វៀតណាម និងអៀរឡង់ គឺជាប្រជាជាតិពីរដែលមានភាពស្រដៀងគ្នាជាច្រើននៅក្នុងប្រវត្តិសាស្ត្រនៃការតស៊ូដើម្បីដណ្តើមឯករាជ្យភាព និងមានវប្បធម៌ចម្រុះ ដ៏វិសេសវិសាល ហើយប្រជាជននៃប្រទេសទាំងពីរមានលក្ខណៈមិនចុះញ៉មផង បើកចំហ  និងមានចិត្តមេត្តាករុណាផង។ នេះជាចំណុចសំខាន់សម្រាប់ប្រទេសទាំងពីរ មានការតភ្ជាប់ កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាដើម្បីអភិវឌ្ឍ។

អៀរឡង់គឺជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងស្វាហាប់ ជាមួយនឹងបរិយាកាសអាជីវកម្មឈានមុខគេនៅលើពិភពលោក ហើយគឺជាមជ្ឈមណ្ឌលអប់រំ និងនវានុវត្តន៍លំដាប់ថ្នាក់អន្តរជាតិ ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង និងទេពកោសល្យ; ជាកន្លែងដែលមានមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើនផ្តោតលើឧស្សាហកម្មសំខាន់ៗ សាជីវកម្មបច្ចេកវិទ្យាពហុជាតិ និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ដំណើរការយ៉ាងសកម្មក្នុងវិស័យបច្ចេកវិទ្យាវេទិកា ការគណនាកង់ទិច បញ្ញាសិប្បនិម្មិត មនុស្សយន្ត និងអ៊ីនធឺណិតនៃវត្ថុ។

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៥ មេសា ឆ្នាំ ១៩៩៦ ទំនាក់ទំនង វៀតណាម-អៀរឡង់ បានអភិវឌ្ឍយ៉ាងវិជ្ជមាន ដោយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន។ ស្តីពីនយោបាយ និងការទូត ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ រួមទាំងដំណើរទស្សនកិច្ចផ្លូវការនៅអៀរឡង់របស់លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung (នៅឆ្នាំ ២០០៨) និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Michael D. Higgins ប្រធានាធិបតីអៀរឡង់ (នៅឆ្នាំ ២០១៦)។ ប្រទេសទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam (រូបថត៖ vnexpress.net)

ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម អៀរឡង់បច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំជាងគេទី ៦ របស់វៀតណាមក្នុងទីផ្សារសហភាពអឺរ៉ុប (EU) ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុបឈានដល់ ៣.៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣; ឈានដល់ ២.៧៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤។ មកទល់បច្ចុប្បន្ននេះ អៀរឡង់មានគម្រោងចំនួន ៤១ ដែលមានដើមទុនវិនិយោគចុះបញ្ជីសរុបចំនួន ៦០.៨២ លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ ៥៥/១៤៧ ប្រទេស និងតំបន់ដែនដី ដែលមានដើមទុនវិនិយោគនៅវៀតណាម។

អៀរឡង់ចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតលើវិស័យអប់រំ សមភាពយេនឌ័រ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយឧបត្ថម្ភជនជាតិភាគតិច; បន្តរក្សាការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ឥតសំណងសម្រាប់វៀតណាមលើវិស័យលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ការអប់រំ និងបណ្តុះបណ្តាល ជួយឧបត្ថម្ភជនពិការ និងការបោសសម្អាតមីន។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល មានតួនាទីសំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ អៀរឡង់មានប្រព័ន្ធអប់រំជឿនលឿនជាមួយសាកលវិទ្យាល័យធំៗ និងមានកិត្យានុភាពនៅលើពិភពលោក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អៀរឡង់បានផ្តល់អាហារូបករណ៍ប្រហែល ២៥០ ដល់និស្សិតថ្នាក់បណ្ឌិតរបស់វៀតណាមតាមរយៈកម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ការធ្វើទីផ្សារ ការគ្រប់គ្រងគម្រោង បច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រកុំព្យូទ័រ បច្ចេកទេស ឱសថ ភាសាអនុវត្ត។

កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វប្បធម៌ ការពារជាតិ សន្តិសុខ និងវិស័យមួយចំនួនទៀតដែលជាប្រៀបខ្លាំង រវាងវៀតណាម និងអៀរឡង់ បន្តត្រូវបានលើកកម្ពស់ ប៉ុន្តែនៅតែមានកម្រិតមធ្យម មិនសមស្របនឹងទំនាក់ទំនងនយោបាយល្អ ក៏ដូចជាសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ដោយផ្អែកលើសមិទ្ធិផលក្នុងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអៀរឡង់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នឹងរួមចំណែកលើកកម្ពស់ទំនុកចិត្តនយោបាយ និងពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម-អៀរឡង់; ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ-បណ្តុះបណ្តាល និងកសិកម្ម។ យើងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ រួមចំណែកជំរុញទំនាក់ទំនង វៀតណាម-អៀរឡង់ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងស្របតាមស្ថានភាពថ្មី៕

បកប្រែដោយ Huyen Trang