំងពីរត្រូវបន្តអនុវត្តការតម្រង់ទិសយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់បក្សទាំងពីរ ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍របស់ប្រទេសទាំងពីរក្នុងការកសាងសហគមន៍ចែករំលែកអនាគត វៀតណាម-ចិន មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលកំណត់ទីតាំងថ្មីសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងទ្វេភាគីឡើងកម្រិតកំពស់ថ្មីមួយ។
ឆ្នាំ ២០២៥ គឺជាឆ្នាំរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន ហើយក៏ជា “ឆ្នាំនៃការផ្លាស់ប្តូរមនុស្សសាស្រ្តវៀតណាម-ចិន” លោកឯកអគ្គរដ្ឋទូត He Wei បានចាត់ទុកថា នេះជាឱកាសដ៏ល្អសម្រាប់ប្រទេសទាំងពីរបន្តពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី និងនាំមនោសញ្ចេតនាមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរក្លាយទៅជាកត្តាជំរុញទំនាក់ទំនងទ្វេភាគី៕
បកប្រែដោយ Huyen Trang