ឡាវ និងវៀតណាម ជាប្រទេសភូមិផងរបងជាមួយគ្នា ជាអ្នកជិតខាងពីរដែលមានទំនាក់ទំនងជាយូរលង់មកហើយ។ ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី២០ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន បន្ទាប់មកគឺបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane និងថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ បានខិតខំប្រឹងប្រែងកសាង ពូនជ្រំ ថែរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ បានអភិវឌ្ឍឡើងដល់កម្រិតកម្ពស់ថ្មីមួយ - ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងនោះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ ដែលជាកត្តារួមចំណែកដល់ជ័យជំនះនៃបដិវត្តន៍របស់ប្រទេសនីមួយៗ និងជាក្រិតក្រមរួមនៃការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរឡាវ-វៀតណាម។ សាមគ្គីភាព និងសម្ព័ន្ធប្រយុទ្ធ ឡាវ-វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺជាសក្ខីភាពសម្រាប់ទំនាក់ទំនងពិសេសនោះ។
|
|
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងព្រះអង្គម្ចាស់ Souphanouvong ពិភាក្សាអំពីផែនការសម្របសម្រួលបើកយុទ្ធនាការឡាវខាងលើ នៅឆ្នាំ ១៩៥៣ (រូបថតឯកសារ) |
ជោគវាសនានៃប្រជាជាតិទាំងពីរចងជាប់ជាមួយគ្នា
នៅឆ្នាំ ១៩៤៥ ឡាវ និងវៀតណាមទើបតែទទួលបានឯករាជ្យភាព ប៉ុន្តែត្រូវប្រឈមមុខនឹងសង្រ្គាមឈ្លានពានពីអាណានិគមនិយមបារាំងជាថ្មីម្តងទៀត។ ដើម្បីការពារសមិទ្ធិផលបដិវត្តន៍របស់ប្រទេសនីមួយៗ និងអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាព និងសម្ព័ន្ធប្រយុទ្ធ វៀតណាម-ឡាវ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាជួយគ្នាទៅវិញទៅមកឡាវ-វៀតណាម (ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៤៥) និងកិច្ចព្រមព្រៀងស្តីពីអង្គការសម្ព័ន្ធយោធា ឡាវ-វៀតណាម (ថ្ងៃទី៣០ ខែតុលា ឆ្នាំ ១៩៤៥)។
ដោយឈរលើមូលដ្ឋាននោះ វៀតណាមបានបញ្ជូនកម្លាំងយោធាទៅជួយបដិវត្តន៍ឡាវធ្វើការតស៊ូ។ ចាប់តាំងពីឆ្នាំ ១៩៤៩ គណៈកម្មាភិបាលនៃគណៈកម្មាធិការបក្សទទួលបន្ទុកជួយបដិវត្តន៍ឡាវ ត្រូវបានបង្កើតឡើងនៅក្នុងតំបន់នីមួយៗនៃប្រទេសឡាវ។ កងកម្លាំងយោធាវៀតណាមជួយឡាវរៀបចំអង្គការតាមប្រព័ន្ធរបស់ខ្លួនក្នុងនាមជាកងទ័ពស្ម័គ្រចិត្ត។ ចាប់តាំងពីឆ្នាំ ១៩៥០ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប្រទេសឡាវត្រូវបានរៀបចំជាក្រុមជាបណ្តើរៗ (ស្មើនឹងកងវរសេនាធំ) ដែលដាក់នៅក្រោមអំណាចកំពូលរបស់រដ្ឋាភិបាលតស៊ូឡាវ តាមមាគ៌ានយោបាយ និងយោធានៃបដិវត្តន៍ឡាវ។ នៅភាគកណ្តាលឡាវ មានកងវរសេនាធំលេខ ២៨០; នៅឡាវខាងលើមានកងវរសេនាធំលេខ ៨០, ៨១, ៨២, ៨៣។
ក្នុងអំឡុងការតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមបារាំង សកម្មភាពយោធាជាបន្តបន្ទាប់ និងទូលំទូលាយនៃសម្ព័ន្ធយោធាឡាវ-វៀតណាម បានរួមចំណែកពង្រីកតំបន់រំដោះ ហើយធ្វើឲ្យកងទ័ពបារាំងស្ថិតក្នុងស្ថានភាពការពារទប់ទល់នៅលើសមរភូមិឥណ្ឌូចិន។ ជាពិសេស ជ័យជំនះរបស់សម្ព័ន្ធយោធាឡាវ-វៀតណាម ក្នុងយុទ្ធនាការនៅឡាវខាងលើ ឡាវកណ្តាល និងឡាវក្រោមពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ១៩៥៤ បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ព និងប្រជាជនវៀតណាមដណ្តើមបានជ័យជម្នះ Dien Bien Phu (ក្នុងឆ្នាំ ១៩៥៤ ) បានបង្ខំពួកអាណានិគមបារាំងឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ (ក្នុងឆ្នាំ ១៩៥៤) ដោយទទួលស្គាល់ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសឥណ្ឌូចិនទាំងបី។
ក្នុងអំឡុងការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិក តាមសំណើរបស់ឡាវ និងដើម្បីឲ្យសមស្របនឹងស្ថានភាពថ្មី វិធីសាស្ត្រនៃកិច្ចសហប្រតិបត្តិការ និងជំនួយរបស់វៀតណាមចំពោះបដិវត្តន៍ឡាវបានប្តូរពីរបបទីប្រឹក្សាយោធាទៅជារបបអ្នកជំនាញយោធា និងកងទ័ពស្ម័គ្រចិត្ត។ តាមនោះ ចាប់ពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ១៩៥៨ វៀតណាមបានបញ្ជូនក្រុមប្រឹក្សាយោធា ១០០ ដើម្បីជួយបដិវត្តន៍ឡាវ កសាង និងការពារមូលដ្ឋាន អភិវឌ្ឍកងកម្លាំងប្រដាប់អាវុធ និងពង្រីកតំបន់រំដោះ។
|
|
លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម |
"ជួយប្រជាជននៃប្រទេសមិត្ដ គឺជួយខ្លួនឯង"
ដោយជ្រួតជ្រាបនឹងពាក្យទូន្មានរបស់លោកប្រធានហូជីមិញ៖ "ជួយប្រជាជននៃប្រទេសមិត្ត គឺជួយខ្លួនឯង" កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាម បានពុះពារការលំបាក និងពលីជីវិត ដើម្បីជួយកងទ័ព និងប្រជាជនឡាវក្នុងស្មារតីសាមគ្គីភាពអន្តរជាតិដ៏ថ្លៃថ្នូ ភាពស្មោះត្រង់ គោរពឯករាជ្យភាព អធិបតេយ្យភាព ទំនៀមទម្លាប់របស់ប្រជាជននៃបណ្តាជនជាតិឡាវ។
កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមមិនត្រឹមតែបានសហការដោយផ្ទាល់ក្នុងការប្រយុទ្ធដើម្បីជួយបដិវត្តន៍ឡាវបណ្តេញពួកឈ្លានពាន និងបំផ្លាញពួកបរិវារប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដោយផ្ទាល់ក្នុងការកសាង និងអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធទាំងបី កសាង និងពង្រឹងអាជ្ញាធរប្រជាជន អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌... បង្កើត និងពង្រីកប្រព័ន្ធនៃមូលដ្ឋានតស៊ូនៅទូទាំងប្រទេសឡាវ។ អាស្រ័យហេតុនេះ បដិវត្តន៍ឡាវកាន់តែរីកចម្រើន រឹងមាំ និងបញ្ចប់បេសកកម្មរំដោះប្រទេសជាតិនៅឆ្នាំ១៩៧៥។
ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨៩ ប្រឈមមុខនឹងការបំផ្លិចបំផ្លាញដោយកម្លាំងអរិភាព ដើម្បីអនុវត្តកិច្ចព្រមព្រៀង និងសន្ធិសញ្ញារវាងរដ្ឋាភិបាលទាំងពីរ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ វៀតណាមបានបន្តបញ្ជូនអ្នកជំនាញយោធា និងកងទ័ពស្ម័គ្រចិត្តទៅជួយឡាវ ក្នុងការកសាង និងអភិវឌ្ឍកងកម្លាំងរបស់ខ្លួន ពង្រឹង និងពង្រីកប្រៀបការពារជាតិដោយប្រជាជនទាំងមូល ព្រមទាំងសម្របសម្រួលជាមួយបណ្តាកងកម្លាំងរបស់ឡាវ ដើម្បីប្រយុទ្ធ និងកម្ចាត់ផែនការ និងសកម្មភាពបះបោរ និងផ្តួលរំលំដោយកងកម្លាំងប្រឆាំងបដិវត្តន៍ ការពារយ៉ាងរឹងមាំនូវអាជ្ញាធរប្រជាជន និងរបបប្រជាធិបតេយ្យប្រជាជនឡាវ។
ប្រកៀកស្មាជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម
ក្នុងរយៈពេល ៣០ ឆ្នាំនៃការតស៊ូបដិវត្តន៍ (១៩៤៥-១៩៧៥) និង ១០ ឆ្នាំដំបូងនៃការកសាង និងការពាររបបប្រជាធិបតេយ្យប្រជាជន (១៩៧៦-១៩៨៩) កងទ័ពប្រជាជនវៀតណាមបានប្រកៀកស្មារួមជាមួយកងទ័ព និងប្រជាជនឡាវ ដើម្បីទទួលបានជ័យជម្នះដ៏អស្ចារ្យជាច្រើននៅលើសមរភូមិ កម្ចាត់ផែនការរបស់សត្រូវ ល្បិចសង្រ្គាម និងការបំផ្លិចបំផ្លាញរដ្ឋអំណាចបដិវត្តន៍ ឆ្ពោះទៅរកជ័យជំនះពេញលេញ។
អាចបញ្ជាក់បានថា សម្ព័ន្ធភាពប្រយុទ្ធ ឡាវ-វៀតណាម ប្រឆាំងនឹងសត្រូវរួម គឺជានិមិត្តសញ្ញាដ៏ភ្លឺស្វាងនៃសាមគ្គីភាព និងភាពស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិ។ កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមនៅឡាវ បានបញ្ចប់ដោយជោគជ័យនូវភារកិច្ចជួយបដិវត្តន៍ឡាវក្នុងការតស៊ូដើម្បីឯករាជ្យភាព ក៏ដូចជាការកសាង និងការពាររបបប្រជាធិបតេយ្យប្រជាជន រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឡាវ-វៀតណាម ដូចដែលថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនឡាវបានបញ្ជាក់ថា៖ “នៅប្រទេសឡាវ គ្មានកន្លែងណាដែលគ្មានការស្នាមជើងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនោះទេ គ្មានជ័យជម្នះណាមួយទេបើគ្មានការលះបង់ និងការរួមចំណែករបស់កងទ័ពស្ម័គ្រចិត្តវៀតណាម”។
|
|
ព្រះអង្គម្ចាស់ Souphanouvong ប្រគល់គ្រឿងឥស្សរិយយសចំនួន២ ជូនអង្គភាពកងទ័ពស្ម័គ្រចិត្តវៀតណាមនៅរណសិរ្សភាគខាងលិច (រូបថតឯកសារ) |
ដោយទទួលស្គាល់ការលះបង់ និងការរួមវិភាគទានទាំងនោះ បក្ស រដ្ឋ និងកងទ័ពប្រជាជនឡាវបានប្រគល់កិត្តិនាម និងរង្វាន់ដ៏ថ្លៃថ្លាជាច្រើនដល់អង្គភាព និងបុគ្គលកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមដែលបានប្រយុទ្ធ និងបំពេញការងារនៅប្រទេសឡាវ។ ប្រជាជនឡាវជឿជាក់លើសេចក្តីស្រឡាញ់ និងចាត់ទុកកម្មាភិបាល និងកងទ័ពស្ម័គ្រចិត្តអ្នកជំនាញយោធាវៀតណាមដូចជាសាច់ញាតិជិតស្និទ្ធក្នុងគ្រួសាររបស់ពួកគេ។
បច្ចុប្បន្ននេះ កម្លាំងអរិភាពបានបន្តបង្កើនសកម្មភាពដើម្បីបំផ្លិចបំផ្លាញបដិវត្តន៍ឡាវ និងវៀតណាម ជាពិសេសស្វែងរកការបំបែកបំបាក់សាមគ្គីភាពពិសេស ឡាវ-វៀតណាម មួលបង្កាច់សម្ព័ន្ធប្រយុទ្ធពិសេស ឡាវ-វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម។ ដើម្បីរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ឡាវ-វៀតណាម ឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យយោធា និងការពារជាតិរវាងរដ្ឋទាំងពីរ និងកងទ័ពទាំងពីរឈានដល់កម្រិតថ្មីមួយ ដើម្បីបំពេញតាមតម្រូវការនៃភារកិច្ច យើងត្រូវលើកកម្ពស់ការឃោសនា និងការអប់រំអំពីប្រពៃណីនៃសាមគ្គីភាព និងសម្ព័ន្ធភាពប្រយុទ្ធនៃប្រទេសទាំងពីរក្នុងប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ ជំរុញការស្រាវជ្រាវ បូកសរុបប្រវត្តិសាស្រ្ត ដកបទពិសោធន៍ដ៏មានតម្លៃ ដើម្បីទទួលបន្ត និងលើកតម្កើងចំណងសាមគ្គីភាពពិសេស និងសម្ព័ន្ធប្រយុទ្ធដ៏រឹងមាំរវាងបក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ឡាវ-វៀតណាម ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាបច្ចុប្បន្ន៕
បកប្រែដោយ Huyen Trang