វៀតណាម និង UAE លើកកំពស់ទំនាក់ទំនងទៅជាដៃគូគ្រប់ជ្រុងជ្រោយ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) នាថ្ងៃទី ២៨ ខែតុលា នៅរដ្ឋធានី Abu Dhabi បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាចង្អៀតជាមួយលោក Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតី UAE។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងជាទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។
បើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ
លោក Pham Minh Chinh និងលោក Sheikh Mohamed bin Zayed Al Nahyan បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏លេចធ្លោក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដោយមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជាក់ស្ដែង និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត។
|
|
លោក Pham Minh Chinh និងលោក Sheikh Mohamed bin Zayed Al Nahyan (រូបថត៖ vnanet.vn) |
ដោយឈរលើមូលដ្ឋាននោះ ដើម្បីបំពេញតាមសេចក្តីប្រាថ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបំណងចង់រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ភាគីទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងទៅជាដៃគូគ្រប់ជ្រុងជ្រោយ។ តាមរយៈនោះ UAE បានក្លាយជាដៃគូគ្រប់ជ្រុងជ្រោយដំបូងរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងការរំពឹងទុករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការជម្រុញឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតកម្ពស់ថ្មី ដែលជាក់ស្តែងនិងមានប្រសិទ្ធភាពជាង។
លោក Pham Minh Chinh និងលោក Sheikh Mohamed bin Zayed Al Nahyan បានឯកភាពលើអាទិភាពចំនួនប្រាំមួយសម្រាប់កិច្ចសហប្រតិបត្តិការ រួមទាំងការកសាងកម្មវិធីអនុវត្តក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជំរុញកិច្ចសហប្រតិបត្តិការលើនវានុវត្តន៍ ការបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចរង្វង់; បង្កើតរបតក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី; កិច្ចសហការដើម្បីអភិវឌ្ឍវិស័យហាឡាល និងបើកទីផ្សារផលិតផលហាឡាលវៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម វប្បធម៌ ទេសចរណ៍ កីឡា ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចពិគ្រោះយោបល់ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាតំបន់ និងពិភពលោកនៅវេទិកាពហុភាគី។
ពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត លោក Pham Minh Chinh បានស្នើឲ្យ UAE គាំទ្រគោលជំហររបស់អាស៊ាន និងវៀតណាមនៅតំបន់សមុទ្រខាងកើត ក្នុងបំណងធានាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយវិវាទដោយសន្តិវិធីដោយគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)
នារសៀលថ្ងៃទី២៨ ខែតុលា (ម៉ោងក្នុងតំបន់) នៅទីក្រុងឌូបៃ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Sheikh Mohammed bin Rashid Al Maktoum អនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនៃ UAE។
|
|
លោក Pham Minh Chinh ជួបពិភាក្សាការងារជាមួយលោក Sheikh Mohammed bin Rashid Al Maktoum (រូបថត៖ vnanet.vn) |
នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងឯកភាពលើចំណុចសំខាន់ចំនួន ៥ នៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ទី១ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ បង្កើនការទុកចិត្តផ្នែកនយោបាយបន្ថែមទៀត បង្កើតក្រុមការងាររួម ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ ទីពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដើម្បីជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងបើកទីផ្សារបន្ថែមទៀតដើម្បីជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ១០ ពាន់លានដុល្លារនាពេលខាងមុខ ហើយលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាម និង UAE ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសទាំងពីរ។ ទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិវត្តកម្មឌីជីថល ការបរិវត្តកម្មបៃតង និងនវានុវត្តន៍។ វៀតណាមលើកទឹកចិត្តធុរកិច្ច UAE វិនិយោគបន្ថែមទៀតលើវិស័យដែលវៀតណាមមានការយកចិត្តទុកដាក់ ហើយ UAE មានប្រៀបខ្លាំង។ ទី៤ ជំរុញកិច្ចសហប្រតិបត្តិការក្នុងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន វប្បធម៌ និងទេសចរណ៍។ ទី៥ បង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ក្នុងបរិបទដែលប្រទេសទាំងពីរមានទស្សនៈរួមជាច្រើនលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រជាជាតិស្រឡាញ់សន្តិភាព ហើយមានបំណងសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងពីរ និងនៅលើពិភពលោក។
បន្ទាប់ពីកិច្ចពិភាក្សា លោក Pham Minh Chinh និងលោក Sheikh Mohammed bin Rashid Al Maktoum បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរបស់វៀតណាមជាមួយប្រទេសអារ៉ាប់។
ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្រ្តី ជាអធិបតីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការចំនួន ១២ លើវិស័យផ្សេងៗរវាងបណ្ដាធុរកិច្ចនៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh