រយៈពេល ៤៧ ឆ្នាំដែលវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ (១៩៧៧-២០២៤)
បន្តបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសម្រាប់គោលដៅរួម
កប.អនឡាញ - កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ វៀតណាមបានចូលជាសមាជិកជាផ្លូវការអង្គការសហប្រជាជាតិ ដែលជាអង្គការពហុភាគីធំជាងគេក្នុងពិភពលោក ដែលមានបេសកកម្មកសាងច្បាប់ រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព និងការអភិវឌ្ឍនៅលើពិភពលោក។ ដំណើរការជិតប្រាំទស្សវត្សរ៍កន្លងមកនេះ បានបង្ហាញឱ្យឃើញថា ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ គឺជាទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំ នឹងនមានអនាគតវែងឆ្ងាយ។
ត្រូវតែបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ តែងតែរួមដំណើរ និងផ្តល់ជំនួយដ៏មានតម្លៃដល់វៀតណាម ចាប់ពីដំណាក់កាលកសាងប្រទេសឡើងវិញក្រោយសង្គ្រាម រហូតដល់សម័យសមាហរណកម្មអន្តរជាតិកាន់តែទូលំទូលាយដូចសព្វថ្ងៃនេះ។ នេះជាកត្តាសំខាន់ ជួយវៀតណាមសម្រេចបានសមិទ្ធិផលលេចធ្លោក្នុងដំណើរការផ្លាស់ថ្មី និងធ្វើសមាហរណកម្មអន្តរជាតិ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន លើកកំពស់គុណភាពអប់រំ សុខាភិបាល កសិកម្ម ការការពារបរិស្ថាន។ល។ មកទល់បច្ចុប្បន្ននេះ វៀតណាមត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថាជាប្រទេសឈានមុខគេមួយក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDG)។
|
|
កម្មាភិបាល និងបុគ្គលិកនៃក្រុមវិស្វកម្មលេខ៣ និងកងពេទ្យកម្រិត ២ លេខ ៦ របស់វៀតណាម ត្រៀមចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ |
ទន្ទឹមនឹងនោះ ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ បានរួមចំណែកជួយវៀតណាមការពារ និងលើកកំពស់ផលប្រយោជន៍ជាតិ រក្សា និងពង្រឹងសន្តិភាព សន្តិសុខ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ អង្គការសហប្រជាជាតិក៏ដើរតួនាទីជា “បណ្តាញតភ្ជាប់” ដើម្បីវៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេស និងដៃគូឲ្យកាន់តែស៊ីជម្រៅថែមទៀត ដោយហេតុនេះ លើកកំពស់តួនាទី និងឋានៈរបស់ខ្លួនលើឆាកអន្តរជាតិ ទាញយកប្រយោជន៍ពីធនធានដើម្បីអភិវឌ្ឍប្រទេស។
ដើម្បីសម្រេចបាននូវសមិទ្ធិផលទាំងនោះ ក្រៅពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ និងមិត្តអន្តរជាតិ វៀតណាមបានខិតខំប្រឹងប្រែងចូលរួម និងបង្កើនការរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាព និងបេសកកម្មរបស់អង្គការសហប្រជាជាតិ រួមទាំងការលើកកម្ពស់ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ទំនាក់ទំនងស្មើភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសនានា។ វៀតណាមក៏បានរួមចំណែកក្នុងការពិភាក្សា និងអនុម័តលើសេចក្តីសម្រេចចិត្ត និងសេចក្តីថ្លែងការណ៍សំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ លើវិស័យជាច្រើនដូចជា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការលើកកម្ពស់សិទ្ធិមនុស្ស និងការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធប្រល័យលោក... ទន្ទឹមនឹងនោះ ចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសន្តិភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ ជាពិសេស ក្នុងឆ្នាំ ២០១៤ កងទ័ពប្រជាជនវៀតណាមបានបញ្ជូននាយទាហានពីររូបដំបូងទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយមកទល់បច្ចុប្បន្ននេះ នាយទាហាន និងយោធិនជិត ៩០០ នាក់បានបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅតាមប្រភេទបុគ្គល និងអង្គភាព។
|
|
កិច្ចប្រជុំរបស់ ECOSOC នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៤ ដែលក្នុងនោះ វៀតណាមបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការសហប្រជាជាតិ ស្តីពីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី អាណត្តិ ២០២៥-២០២៧ |
ជាមួយនឹងការរួមចំណែកជាវិជ្ជមាន និងជាក់ស្តែងក្នុងសកម្មភាពទូទៅរបស់អង្គការសហប្រជាជាតិ វៀតណាមត្រូវបានបោះឆ្នោត និងអនុវត្តយ៉ាងល្អក្នុងការទទួលខុសត្រូវ ដោយបន្សល់ទុកនូវស្លាកសញ្ញាជាច្រើននៅក្នុងមុខតំណែង និងស្ថាប័នសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ ដូចជាក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) គណៈកម្មការច្បាប់អន្តរជាតិ ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ (យូណេស្កូ)... ហើយបច្ចុប្បន្នមានទំនួលខុសត្រូវសំខាន់ៗក្នុងមុខតំណែងជាច្រើននៃយន្តការពហុភាគីរបស់អង្គការនេះ។
ការជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ តែងតែត្រូវបានកំណត់ថាជាការផ្តោតសំខាន់មួយនៃគោលនយោបាយការបរទេសពហុភាគីរបស់វៀតណាមក្នុងរយៈពេលកន្លងមក។ នាបច្ចុប្បន្ន អង្គការសហប្រជាជាតិបន្តអះអាងនូវតួនាទីដ៏សំខាន់របស់ខ្លួនក្នុងគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋវៀតណាម ដូចដែលមហាសន្និបាតបក្សលើកទី ១៣ បានសង្កត់ធ្ងន់លើគោលនយោបាយលើកកំពស់ទំនាក់ទំនងការទូតពហុភាគី ចូលរួមយ៉ាងសកម្ម និងលើកកំពស់តួនាទីរបស់វៀតណាមក្នុងយន្តការពហុភាគី ជាពិសេសអាស៊ាន និងអង្គការសហប្រជាជាតិ។ល។
ទំនាក់ទំនង វៀតណាម-អង្គការសហប្រជាជាតិ កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលទាមទារការខិតខំប្រឹងប្រែងជាច្រើនពីភាគីទាំងពីរ រួមទាំងការរឹតបន្តឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រការអភិវឌ្ឍរបស់ប្រទេស និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម និងពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិ បន្តខិតខំដើម្បីគោលដៅរួមគឺសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
បកប្រែដោយ Huyen Trang