ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

សន្ធិសញ្ញាព្រំដែនគោកវៀតណាម-ចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៩៩ ហើយចូលជាធរមានជាផ្លូវការនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០០០។ ដើម្បីសម្រេចបាននូវចំណុចនេះ ភាគីទាំងពីរបានឆ្លងកាត់ដំណើរការចរចារយៈពេលជាង ៣០ ឆ្នាំ ដោយឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនដោយសារលក្ខខណ្ឌធម្មជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នយោបាយ ច្បាប់ ចិត្តវិទ្យា មនោសញ្ចេតនា និងបញ្ហាប្រវត្តិសាស្ត្រដែលបានបន្សល់ទុក។

បន្ទាប់មក វៀតណាម និងចិនបានបង្កើតក្រុមចម្រុះចំនួន ១២ ហើយបានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែន តាមវិធីសាស្ត្រទ្វេភាគី។ លើសពីនេះ ភាគីទាំងពីរបានធ្វើការចរចាជាផ្លូវការចំនួន ៩ ថ្នាក់រដ្ឋាភិបាល កិច្ចប្រជុំជាច្រើនរវាងប្រធានគណៈប្រតិភូទាំងពីរ និងការចរចាចំនួន ៣៩ ថ្នាក់ប្រធានគណៈកម្មាធិការចម្រុះស្តីពីការខណ្ឌសីមា និងបោះបង្គោលព្រំដែន។

leftcenterrightdel
ពិធីប្រកាសដំឡើងច្រកទ្វារព្រំដែន Tra Linh (វៀតណាម) – Longbang (ចិន) ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ (រូបថត៖ vov.vn)

លុះដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ការខណ្ឌសីមា និងបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ ហើយភាគីទាំងពីរបានធ្វើការខណ្ឌសីមាលើដីជាក់ស្តែង។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៩ តំណាងរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន៣ ស្តីពីព្រំដែនគោកវៀតណាម-ចិន រួមមាន៖ ពិធីសារស្តីពីការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម-ចិន; សន្ធិសញ្ញាស្តីពីបទប្បញ្ញត្តិគ្រប់គ្រងព្រំដែនគោកវៀតណាម-ចិន; សន្ធិសញ្ញាស្តីពីច្រកទ្វារព្រំដែន និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកវៀតណាម-ចិន។ ឯកសារទាំងបីនេះចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១០។

បន្ទាត់ព្រំដែនគោកវៀតណាម-ចិន មានប្រវែង ១,៤៤៩.៥៦៦ គីឡូម៉ែត្រ និងមានបង្គោលព្រំដែនចំនួន ១៩៧១ ដែលមានទីតាំងនៅតាមប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS), ប្រព័ន្ធកំណត់ទីតាំងសកល (GPS) ធានានូវភាពត្រឹមត្រូវមីលីម៉ែត្រតាមស្តង់ដារអន្តរជាតិ។

ដោយវាយតម្លៃពីសារៈសំខាន់នៃសន្ធិសញ្ញាព្រំដែនគោកវៀតណាម-ចិន បន្ទាប់ពីរយៈពេល ២៥ ឆ្នាំនៃការចុះហត្ថលេខានោះ លោកបណ្ឌិត Tran Cong Truc អតីតប្រធានគណៈកម្មាធិការព្រំដែនរដ្ឋាភិបាលបានមានប្រសាសន៍ថា៖ “តាមការពិតក្នុងប្រវត្តិសាស្ត្រ នេះជាលើកដំបូងហើយដែលវៀតណាម និងចិនបានបង្កើតបន្ទាត់ព្រំដែនគោកច្បាស់លាស់ និងរលូនពីខាងលិចទៅខាងកើត ជាមួយនឹងប្រព័ន្ធបង្គោលព្រំដែនទំនើប និងផ្លូវការ។ ការដោះស្រាយបញ្ហាព្រំដែនបានបង្កើតបរិយាកាសនយោបាយ និងច្បាប់សម្រាប់ភាគីទាំងពីរបន្តសហប្រតិបត្តិការជាមួយគ្នា ក្នុងការជំរុញសេដ្ឋកិច្ច សន្តិសុខ ការពារជាតិ…”។

របាយការណ៍បូកសរុបនៃ "សន្និសីទដើម្បីអបអរសាទរខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែន និងខួបលើកទី ១៥ នៃការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោកវៀតណាម-ចិន" ក៏បានសង្កត់ធ្ងន់ថា បន្ទាត់ព្រំដែនសន្តិភាព និងស្ថិរភាព រួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់ព្រំដែន សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មតាមច្រកទ្វារព្រំដែនមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។

លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានវាយតម្លៃថា៖ “ជាទូទៅ ស្ថានភាពនៅព្រំដែនគោកវៀតណាម-ចិន មានស្ថិរភាព ប្រព័ន្ធព្រំដែន និងបង្គោលព្រំដែនត្រូវបានថែរក្សា ហើយសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតំបន់ព្រំដែនត្រូវបានធានា; ការងារបើក និងតំឡើងច្រកទ្វារព្រំដែន ការតភ្ជាប់ចរាចរណ៍ ... ទទួលបានការយកចិត្តទុកដាក់ពីភាគីទាំងពីរ ហើយការជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ព្រំដែន ត្រូវបានផ្តោតសំខាន់លើការជំរុញផងដែរ។ គណៈកម្មការចម្រុះព្រំដែនគោក វៀតណាម-ចិន និងកងកម្លាំងសមត្ថកិច្ចនៃភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន រកឃើញ និងដោះស្រាយបញ្ហាកើតមានឡើងទាន់ពេលវេលា។

មេរៀនដ៏មានតម្លៃ

ការចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនគោកវៀតណាម-ចិនបានឆ្លងកាត់ការឡើងចុះជាច្រើន រួមជាមួយនឹងដំណើរការនៃការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត Tran Cong Truc បានឲ្យដឹងថា បទពិសោធន៍នៃការដោះស្រាយបញ្ហាព្រំដែនគោករវាងវៀតណាម និងចិន នាំមកនូវមេរៀនជាច្រើន ដើម្បីអនុវត្តចំពោះទិសដៅព្រំដែនផ្សេងទៀត ឧទាហរណ៍ ព្រំដែនវៀតណាម-កម្ពុជា ឬព្រំដែនសមុទ្រ។

ដោយបានចូលរួមដោយផ្ទាល់នៅក្នុងការចរចាព្រំដែនវៀតណាម-ចិន បន្ទាប់ពីប្រទេសទាំងពីរបានធ្វើប្រក្រតីកម្មទំនាក់ទំនងឡើងវិញ ហើយគឺជាមនុស្សដំបូងគេនៅអាស៊ីដែលបានបកប្រែអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ លោកបណ្ឌិត Tran Cong Truc បានចាត់ទុកថា នៅពេលធ្វើការងារព្រំដែន ការងារដំបូងគឺការបង្ហាញសុច្ឆន្ទៈ។

ក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោកវៀតណាម-ចិន ភាគីទាំងពីរបានប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលសម្រេចបានដើម្បីបង្កើតបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព និងស្ថិរភាព។ ទីមួយ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងលើគោលការណ៍ និងមូលដ្ឋានច្បាប់ ដើម្បីអនុវត្តដំណើរការជាក់លាក់នៅពេលក្រោយ។ បន្ទាប់មក ភាគីទាំងពីរបានសហការអនុវត្តដំណើរការរៀបចំផែនការព្រំដែន។ បន្ទាប់មក ភាគីទាំងពីរបានបង្កើតគណៈកម្មការចម្រុះ និងបង្កើតប្រព័ន្ធកំណត់ព្រំដែនផ្លូវការ និងទំនើប។ ក្រោយពីមានបន្ទាត់ព្រំដែនលើដីគោកជាក់ស្តែងរួច ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារដើម្បីទាញយកផលធនធានរួម។

លោកបណ្ឌិត Tran Cong Truc ក៏បានសង្កត់ធ្ងន់លើបាវចនា “សហប្រតិបត្តិការផង និងតស៊ូផង” ក្នុងការដោះស្រាយបញ្ហាព្រំដែន និងគ្រប់គ្រងព្រំដែនគោកជាមួយប្រទេសជិតខាង។ នៅក្នុងការពិតនៃប្រវត្តិសាស្ត្រ ទំនាក់ទំនងជាមួយប្រទេសជិតខាង ទាមទារឱ្យមានភាពបត់បែន ប៉ុន្តែក៏ត្រូវការប្តេជ្ញាចិត្តទៀតផង៕

បកប្រែដោយ Huyen Trang