អ្នកយកព័ត៌មាន៖ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទើបតែបានចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីការរួមចំណែករបស់វៀតណាមក្នុងកិច្ចប្រជុំនេះ?
លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Pham Thanh Binh៖ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមរាល់សកម្មភាពផ្លូវការនៃកិច្ចប្រជុំ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងសុន្ទរកថាសំខាន់ៗចំនួនពីរនៅក្នុងសម័យពិភាក្សាស្តីពី "ការកាត់បន្ថយភាពក្រីក្រ" និង "ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការធ្វើបរិវត្តកម្មថាមពល" និងមានជំនួបទ្វេភាគីចំនួន ៣៥ ជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើនដែលចូលរួមក្នុងកិច្ចប្រជុំនេះ។ សកម្មភាពជាវិជ្ជមាន និងមានប្រសិទ្ធភាពរបស់លោកនាយករដ្ឋមន្ត្រីបានបង្ហាញពីប្រទេសវៀតណាមដ៏ស្វាហាប់ បើកចំហ “ជាមិត្ត និងជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ” រួមចំណែកដល់ជោគជ័យជារួមនៃកិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២៤។
|
|
លោក Pham Thanh Binh អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេស) |
អាចបញ្ជាក់បានថា ការចូលរួម និងការរួមចំណែករបស់វៀតណាមក្នុងកិច្ចប្រជុំនេះ បានបញ្ជូនសារចំនួន៣ ដូចខាងក្រោម៖
ទីមួយ វៀតណាមជាប្រទេសស្វយ័ត មានទំនុកចិត្ត និងខ្លួនទីពឹងខ្លួន។
ទីពីរ វៀតណាមជាដៃគូពហុភាគីដែលអាចទុកចិត្តបាន។
ទីបី វៀតណាមជាសមាជិកមានទំនួលខុសត្រូវខ្ពស់នៃសហគមន៍អន្តរជាតិ។
អ្នកយកព័ត៌មាន៖ ក្នុងអំឡុងបំពេញទស្សនកិច្ចការងារនៅប្រទេសប្រេស៊ីល លោកនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយលោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល និងបានចេញសេចក្តីថ្លែងការណ៍រួម វៀតណាម-ប្រេស៊ីល ស្តីពីការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ តើលោកអនុរដ្ឋមន្ត្រីវាយតម្លៃសារៈសំខាន់នៃព្រឹត្តិការណ៍នេះយ៉ាងដូចម្តេច?
លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Pham Thanh Binh៖ ការដែលវៀតណាមនិងប្រេស៊ីលតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រមានសារៈសំខាន់ជាពិសេស។ ទីមួយ ការតម្លើងទំនាក់ទំនងបញ្ជាក់ពីកម្រិតខ្ពស់នៃទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ជំរុញទំនាក់ទំនងឱ្យកាន់តែអភិវឌ្ឍប្រកបដោយស៊ីជម្រៅ ជាក់ស្តែង ស្ថិរភាព និងនិរន្តរភាពថែមទៀត នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
ទីពីរ ការដែលថាប្រេស៊ីលជាប្រទេសនៅអាមេរិកខាងត្បូងដំបូងដែលវៀតណាមបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក៏បង្ហាញពីវឌ្ឍនភាពរបស់វៀតណាមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់អាមេរិកឡាទីន ដែលជាទីផ្សារដ៏មានសក្តានុពល ជាពិសេសក្នុងបរិបទដែលវៀតណាមកំពុងជំរុញការធ្វើពិពិធកម្មទីផ្សារ និងប្រភពផ្គត់ផ្គង់។
ទីបី ក្របខណ្ឌនៃទំនាក់ទំនងថ្មីនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាអន្តរជាតិដូចជាការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងការរភ្ជាប់រវាងអាស៊ាន និងអាមេរិកខាងត្បូង។ នេះក៏បង្ហាញពីកិច្ចសន្យារបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងជាមួយដៃគូនានានៅលើពិភពលោកឲ្យកាន់តែស៊ីជម្រៅថែមទៀត ទន្ទឹមនឹងនោះ បញ្ជាក់ពីកិត្យានុភាពកាន់តែខ្លាំងឡើងរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិផងដែរ។
អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីលទ្ធផលដ៏លេចធ្លោនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋដូមីនិករបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh? តើភាគីទាំងពីរនឹងធ្វើអ្វីដើម្បីអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចនេះ?
លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Pham Thanh Binh៖ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅសាធារណរដ្ឋដូមីនិកគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងទ្វេភាគី ដែលបង្ហាញថាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់បន្តពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយសាធារណរដ្ឋដូមីនិកឲ្យកាន់តែស៊ីជម្រៅថែមទៀត ឆ្ពោះទៅរកការរំលឹកខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៥ / ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥)។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើតកម្លាំងចលករដើម្បីពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ នាំមកនូវផលប្រយោជន៍ដល់ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ទាំងពីរ និងនៅលើពិភពលោក។
នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំកម្រិតខ្ពស់ក៏ដូចជាថ្នាក់រដ្ឋមន្ត្រី ស្ថាប័ន និងថ្នាក់មូលដ្ឋាន ដើម្បីបង្កើនការយល់ដឹង និងបង្កើតកម្លាំងចលករជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង នាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងអនុវត្តយ៉ាងសកម្មនូវយន្តការគណៈកម្មាធិការចម្រុះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបច្ចេកទេស ជំរុញការចរចាស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយនិរន្តរភាព យូរអង្វែង។
ដូច្នេះហើយ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីល ចូលរួមកិច្ចប្រជុំកំពូល G20 និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋដូមីនិកទទួលបានជោគជ័យ។ ដំណើរទស្សនកិច្ចជាថ្មីម្តងទៀតបានបង្ហាញពីតួនាទី កិត្យានុភាព និងការរួមចំណែកប្រកបដោយមានទំនួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាសកល ទន្ទឹមនឹងនោះ បង្កើតកម្លាំងចលករថ្មីសម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី វៀតណាម-ប្រេស៊ីល និងវៀតណាម-សាធារណរដ្ឋដូមីនិក។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Huyen Trang