អញ្ជើញចូលរួមជំនួបសំណេះសំណាលនេះ មានប្រតិភូកូរ៉េខាងត្បូងចំនួន ៧០ នាក់ តំណាងឱ្យសមាគម អង្គការក្រៅរដ្ឋាភិបាល អង្គការប្រជាជនកូរ៉េខាងត្បូងនានា និងបុគ្គលឆ្នើមដែលបានការរួមចំណែកជាច្រើនក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង។

រីករាយទទួលស្វាគមន៍លោក Pham Minh Chinh មកកាន់ប្រទេសកូរ៉េខាងត្បូង មិត្តកូរ៉េខាងត្បូងបានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍគួរឱ្យចាប់អារម្មណ៍របស់វៀតណាមក្នុងរយៈពេលថ្មីៗនេះ និងសម្តែងក្តីរីករាយដោយបានឃើញទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានពូនជ្រំ រក្សា និងអភិវឌ្ឍឥតឈប់ឈរ ក្លាយជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរបស់គ្នាទៅវិញទៅមក។

ជាមួយនឹងវប្បធម៌ដែលមានភាពស្រដៀងគ្នា និងចិត្តស្មោះស្ម័គ្រ មិត្តកូរ៉េខាងត្បូងមានសកម្មភាពជាច្រើនដើម្បីជួយឧបត្ថម្ភប្រជាជនវៀតណាម ដែលកំពុងធ្វើការ សិក្សា និងរស់នៅកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ មានសកម្មភាពជាក់ស្តែងជាច្រើនផ្សេងទៀត ដើម្បីតភ្ជាប់ និងជំរុញសកម្មភាពសេដ្ឋកិច្ច ពលកម្ម វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សុខាភិបាល អប់រំ និងជួយឧបត្ថម្ភវៀតណាមសម្រាប់ប្រធានបទពាក់ព័ន្ធក្នុងតំបន់ និងអន្តរជាតិ...

ដោយអះអាងថា ប្រជាជនកូរ៉េខាងត្បូង មានមនោសញ្ចេតនាល្អចំពោះប្រទេស និងប្រជាជនវៀតណាម មិត្តកូរ៉េខាងត្បូងបាននិយាយថា ពួកគេនឹងបន្តគាំទ្រ និងជួយឱ្យវៀតណាមក្នុងដំណើរការអភិវឌ្ឍ ហើយទន្ទឹមនឹងនោះជាស្ពានដើម្បីរួមចំណែកក្នុងការអភិវឌ្ឍរបស់វៀតណាម ពង្រឹងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងឱ្យកាន់តែល្អប្រសើរឡើង...

អនុប្រធានសមាគមផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌កូរ៉េខាងត្បូង-វៀតណាម (KOVECA) លោក Kwon Seong Teck មានប្រសាសន៍ថា KOVECA បន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីភ្ជាប់អាជីវកម្មកូរ៉េខាងត្បូង និងវៀតណាម តភ្ជាប់រដ្ឋបាលមូលដ្ឋានសំខាន់ៗរបស់កូរ៉េខាងត្បូង និងវៀតណាម ធ្វើឱ្យអនាគតរបស់វៀតណាមកាន់តែស្រស់ស្អាត និងកាន់តែរឹងមាំ និងជួយវៀតណាមបង្កើនសមត្ថភាពក្នុងសង្គមពិភពលោក។ ជាពិសេស សមាគមផ្តោតសំខាន់លើការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនដូចជា ការផ្លាស់ប្តូរយុវជន ការការពារបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះវិបត្តិអាកាសធាតុ ការផ្តល់បច្ចេកវិទ្យា និងបទពិសោធន៍ដើម្បីអភិវឌ្ឍជនបទ និងកសិកម្មនៅវៀតណាម បង្កើនការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈការផ្លាស់ប្តូរវប្បធម៌ចម្រុះ និងការអភិវឌ្ឍសហគមន៍វៀតណាមនៅកូរ៉េខាងត្បូង។

leftcenterrightdel
 
leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយមិត្តកូរ៉េខាងត្បូង ដែលមានការរួមចំណែកជាច្រើនក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង

លោក Lee Shin Jae ប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង-វៀតណាម (KOVIFA) មានប្រសាសន៍ថា KOVIFA បាននិងកំពុងអនុវត្តសកម្មភាពជាក់ស្តែងជាច្រើនដោយមោទនភាពក្នុងនាមជាអ្នកការទូតឯកជន។ KOVIFA រួមបញ្ចូលធុរកិច្ចដែលកំពុងវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសវៀតណាម ដូច្នេះពួកគេចង់ដើរតួជាស្ពានក្នុងការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មិនត្រឹមតែក្នុងវិស័យវប្បធម៌ និងសង្គមប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យសេដ្ឋកិច្ចផងដែរ។

នៅក្នុងបរិយាកាសស្និទ្ធស្នាល ស្មោះត្រង់នេះ ដោយសម្តែងនូវមនោសញ្ចេតនាចំពោះទឹកចិត្តរបស់មិត្តកូរ៉េខាងត្បូងចំពោះទឹកដី និងប្រជាជនវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានផ្ញើលិខិតថ្លែងអំណរគុណ និងជូនពររបស់លោក Nguyen Phu Trong អគ្គលេខាបក្សជូនចំពោះមិត្តកូរ៉េខាងត្បូង - អ្នកដែលបានទទួលមរតក ចិញ្ចឹមបីបាច់បន្តរួមវិភាគទាន និងលះបង់ជាច្រើនដល់ទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូងក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ ជាពិសេសសូមអរគុណលោក Cho Chul-hyeon ដែលជាអ្នកនិពន្ធសៀវភៅដែលនាំយកឈ្មោះថា “លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong” ដែលទើបតែត្រូវបានបោះពុម្ពផ្សាយ។

រំលឹកឡើងវិញនូវទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការប្រជាជន និងអង្គការមិនមែនរដ្ឋាភិបាលវៀតណាម និងកូរ៉េខាងត្បូងចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរៀបចំសកម្មភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ជាច្រើន ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ រួមចំណែកបង្កើតមូលដ្ឋានសង្គមដ៏រឹងមាំសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្សនិងរដ្ឋវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។

លោក Pham Minh Chinh បានចាត់ទុកថា ដោយឈរលើមូលដ្ឋានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយមានបំណងចង់នាំមកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីបន្តមានការផ្លាស់ប្តូរយ៉ាងសំខាន់ មានប្រសិទ្ធភាព និងយូរអង្វែង ស្របជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងស្មារតី “ស្រលាញ់គ្នាហើយ នឹងស្រលាញ់គ្នាកាន់តែខ្លាំងថែមទៀត” លោក Pham Minh Chinh អំពាវនាវដល់វិនិយោគគិន ធុរកិច្ច និងប្រជាជនកូរ៉េខាងត្បូង បន្តស្រលាញ់វៀតណាម បំប្លែងទឹកចិត្តស្រលាញ់ទៅជាគម្រោងជាក់លាក់ និងកម្មវិធីសហប្រតិបត្តិការដោយមានបាវចនា "ឱ្យតែនិយាយគឺនឹងធ្វើ បានសន្យាគឺត្រូវតែធ្វើ" "មនុស្សច្បាស់លាស់ ការងារច្បាស់លាស់ ពេលវេលាច្បាស់លាស់ ផលិតផលច្បាស់លាស់ និងលទ្ធផលជាក់លាក់" "រួមគ្នាស្តាប់ និងយល់ជ្រាប់" "រួមគ្នាចែករំលែកចក្ខុវិស័យ និងសកម្មភាព ធ្វើការរួមគ្នា ឈ្នះជាមួយគ្នា ទទួលផលនិងអភិវឌ្ឍជាមួយគ្នា" "អត្ថប្រយោជន៍សុខដុមរមនា ហានិភ័យចែករំលែកគ្នា"។

លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា ប្រជាជន និង អ្នកវិនិយោគកូរ៉េខាងត្បូងនឹងបន្តវិនិយោគ ធ្វើអាជីវកម្ម និងរស់នៅវៀតណាម លោកអះអាងថា ពួកគេនឹងត្រូវបានប្រព្រឹត្តិទៅដោយយុត្តិធម៌ និងស្មើភាព ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ រួមចំណែកដល់ចំណងមិត្តភាពនៃប្រទេសទាំងពីរ ភាពរឹងមាំ និងវិបុលភាពនៃប្រទេសទាំងពីរ និងជីវភាពរស់នៅដ៏រុងរឿង សុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung