leftcenterrightdel
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ទទួលជួបលោក  Li Qiang  នាយករដ្ឋមន្ត្រីចិន

នាយប់ថ្ងៃទី ១២ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) លោក អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម To Lam បានជួបពិភាក្សាជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ។ លោក To Lam បានអះអាងថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Li Qiang នៅវៀតណាមក្នុងឋានៈជានាយករដ្ឋមន្ត្រីមានអត្ថន័យសំខាន់ បន្តនាំទំនាក់ទំនង រវាងបក្សទាំងពីរ និងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍កាន់តែខ្លាំងឡើង កាន់តែស៊ីជម្រៅ ជាក់ស្តែង គ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។

leftcenterrightdel
លោក អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ថ្លែងក្នុង​ជំនួប

រីឯខ្លួនវិញ លោក Li Qiang បានសង្កត់ធ្ងន់ថា ចិនចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសជាមួយប្រទេសជិតខាង និងអះអាងថា បក្ស និងរដ្ឋាភិបាលចិនគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវបុព្វហេតុផ្លាស់ប្តូរថ្មី ការអភិវឌ្ឍន៍ និងការកសាងសង្គមនិយមរបស់វៀតណាម។

leftcenterrightdel
លោក  Li Qiang  នាយករដ្ឋមន្ត្រីចិន ថ្លែងក្នុង​ជំនួប

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ កិច្ចការបរទេស និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី; ទន្ទឹមនឹងនោះ បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រក្សាពាណិជ្ជកម្មព្រំដែនឱ្យរលូន និងដាក់ពង្រាយការកសាងគំរូច្រកទ្វារព្រំដែនឆ្លាតវៃ; ពង្រឹងការតភ្ជាប់រវាងក្របខ័ណ្ឌ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" និងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ដោយផ្តល់អាទិភាពដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការតភ្ជាប់ផ្លូវដែក។ លោក To Lam ឲ្យដឹងថា នឹងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចចិនមកវៀតណាមដើម្បីបណ្តាក់ទុនលើគម្រោងខ្នាតធំជាមួយនឹងបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនោះ លោក Li Qiang បានសង្កត់ធ្ងន់ថា ចិននឹងបង្កើនការបើកទីផ្សារសម្រាប់ផលិតផលកសិកម្មវៀតណាម; គាំទ្រវៀតណាមបើកការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មនៅចិន។ ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ការអភិវឌ្ឍន៍បៃតង ការធ្វើបរិវត្តកម្មឌីជីថល ...

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២៥ មេដឹកនាំទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងល្អដើម្បីរៀបចំសកម្មភាពក្នុង “ឆ្នាំនៃការផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម - ចិន” ខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ទាក់ទិននឹងបញ្ហាដែនសមុទ្រ ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ លោក To Lam បានស្នើថា ភាគីទាំងពីរអនុវត្តយ៉ាងតឹងរឹងនូវការយល់ដឹងរួមកម្រិតខ្ពស់; ស្វែងរកយ៉ាងសកម្មនូវវិធីសាស្ត្រ និងវិធានការដ៏មានប្រសិទ្ធភាព ដើម្បីគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នា ឱ្យកាន់តែប្រសើរឡើង។ ពង្រឹងកិច្ចសហប្រតិបត្តិការស្របតាមកម្រិតនៃទំនាក់ទំនងទ្វេភាគី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

បកប្រែដោយ Duy Hoan