ដំណើរទស្សនកិច្ចគឺជាសកម្មភាពបរទេសពហុភាគីលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នៅវេទិកាពិភពលោកដ៏ធំបំផុតដែលមានសារៈសំខាន់ឈានមុខគេនៅលើពិភពលោក ដែលប្រព្រឹត្តទៅក្នុងឱកាសដ៏សំខាន់មួយនៅពេលដែលវៀតណាម និងសហរដ្ឋអាមេរិកប្រារព្ធខួបមួយឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅការរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត។

បន្ទាប់ពីការបង្កើត និងអភិវឌ្ឍន៍អស់រយៈពេលជិត ៧៩ ឆ្នាំមកទល់បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិបានក្លាយជាអង្គការពិភពលោកដែលទូលំទូលាយ ដោយមានការចូលរួមពីប្រទេសឯករាជ្យស្ទើរតែទាំងអស់នៅលើភពផែនដី។ តួនាទី និងសកម្មភាពរបស់អង្គការសហប្រជាជាតិត្រូវបានពង្រីកលើគ្រប់វិស័យ ដោយមានការខិតខំប្រឹងប្រែងក្នុងគោលបំណងអនុវត្តគោលការណ៍ និងគោលដៅដែលបានកំណត់ ដើម្បីនាំមកនូវផលវិជ្ជមានយ៉ាងច្រើនដល់ជីវិតអន្តរជាតិ និងប្រជាជាតិនីមួយៗ។ ក្នុងបរិបទដែលស្ថានការណ៍ពិភពលោកបន្តមានភាពស្មុគស្មាញ អង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំកំពូលស្តីពីអនាគតក្រោមប្រធានបទ “ដំណោះស្រាយពហុភាគីដើម្បីអនាគតកាន់តែល្អប្រសើរជាង” និងសម័យប្រជុំពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ក្រោមប្រធានបទ “មិនទុកនរណាចោល៖ ធ្វើសកម្មភាពរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត” ដើម្បីឯកភាពដំណោះស្រាយជាសកលសម្រាប់បញ្ហាប្រឈមនាពេលអនាគតក៏ដូចជាបញ្ហាពិភពលោកបន្ទាន់នាពេលបច្ចុប្បន្ននេះ។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគតរបស់អង្គការសហប្រជាជាតិ បានអះអាងនូវការចូលរួមយ៉ាងសកម្ម  និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមក្នុងសកម្មភាពរួមរបស់អង្គការសហប្រជាជាតិ; រួមចំណែកក្នុងការអះអាងនិងលើកកំពស់កិត្យានុភាពអន្តរជាតិរបស់វៀតណាម បង្ហាញសារអំពីទស្សនៈរបស់វៀតណាមក្នុងការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ តាមរយៈការរួមវិភាគទាននៅកិច្ចប្រជុំ និងសកម្មភាពជំនួបទ្វេភាគីរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ក្នុងដំណើរទស្សនកិច្ចការងារនោះ ក៏នឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម ជាមួយអង្គការសហប្រជាជាតិ និងដៃគូ មិត្តអន្តរជាតិបន្តឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។

នៅក្នុងសារវីដេអូដែលបានផ្ញើទៅកាន់ព្រឹត្តិការណ៍ "ការអំពាវនាវជាសកលសម្រាប់កិច្ចប្រជុំកំពូលស្តីពីអនាគត" នៅថ្ងៃទី ១២ ខែកញ្ញា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam រំពឹងថាកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះនឹងនាំមកនូវការគិតថ្មី វិធីថ្មីសម្រាប់អនាគតនៃពិភពលោក ព្រមទាំងជាឱកាសមួយសម្រាប់អង្គការសហប្រជាជាតិ និងពហុភាគីនិយមដើម្បីបញ្ជាក់ពីតម្លៃដែលមិនអាចជំនួសបាននៅពេលប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំធេងនៃសម័យកាល។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនង វៀតណាម-សហរដ្ឋអាមេរិក បានបន្តអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន ជាពិសេស ប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅវៀតណាមក្នុងខែកញ្ញា ឆ្នាំ ២០២៣។ ក្នុងកិច្ចពិភាក្សាទាំងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់បណ្តាញ គ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់។ ភាគីទាំងពីរក៏កំពុងខិតខំប្រឹងប្រែងអនុវត្តលទ្ធផលនៃកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយផ្តោតលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយចាត់ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាវិស័យសហប្រតិបត្តិការ មានលក្ខណៈជារបកគំហើញ។ល។ បច្ចុប្បន្ន សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ខណៈពេលដែលវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេលើកទី ៨ និងជាដៃគូពាណិជ្ជកម្មធំបំផុតនៅក្នុងតំបន់អាស៊ាន និងជាទីផ្សារនាំចូលទំនិញធំបំផុតទី ៦ របស់សហរដ្ឋអាមេរិក។ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏បន្តត្រូវបានជំរុញលើវិស័យជាច្រើនដូចជា៖ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសកិច្ចសហប្រតិបត្តិការលើការជំនះពុះពារផលវិបាកនៃសង្គ្រាម; កិច្ចសហប្រតិបត្តិការអប់រំ; កិច្ចសហប្រតិបត្តិការលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ល។

ជាមួយនឹងលទ្ធផល និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកលើកនេះ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បង្ហាញពីចក្ខុវិស័យរយៈពេលវែងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

ប្រជាជនវៀតណាមជឿជាក់ថា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងគណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ ហើយទទួលបានលទ្ធផលជាច្រើននៅសហរដ្ឋអាមេរិក ដោយហេតុនេះបន្តអះអាងនូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពហុភាវូបនីយកម្ម ពិពិធកម្មទំនាក់ទំនង និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មរបស់វៀតណាម; ពង្រីកទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ និងជំរុញទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងដៃគូនានា; លើកកំពស់តួនាទី និងរួមចំណែកជាក់ស្តែងក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលអនាគតរបស់ប្រទេសជាតិ៕

បកប្រែដោយ Huyen Trang