ការព្យាករណ៍អភិវឌ្ឍន៍វិជ្ជមាន
នាពេលថ្មីៗនេះ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានធឿង (MLC) លើកទី៩ ត្រូវបានប្រព្រឹត្តទៅ។ កិច្ចប្រជុំនេះមានប្រធានបទ “ឆ្ពោះទៅអនាគតប្រកបដោយសុវត្ថិភាព និងនិរន្តរភាពបន្ថែមទៀតសម្រាប់តំបន់មេគង្គ-ឡានឆាង”។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិករួមមាន៖ វៀតណាម ឡាវ កម្ពុជា មីយ៉ាន់ម៉ា ថៃ និងចិន។
ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃប្រទេសនានា បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការអនុវត្តផែនការសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រេចបានសមិទ្ធផលដែលនាំមកនូវផលប្រយោជន៍ច្បាស់លាស់លើគ្រប់វិស័យ។ រដ្ឋមន្ត្រីបានអះអាងថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាពេលថ្មីៗនេះ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកកសាងតំបន់មេគង្គប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ប្រទេសនានាបានស្វាគមន៍ថៃ និងចិន ក្នុងឋានៈជាសហប្រធាននៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ការជំរុញការរៀបចំសន្និសីទរដ្ឋមន្ត្រីការបរទេសលើកទី៩ ដើម្បីវាយតម្លៃការអនុវត្តទិសដៅដែលបានព្រមព្រៀងអនុម័តដោយថ្នាក់ដឹកនាំនៃប្រទេសទាំង ៦។ កិច្ចប្រជុំជាន់ខ្ពស់មេគង្គ-ឡានឆាង នៅខែធ្នូ ឆ្នាំ២០២៣ ហើយក្នុងពេលជាមួយគ្នានេះ បានជំរុញការអនុវត្តផែនការសកម្មភាពមេគង្គ-ឡានឆាង សម្រាប់រយៈពេល ២០២៣-២០២៧។
ក៏នៅក្នុងសន្និសីទនោះដែរ ប្រទេសនានាបានស្វាគមន៍ចំពោះលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយនឹងគម្រោងជិត ១០០ ដែលឧបត្ថម្ភដោយមូលនិធិពិសេសមេគង្គ-ឡានឆាង ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងមូលដ្ឋាន និងអាជីវកម្មលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការគ្រប់គ្រងធនធានទឹក បរិស្ថាន ការអភិវឌ្ឍបៃតង សុខភាព ការកាត់បន្ថយភាពក្រីក្រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។
ជាពិសេស ប្រទេសសមាជិកបានលើកឡើងគំនិតថ្មីៗជាច្រើន ដើម្បីចាប់យកឱកាសដែលកើតចេញពីនិន្នាការអភិវឌ្ឍន៍ថ្មីក្នុងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកម្មវិធីបញ្ញាសិប្បនិម្មិត (AI) បម្រើតម្រូវការអភិវឌ្ឍន៍។
បណ្តាប្រទេសក៏បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ការតភ្ជាប់តាមរយៈការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្លូវដែក ផ្លូវគោក និងអាកាសចរណ៍ ធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ស្ថិរភាព ការលើកកម្ពស់កសិកម្មឆ្លាតវៃ និងនិរន្តរភាព និងការលើកកម្ពស់ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ការកាត់បន្ថយការបំពុលខ្យល់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ខ្លឹមសារសំខាន់មួយនៅក្នុងសន្និសីទគឺការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានទឹក។ ខ្លឹមសារនេះបន្តជាអាទិភាពកំពូលនៅលើរបៀបវារៈនៅឯសន្និសីទ។ រដ្ឋមន្ត្រីការបរទេសនានា បានចំណាយពេលវេលាជាច្រើនពិភាក្សា និងឈានដល់ការអះអាងរួមលើកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេមេគង្គ-ឡានឆាង ដំណាក់កាល ២០២៣ - ២០២៧ និងគាំទ្រវៀតណាម រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង លើកទី២ ឆ្នាំ២០២៥។
ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Minh Hang បានមានសុន្ទរកថាដ៏សំខាន់មួយ។ ជាការកត់សម្គាល់ អនុរដ្ឋមន្ត្រី Nguyen Minh Hang បានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ អនុរដ្ឋមន្ត្រី Nguyen Minh Hang ក៏បានសង្កត់ធ្ងន់លើលទ្ធផលលេចធ្លោចំនួន ៥ និងការរួមចំណែកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាពេលថ្មីៗនេះ រួមមាន៖ យន្តការសម្របសម្រួលកាន់តែជិតស្និទ្ធ; កិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង; ពង្រីកកិច្ចសហប្រតិបត្តិការជាង; ការចូលរួមយ៉ាងស៊ីជម្រៅនៃវិស័យសង្គម; នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់ប្រជាជន។
|
|
ប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៩ |
ផ្តួចផ្តើមគំនិតដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍
ក៏នៅក្នុងកិច្ចប្រជុំនេះដែរ អនុរដ្ឋមន្ត្រី Nguyen Minh Hang បានលើកឡើងគំនិតសំខាន់ៗមួយចំនួន ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ដែលត្រូវបានអនុម័តដោយថ្នាក់ដឹកនាំមេគង្គ-ឡានឆាង។
ជាដំបូង អនុរដ្ឋមន្ត្រី Nguyen Minh Hang បានលើកឡើងគំនិតថា តំបន់មេគង្គ-ឡានឆាង ទំនើប និងអភិវឌ្ឍ គឺត្រូវតែផ្អែកលើការធានាពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ដោយរលូនរវាងប្រទេសជាសមាជិក។ វៀតណាមស្នើមេគង្គ-ឡានឆាង សហការពង្រីកទីផ្សារ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ មេគង្គ-ឡានឆាង ត្រូវផ្តល់អាទិភាពដល់ការកែលម្អសមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្រករបៀងច្នៃប្រឌិតមេគង្គ-ឡានឆាង។ បន្ទាប់មកទៀត ដើម្បីកសាងតំបន់មេគង្គ-ឡានឆាង បៃតង និរន្តរភាព និងបរិយាប័ន្ន ប្រទេសមេគង្គ-ឡានឆាង ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ការប្រើប្រាស់ធនធានធម្មជាតិ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
វៀតណាមគាំទ្រគំនិតផ្តួចផ្តើមដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បន្ថែមទៀតលើធនធានទឹក ហើយស្នើឱ្យប្រទេសនានាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ការចែករំលែកទិន្នន័យជលសាស្ត្រ និងធ្វើការស្រាវជ្រាវទូទៅ ហើយទន្ទឹមនឹងនោះ ពិចារណារៀបចំទិវាទឹកទន្លេមេគង្គ-ឡានឆាង សំដៅលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារប្រកបដោយនិរន្តរភាពនៃធនធានទឹកទន្លេមេគង្គ-ឡានឆាង។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពជិតខាង និងចំណងមិត្តភាពយ៉ាងស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំង ៦ ក៏ដូចជាបន្តលើកកម្ពស់វិធីសាស្រ្តផ្តោតលើប្រជាជន។ នេះគប្បីតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍមេគង្គ-ឡានឆាងក្នុងដំណាក់កាលបន្ទាប់។
តាមនោះ ក្នុងឱកាសរំលឹកខួបលើកទី១០ នៃការបង្កើតយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥ វៀតណាមស្នើឱ្យពង្រឹងនិងធ្វើពិពិធកម្មទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរយុវជន និងសកម្មភាពតភ្ជាប់តំបន់ អង្គភាពអាជីវកម្ម ស្វែងរកគំនិតសហប្រតិបត្តិការថ្មីៗពីយុវជនជំនាន់៦ នៃប្រទេស។ រាល់គំនិតផ្តួចផ្តើម និងការរួមវិភាគទានរបស់វៀតណាម ត្រូវបានប្រទេសនានាទទួលស្គាល់ វាយតម្លៃខ្ពស់ និងដាក់បញ្ចូលក្នុងឯកសារស្តីពីការតំរង់ទិសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនាពេលខាងមុខ។
អង្គប្រជុំបានចេញសេចក្តីប្រកាសព័ត៌មានរួម និងអនុម័តលើគំនិតផ្តួចផ្តើមថ្មីចំនួនបី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹក ការកសាងបរិយាកាសខ្យល់អាកាសបរិសុទ្ធ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ ទន្ទឹមនឹងនោះ បណ្តាប្រទេសបានឯកភាពថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ-ឡានឆាង លើកទី ១០ នឹងប្រព្រឹត្តទៅនៅប្រទេសចិនក្នុងឆ្នាំ ២០២៥ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងនិរន្តរភាពនៃតំបន់៕
បកប្រែដោយ Minh Trung