ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសំខាន់ៗ

បន្ទាប់ពិធីទទួលបដិសណ្ឋារកិច្ច លោក Pham Minh Chinh បានជួបពិភាក្សាជាមួយលោក Li Qiang។ ក្នុងបរិយាកាសនៃភាពស្មោះត្រង់ មិត្តភាព និងបើកចំហ នាយករដ្ឋមន្ត្រីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីរបានវាយតំលៃយ៉ាងស៊ីជម្រៅលើការអនុវត្តទស្សនៈរួម និងកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យផ្សេងៗរវាងប្រទេសទាំងពីរ ព្រមទាំងឯកភាពលើទិសដៅ និងវិធានការនានាដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅ “៦ បន្ថែមទៀត” កសាងសហគមន៍ចែករំលែកអនាគតរវាងវៀតណាមនិងចិនដែលមានអត្ថន័យជាយុទ្ធសាស្ត្រដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងដំណើរទស្សនកិច្ចជាន់ខ្ពស់។

leftcenterrightdel
លោក Pham Minh Chinh និងលោក Li Qiang ថតរូបជាមួយគ្នាមុនកិច្ចពិភាក្សា

នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលដ៏សំខាន់ និងគួរឲ្យចាប់អារម្មណ៍ក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ក្នុងនោះ ទំនុកទុកចិត្តខាងនយោបាយត្រូវបានពង្រឹង ការផ្លាស់ប្តូរ និងជំនួបគ្រប់លំដាប់ថ្នាក់ត្រូវបានរក្សាជាប្រចាំ ការតភ្ជាប់យុទ្ធសាស្ត្រ ជាពិសេសការតភ្ជាប់ចរាចរណ៍ត្រូវបានជម្រុញ។ កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានាសម្រេចបានសមិទ្ធិផលជាក់លាក់ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ២១.៩% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤។ កិច្ចសហប្រតិបត្តិការទេសចរណ៍បានងើបឡើងវិញយ៉ាងខ្លាំង ដោយមានចំនួនភ្ញៀវទេសចរចិនមកវៀតណាមសម្រេចបាន ២.៧ លាននាក់ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ ដែលលើសពីចំនួនភ្ញៀវទេសចរសរុបនៅឆ្នាំ២០២៣។ កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរមានភាពរស់រវើក កិច្ចសហការពហុភាគីកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពជាង។

ចំពោះកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ បន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ រក្សាជំនួបជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជំរុញការផ្លាស់ប្តូរនិងយន្តការសហប្រតិបត្តិការ ជាពិសេសលើវិស័យការបរទេស ការពារជាតិ បង្កើនការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងយន្តការ និងវេទិកាពហុភាគី សហការក្នុងការគ្រប់គ្រងព្រំដែនគោកឲ្យបានល្អ។ល។ នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃមណ្ឌលទេសភាពទឹកធ្លាក់ Ban Gioc (វៀតណាម) – De Tian (ប្រទេសចិន) ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៤។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាដែនសមុទ្រ ហើយឯកភាពបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈរួមជាន់ខ្ពស់ និងកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្រវៀតណាម-ចិន ស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបានដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាមនិងចិន ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS)។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការចំនួន ១០ រវាងប្រទេសទាំងពីរលើវិស័យតភ្ជាប់ចរាចរណ៍ គយ សេវាស៊ីវិល ការអប់រំ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងធនាគារ។ល។

ពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ

នាថ្ងៃទី ១៣ ខែតុលា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន។

leftcenterrightdel
លោក Tran Thanh Man ជួបសន្ទនាជាមួយលោក Li Qiang

លោក Tran Thanh Man សង្កត់ធ្ងន់ថា ក្នុងបរិបទនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាមនិងចិនកំពុងជំរុញការកសាងសហគមន៍ចែករំលែកអនាគតដែលមានអត្ថន័យជាយុទ្ធសាស្ត្រ ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ រួមចំណែករក្សាការផ្លាស់ប្តូរយុទ្ធសាស្រ្តជាន់ខ្ពស់ ជំរុញការអនុវត្តទស្សនៈរួម និងការអនុវត្តឯកសារដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរនាពេលកន្លងមកនេះ បង្កើតកម្លាំងចលករសម្រាប់ការជំរុញអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី។

ក្នុងបរិយាកាសមិត្តភាព ភាពស្មោះត្រង់ និងបើកចំហ លោក Tran Thanh Man និងលោក Li Qiang បានរំលឹកឡើងវិញនូវសមិទ្ធិផលសំខាន់ៗក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាចិននាពេលកន្លងមកនេះ ហើយឯកភាពថា ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ទូលំទូលាយ និងជាក់ស្ដែង។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

លោក Tran Thanh Man បានលើកឡើងនូវសំណើដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខ រួមទាំងការបង្កើនទំនុកចិត្តផ្នែកនយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ បង្កើនការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននិងប្រជាជន ជម្រុញការតភ្ជាប់ផ្លូវដែក និងផ្លូវហាយវ៉េរវាងភាគីទាំងពីរ ជម្រុញការនាំចេញផលិតផលកសិកម្ម និងជលផលរបស់វៀតណាមទៅកាន់ប្រទេសចិន ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង និងថាមពលកកើតឡើងវិញ និងរៀបចំសកម្មភាពផ្លាស់ប្តូរមនុស្សធម៌វៀតណាម-ចិនឆ្នាំ២០២៥។ ចំពោះកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបន្តលើកកំពស់តួនាទីនីតិបញ្ញត្តិ និងត្រួតពិនិត្យក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរបទពិសោធន៍ក្នុងកសាងនីតិរដ្ឋសង្គមនិយម ក្រោមការដឹកនាំរបស់បក្ស។ ទាក់ទិននឹងបញ្ហានៅសមុទ្រ ភាគីទាំងពីរត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងជាន់ខ្ពស់ និងទស្សនៈរួមជាន់ខ្ពស់ ដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រដោយសន្តិវិធី អនុលោមតាមកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាម និងចិន ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២។

លោក Li Qiang បានសម្តែងការឯកភាពចំពោះសំណើរបស់ លោក Tran Thanh Man ហើយអះអាងថា បក្ស រដ្ឋ និងប្រជាជនចិនមានបំណងសហការជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាអ្នកជិតខាង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមដែលមានអត្ថន័យជាយុទ្ធសាស្ត្រ រួមចំណែកក្នុងការកសាងទំនើបភាវូបនីយកម្មសង្គមនិយមនៅក្នុងប្រទេសនីមួយៗ៕

បកប្រែដោយ Thuy Anh