ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធាវៀតណាម-កម្ពុជា ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាពថែមទៀត
កប.អនឡាញ - នាថ្ងៃទី ៥ និងទី ៦ ខែវិច្ឆិកា អគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកវិទ្យា នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំនាយកដ្ឋានពេទ្យយោធាធ្វើជាអធិបតី និងសម្របសម្រួលជាមួយយោធភូមិភាគទី៧ កងទ័ពការពារព្រំដែន មន្ទីរពេទ្យយោធាលេខ ១៧៥ និងកងកម្លាំងពេទ្យយោធាកម្ពុជា រៀបចំការពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជននៅតំបន់ព្រំដែន។
សកម្មភាពនេះគឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ ដែលរួមចំណែកពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។ល។
មនោសញ្ចេតនាដ៏ជ្រាលជ្រៅ
ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai-បាវិត រូបភាពនៃទង់ជាតិ វៀតណាម-កម្ពុជា ទាំងពីរដែលបក់រវិចៗក្នុងខ្យល់ គឺជានិមិត្តរូបដ៏រស់រវើកនៃសាមគ្គីភាព ភាពជាអ្នកជិតខាងដ៏ស្មោះត្រង់ ដែលត្រូវបានថែរក្សា និងពូនជ្រំអស់រយៈពេលជាច្រើនឆ្នាំ។ ចាប់ពីព្រឹកព្រលឹម ប្រជាជនរាប់រយនាក់មកពីឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង (កម្ពុជា) មានវត្តមាននៅកន្លែងពិនិត្យ ព្យាបាលសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ។ មានប្រសាសន៍នៅក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី Tran Cong Truong អនុប្រធាននាយកដ្ឋានពេទ្យយោធា អគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកវិទ្យា បានសង្កត់ធ្ងន់ថា កម្មវិធីនេះគឺជាការទទួលខុសត្រូវផង និងមនោសញ្ចេតនារបស់កងទ័ពនៃប្រទេសទាំងពីរផង ដើម្បីបង្ហាញពីការដឹងគុណចំពោះជំនួយ និងការគាំទ្រពីប្រជាជន និងអាជ្ញាធរមូលដ្ឋាននៅតំបន់ព្រំដែន។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសមួយសម្រាប់កងទ័ពនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ផ្លាស់ប្តូរ ចែករំលែក និងរៀនសូត្រពីបទពិសោធន៍របស់គ្នាទៅវិញទៅមក ក្នុងវិជ្ជាជីវៈវេជ្ជសាស្ត្រ និងការរៀបចំពេទ្យយោធា។
    |
 |
|
កងកម្លាំងពេទ្យយោធាវៀតណាម និងកម្ពុជា សម្របសម្រួលគ្នាពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជននៅឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង (កម្ពុជា) នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា |
លោកវរសេនីយ៍ឯកបម្រុង បណ្ឌិត Dao Duc Tien នាយករងមន្ទីរពេទ្យយោធាលេខ ១៧៥ បានឲ្យដឹងថា មានប្រជាជនប្រហែល ២០០០ នាក់នៅតំបន់ព្រំដែន វៀតណាម-កម្ពុជា ទទួលផលពីកម្មវិធីនេះ។ សកម្មភាពនេះមានសារៈសំខាន់ខាងនយោបាយ និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ លោកវរសេនីយ៍ឯកបម្រុង បណ្ឌិត Dao Duc Tien បានមានប្រសាសន៍ថា៖ «យើងខ្ញុំបានត្រៀមរៀបចំយ៉ាងម៉ត់ចត់ ដោយជ្រើសរើសកម្មាភិបាល និងបុគ្គលិកដែលមានគុណសម្បត្តិនយោបាយ និងសមត្ថភាពវិជ្ជាជីវៈដើម្បីចូលរួមកម្មវិធីនេះ។ ដោយហេតុនោះ រួមចំណែកដល់ការលើកតម្កើងរូបភាពរបស់គ្រូពេទ្យយោធានៅក្នុងក្រសែភ្នែករបស់ប្រជាជន ពង្រឹងបន្ថែមទៀតនូវសាមគ្គីភាព និងស្មារតីនៃការរៀនសូត្រគ្នាទៅវិញទៅមករវាងកងកម្លាំងពេទ្យយោធានៃប្រទេសទាំងពីរ»។
បង Chhorn Sousdey ដែលមានវត្តមាននៅមណ្ឌលសុខភាពឃុំគគីសោម (កម្ពុជា) មានការរំភើបយ៉ាងខ្លាំងដែលត្រូវបានពិនិត្យដោយគិលានុបដ្ឋាក និងគ្រូពេទ្យយោធានៃប្រទេសទាំងពីរ។ បងបានមានប្រសាសន៍ថា ប្រជាជននៅតំបន់ព្រំដែននៅជួបការលំបាកជាច្រើន ដូច្នេះពួកគេមិនទៅពិនិត្យសុខភាពជាប្រចាំនៅតាមមណ្ឌលសុខភាពនោះទេ។ ដោយឮថាគណៈប្រតិភូពេទ្យយោធានៃប្រទេសទាំងពីរបានមកដល់តំបន់នោះ ប្រជាជននៅទីនេះមានសេចក្តីរីករាយ និងទំនុកចិត្ត។ នេះគឺជាអំណោយនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងប្រទេសជិតខាងទាំងពីរ។
កិច្ចសហប្រតិបត្តិការពេទ្យយោធាជាក់ស្តែង
នៅតំបន់ព្រំដែននៃប្រទេសវៀតណាម គណៈប្រតិភូបានរៀបចំការពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនអ្នកទទួលរបបពីរដ្ឋនៅក្នុងឃុំ Long Thuan ខេត្ត Tay Ninh។ តុពិនិត្យនីមួយៗមានគិលានុបដ្ឋាក និងគ្រូពេទ្យយោធានៃប្រទេសទាំងពីរ ដោយមានការជួយឧបត្ថម្ភបកប្រែពីកម្មាភិបាលនៃកងទ័ពការពារព្រំដែន។
    |
 |
|
កងកម្លាំងពេទ្យយោធាវៀតណាម និងកម្ពុជា សម្របសម្រួលពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជននៅឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង (កម្ពុជា) នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា |
នៅមជ្ឈមណ្ឌលផ្គត់ផ្គង់សេវាសាធារណៈឃុំ Ben Cau (ខេត្ត Tay Ninh ប្រទេសវៀតណាម) កម្មាភិបាល និងយុទ្ធជនពេទ្យយោធាវៀតណាម និងកម្ពុជា កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ និងសម្របសម្រួលក្នុងស្ថានភាពអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន ដើម្បីត្រៀមរៀបចំឱ្យបានល្អបំផុតសម្រាប់លំហាត់សមយុទ្ធពេទ្យយោធារួមគ្នានាពេលខាងមុខ។ លំហាត់សមយុទ្ធនេះសំដៅហាត់ពត់សមត្ថភាពសម្របសម្រួល បញ្ជា និងដោះស្រាយស្ថានភាពគ្រោះមហន្តរាយទ្រង់ទ្រាយធំរវាងកងកម្លាំងពេទ្យយោធានៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។
កិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធារវាងវៀតណាម និងកម្ពុជា សម្រេចបានលទ្ធផលជាក់ស្តែង និងមានអត្ថន័យជាច្រើនក្នុងរយៈពេលកន្លងមក ដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ក្រៅពីសកម្មភាពពិនិត្យសុខភាព និងលំហាត់សមយុទ្ធរួមគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វិស័យពេទ្យយោធាវៀតណាមបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យពេទ្យយោធារបស់កម្ពុជាក្នុងទម្រង់ចម្រុះ និងសម្បូរបែប ដែលរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងឋានៈរបស់កងទ័ពប្រជាជនវៀតណាម។
នៅក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-កម្ពុជា លើកទី៨ នៅថ្ងៃទី២៩ ខែតុលា កន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអះអាងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏គួរឱ្យទុកចិត្ត ទូលំទូលាយ និងជាក់ស្តែងជាមួយកម្ពុជា ដោយផ្តោតលើខ្លឹមសារដូចខាងក្រោម៖ ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់; រក្សាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; បន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ល។
ដើម្បីលើកកម្ពស់លទ្ធផលដែលសម្រេចបាន អគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកវិទ្យាបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងស្តីពីការធ្វើសមាហរណកម្មអន្តរជាតិស្តីពីការការពារជាតិដល់ឆ្នាំ២០២០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៣០ របស់ក្រសួងការពារប្រទេសវៀតណាម; ដែលក្នុងនោះ ពេទ្យយោធាត្រូវបានកំណត់ថាជាវិស័យអាទិភាពមួយ។ លោកឧត្តមសេនីយ៍ត្រី Tran Cong Truong បានមានប្រសាសន៍ថា៖ ទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរ និងលក្ខណៈរោគរាតត្បាតស្រដៀងគ្នា គឺជាលក្ខខណ្ឌអំណោយផលសម្រាប់ទំនាក់ទំនងពេទ្យយោធាវៀតណាម-កម្ពុជា បន្តពង្រីកឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ចូលរួមចំណែកយ៉ាងសកម្មក្នុងភារកិច្ចកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕
បកប្រែដោយ Huyen Trang