ថ្នាក់ដឹកនាំវៀតណាមទទួលបដិសណ្ឋារកិច្ច ជួបពិភាក្សាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅវិមានប្រធានរដ្ឋ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
ភ្លាមៗបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចរួច លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស។
|
|
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ជួបពិភាក្សាការងារជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ |
ឆ្លុះបង្ហាញយ៉ាងស៊ីជម្រៅនូវចំណងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ លោកសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ ជាពិសេសក្នុងការពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស និងប្រទេសទាំងពីរ ស្របតាមទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងខិតខំអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតនៃបក្សនីមួយៗ។ លោក To Lam បានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ នាំឱ្យទំនាក់ទំនងវៀតណាម - ឡាវ ឡើងកំពស់ថ្មីមួយ លោកអះអាងថា វៀតណាមនឹងសហការជាមួយឡាវដើម្បីថែរក្សា និងពង្រឹងទំនាក់ទំនងវៀតណាម-ឡាវ និងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា ឱ្យកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅជាក់ស្តែង និងប្រសិទ្ធភាពលើគ្រប់វិស័យ។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃ ស្មោះស្ម័គ្រ និងប្រកបដោយប្រសិទ្ធភាព ដែលផ្តល់ដោយបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដែលបានលះបង់គ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិក្នុងអតីតកាល ក៏ដូចជាការការផ្លាស់ប្តូរថ្មី ការកសាងនិងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន។
ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា នឹងបន្តប្រពៃណីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជនទាំងពីរ រួមគ្នាថែរក្សា និងបន្តបណ្តុះទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ធានានូវការគាំទ្រ ជួយគ្នាទៅវិញទៅមកដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមសន្តិសុខ និងស្មុគស្មាញកាន់តែខ្លាំងឡើង។ អនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវពិធីសារ និងផែនការសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រួមចំណែករក្សាស្ថិរភាពនយោបាយនៅក្នុងប្រទេសនីមួយៗ។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋទាំងពីរ បានឯកភាពលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស ដោយឈរលើមូលដ្ឋាននៃភាពខ្លាំងរបស់ប្រទេសនីមួយៗ។
|
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារជាមួយលោក Thongloun Sisoulith |
ព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-ឡាវ
នារសៀលថ្ងៃទី១០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Thongloun Sisoulith។
លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ មានសារៈសំខាន់ណាស់ ដែលជាព្រឹតិ្តការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមចំណែកលើកកម្ពស់ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាក់ស្តែង នាំមកនូវភាពរុងរឿងដល់ប្រជាជននៃប្រទេសនីមួយៗ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោក Pham Minh Chinh និងលោក Thongloun Sisoulith បានសម្តែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកំពុងត្រូវបានពង្រឹងឥតឈប់ឈរ កាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាងមុន។ ភាគីទាំងពីរបានឯកភាពខ្ពស់លើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខលើគ្រប់វិស័យ ដោយសង្កត់ធ្ងន់លើការបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងលទ្ធផលនៃសម័យប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការចម្រុះរដ្ឋាភិបាលវៀតណាម-ឡាវ លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវរបស់លោក To Lam ក្នុងនាមជាប្រធានរដ្ឋ… ភាគីទាំងពីរឯកភាពលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការបណ្តាក់ទុន និងការធ្វើអាជីវកម្មនៅក្នុងប្រទេសនីមួយៗ បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ខណៈពេលដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពលើឆាកអន្តរជាតិ។ ពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរវៀតណាម-ឡាវ និងរវាងសេដ្ឋកិច្ចទាំងបីវៀតណាម-ឡាវ-កម្ពុជា ជាពិសេសការតភ្ជាប់ស្ថាប័ន ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ ទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការផ្តោតទៅលើការលុបបំបាត់ឧបសគ្គក្នុងការអនុវត្តគម្រោងសំខាន់ៗ បន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ ទេសចរណ៍ ធនាគារ ពលកម្ម និងការជួបប្រាស្រ័យប្រជាជននៃប្រទេសទាំងពីរ។
ក្នុងបរិបទដែលអន្តរជាតិ និងតំបន់មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ភាគីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជាប្រចាំ សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការអនុតំបន់៕
បកប្រែដោយ Minh Trung