លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបម្រើអាណិកជនវៀតណាមនៅឯបរទេសតាមរយៈទិន្នន័យឌីជីថល
កប.អនឡាញ - នាពេលថ្មីៗនេះ នៅទីក្រុងហូជីមិញ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ បានប្រារព្ធពិធី “ជួបសំណេះសំណាលជាមួយអាណិកជនវៀតណាមនៅឯបរទេសលើកទី២ ឆ្នាំ២០២៤” ក្រោមប្រធានបទ “ដំណោះស្រាយអនុវត្តការកសាងទិន្នន័យធនធានមនុស្សរបស់ជនជាតិវៀតណាមនៅឯបរទេស ក្នុងយុគសម័យឌីជីថល និងសមាហរណកម្មអន្តរជាតិ នាពេលបច្ចុប្បន្ន ប្រកបដោយប្រសិទ្ធភាព”។
នេះជាសកម្មភាពបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាណិកជនវៀតណាមនៅឯបរទេស ជាមួយសាច់ញាតិអាណិកជនវៀតណាមនៅទីក្រុងហូជីមិញ ដើម្បីជួបប្រាស្រ័យ ផ្លាស់ប្តូរ ចែករំលែកព័ត៌មាន និងសហប្រតិបត្តិការលើវិស័យជាច្រើន។
ថ្លែងមតិក្នុងសន្និសីទនេះ លោក Le Van Thu អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការកសាងប្រភពទិន្នន័យរបស់ជនជាតិវៀតណាមនៅឯបរទេស ហើយទន្ទឹមនឹងនោះ អំពាវនាវឱ្យមានការគាំទ្រពីមន្ទីរ សាខា ស្ថាប័នពាក់ព័ន្ធ និងសហគមន៍អាណិកជនវៀតណាមជុំវិញពិភពលោក។ លោកក៏បានអះអាងដែរថា នេះជាភារកិច្ចសំខាន់ដើម្បីពង្រីកធនធានមនុស្សវៀតណាមនៅឯបរទេស រួមចំណែកដល់ការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ។
|
|
លោកស្រី Vu Thi Huynh Mai ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ ថ្លែងមតិនៅក្នុងពិធី (រូបថត៖ គណៈកម្មការរៀបចំ) |
នៅក្នុងសន្និសីទ ប្រតិភូទាំងឡាយបានពិភាក្សា និងស្នើដំណោះស្រាយដើម្បីដាក់ពង្រាយការកសាងប្រភពទិន្នន័យជនជាតិវៀតណាមនៅឯបរទេសប្រកបដោយប្រសិទ្ធភាព។ ប្រតិភូបានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ ដោយចាត់ថានេះជាជំហានសំខាន់ក្នុងការតភ្ជាប់សហគមន៍អាណិកជនវៀតណាមនៅឯបរទេសជាមួយមាតុភូមិរបស់ពួកគេ។ ប្រតិភូបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្តល់អាទិភាព ផ្តោតលើកម្លាំងអ្នកជំនាញបញ្ញវន្តវៀតណាម និងពាណិជ្ជករនៅបរទេស ដើម្បីមានយន្តការសមស្រប ទាក់ទាញធនធាន និងកម្លាំង “ទន់” សម្រាប់ទីក្រុង។
លោកស្រី Vu Thi Huynh Mai ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ បានអះអាងថា ការកសាងប្រភពទិន្នន័យជនជាតិវៀតណាមនៅឯបរទេស គឺជាកត្តាមិនអាចខ្វះបានក្នុងយុគសម័យឌីជីថល។ លោកស្រី Vu Thi Huynh Mai បានសង្កត់ធ្ងន់ថា តាមរយៈប្រភពទិន្នន័យនេះ សិទ្ធិរបស់អាណិកជនវៀតណាមនៅឯបរទេសនឹងត្រូវបានធានាកាន់តែប្រសើរឡើង ហើយទន្ទឹមនឹងនោះ ពង្រឹងធនធានពីអាណិកជនវៀតណាម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍរបស់ទីក្រុង។ លោកស្រី Vu Thi Huynh Mai ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្នាក់ងារគ្រប់គ្រង និងសហគមន៍អាណិកជនវៀតណាមនៅបរទេស៕
បកប្រែដោយ Huyen Trang