ដំណើរទស្សនកិច្ចរបស់លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងភរិយា គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ និងជាតម្រុយដ៏សំខាន់ក្នុងទំនាក់ទំនងវៀតណាម-ឡាវ ដែលឆ្លុះបង្ហាញយ៉ាងជ្រាលជ្រៅ និងយ៉ាងពិតប្រាកដ អំពីចំណងសាមគ្គីភាពពិសេសរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះបាននាំមកជូនបក្ស រដ្ឋ និងប្រជាជនវៀតណាមនូវអារម្មណ៍កក់ក្តៅ មិត្តភាព និងភាតរភាពជិតស្និទ្ធ។

ប្រជាជាតិទាំងពីរវៀតណាម និងឡាវ មានប្រពៃណី ចងភ្ជាប់ជិតស្និទ្ធគ្នាជាយូរយារណាស់មកហើយ ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេស។ ជាពិសេស ចាប់តាំងពីកំណើត និងការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ហើយក្រោយមកជាបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ទំនាក់ទំនងជិតស្និទ្ធនោះបានអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់។

leftcenterrightdel
លោក To Lam (បច្ចុប្បន្នជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម) និង លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ

ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិពីអតីតកាលដល់បច្ចុប្បន្ន ទំនាក់ទំនងវៀតណាម-ឡាវ គឺជាគំរូមួយដ៏កម្រមាននៃចំណងសាមគ្គីភាពដ៏ស្មោះត្រង់។ ប្រជាជាតិទាំងពីរជាបងប្អូន តែងតែចែករំលែកគ្នាទាំងភាពផ្អែមល្ហែម ទាំងភាពជូរចត់ ចាត់ទុកគ្នាជាសាច់ញាតិ ជិតស្និទ្ធដោយមិនងាករ៉េ មិនថាក្នុងកាលៈទេសៈណាក្តី។ ទំនាក់ទំនងវៀតណាម-ឡាវ ត្រូវបានកសាងឡើងពីសាច់ស្រស់ ឈាមស្រស់  ការខិតខំប្រឹងប្រែងរបស់ប្រជាជនពីច្រើនជំនាន់មកហើយនៃប្រទេសទាំងពីរ ដើម្បីឯករាជ្យ សេរីភាព និងសុភមង្គល បានក្លាយជាក្រឹត្យក្រមជៀសមិនផុត និងជាកត្តាសំខាន់ បង្កើតជាប្រភពកម្លាំងនាំមកជ័យជំនះមហាអស្ចារ្យជាច្រើនរបស់វៀតណាម និងឡាវក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យជាតិកាលពីមុន និងបុព្វហេតុផ្លាស់ថ្មី កសាងប្រទេស និងឆ្ពោះទៅរកសង្គមនិយមនាពេលបច្ចុប្បន្ន។

យើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលឃើញថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយជម្នះការលំបាក និងបញ្ហាប្រឈមជាច្រើន រួមទាំងផលប៉ះពាល់ដែលមិនធ្លាប់មានពីជំងឺរាតត្បាត Covid-19 ទំនាក់ទំនងវៀតណាម-ឡាវ ដែលត្រូវបានចាក់គ្រឹះដំបូងដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ហើយត្រូវបានថែរក្សាពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ ហើយបន្តអភិវឌ្ឍជាបន្តបន្ទាប់ កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ទំនាក់ទំនងនយោបាយត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ចាប់ពីទំនាក់ទំនងមិត្តភាពជាប្រពៃណី បានក្លាយជាទំនាក់ទំនងមិត្តភាពដ៏មហាអស្ចារ្យ និងកាន់តែមានភាពជឿជាក់ និងជិតស្និទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបន្តដើរតួនាទីស្នូល និងតម្រង់ទិសទំនាក់ទំនងទ្វេភាគី។  កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសបន្តជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ  ខណៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគត្រូវបានជំរុញដោយមានការផ្លាស់ប្តូរជាវិជ្ជមាន កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតបន្តត្រូវបានជំរុញដោយការកើនឡើងប្រកបដោយប្រសិទ្ធភាព។ ស្មារតីសាមគ្គីភាព និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងទំនាក់ទំនងវៀតណាម-ឡាវ មិនត្រឹមតែជួយសម្រួលដល់បុព្វហេតុផ្លាស់ថ្មី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាង និងការការពារមាតុភូមិ នៃប្រទេសនិមួយៗប៉ុណ្ណោះទេ ថែមទាំង រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។

ក្រឡេកមើលដំណើរប្រវត្តិសាស្ត្រឡើងវិញ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះទំនាក់ទំនងវៀតណាម-ឡាវ ដែលជាគំរូកម្រមាន ដ៏បរិសុទ្ធ ស្មោះត្រង់បំផុត ជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងពីរ ដែលជានិមិត្តរូបនៃសាមគ្គីភាពអន្តរជាតិ។ មេរៀនប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ គឺជាខ្សែក្រហមតភ្ជាប់ជារៀងរហូតក្នុងដំណើរការអភិវឌ្ឍន៍នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ។ នេះជាមូលដ្ឋានរឹងមាំសម្រាប់យើងជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក  Thongloun Sisoulith និងភរិយានឹងទទួលបានជោគជ័យ រួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងវៀតណាម-ឡាវ ឱ្យកាន់តែរីកចម្រើន។

សូមជូនពរឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ កាន់តែស្រស់បំព្រងជារៀងរហូត!

បកប្រែដោយ Minh Trung