អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសឈីលី និងប្រទេសប៉េរូរបស់លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម?
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Luong Cuong ទៅកាន់ប្រទេសឈីលី និងប្រទេសប៉េរូ បានបញ្ជូនសារដ៏សំខាន់មួយទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន អំពីគោលនយោបាយការបរទេសឥតងាករេ របស់វៀតណាមដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសដែលមានទំនាក់ទំនងមិត្តភាពប្រពៃណី រួមទាំងប្រទេសឈីលី និងប៉េរូ។ ដំណើរទស្សនកិច្ចនេះ បង្ហាញពីទស្សនវិស័យសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងប្រទេសទាំងពីរនេះ។ ការពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងពីរ ក៏នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាមេរិកឡាទីនផ្សេងទៀត។
|
|
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ផ្តល់បទសម្ភាសន៍ |
ការចូលរួមរបស់លោកប្រធានរដ្ឋ និងគណៈប្រតិភូវៀតណាមក្នុងកិច្ចប្រជុំកំពូល APEC បន្តអះអាងនូវកិច្ចសន្យារបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ APEC និងការត្រៀមខ្លួនជាស្រេចរួមចំណែកបន្ថែមទៀតដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអាស៊ី-ប៉ាស៊ីហ្វិក និងនៅលើពិភពលោកដែលក្នុងនោះ ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ APEC ឆ្នាំ២០២៧ គឺជាសក្ខីភាពមូយដ៏ជាក់ស្តែង។ ការចែករំលែករបស់លោកប្រធានរដ្ឋនៅឯកិច្ចប្រជុំកំពូល APEC ជាថ្មីម្តងទៀតបានបញ្ជូនសារដ៏រឹងមាំអំពីប្រទេសវៀតណាមមួយកំពុងឈានចូលយុគសម័យថ្មី យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រជាជាតិ ប្រទេសវៀតណាមមួយដ៏ស្វាហាប់ នវានុវត្តន៍ និងក្លាយជាគោលដៅនាំមុខគេសម្រាប់វិនិយោគិនអន្តរជាតិ។
អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឈីលី និងប្រទេសប៉េរូរបស់លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទេ?
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស៖ នៅប្រទេសឈីលី និងប្រទេសប៉េរូ លោកប្រធានរដ្ឋ Luong Cuong មានកម្មវិធីការងារជាច្រើន ជាក់ស្តែង និងមានប្រសិទ្ធភាព រួមទាំងកិច្ចប្រជុំចង្អៀត កិច្ចពិភាក្សាផ្លូវការ និងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំមូលដ្ឋាន និងមេដឹកនាំនៃអង្គភាពអាជីវកម្មធំៗនៅក្នុងប្រទេសឈីលី និងប៉េរូ ហើយបានថ្លែងសុន្ទរកថាគន្លិះនៅសាកលវិទ្យាល័យឈីលី; ចូលរួមពិធីបើកការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំឈីលី; បំពេញទស្សនកិច្ចការងារនៅសាជីវកម្ម Viettel នៅប្រទេសប៉េរូ (Bitel); ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត សហគមន៍អាណិកជនវៀតណាមនៅឈីលី។ល។ លើសពីនេះ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមូលដ្ឋានដែលអមដំណើរគណៈប្រតិភូក៏មានជំនួបការងារជាច្រើនជាមួយដៃគូឈីលី និងប៉េរូផងដែរ។
អាចនិយាយបានថា ដំណើរទស្សនកិច្ចសម្រេចបាននូវរាល់គោលដៅដែលបានកំណត់ ដោយទទួលបានលទ្ធផលលេចធ្លោដូចខាងក្រោម៖
ទីមួយ ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារសំខាន់ៗជាច្រើនត្រូវបានចុះហត្ថលេខា រួមមានសេចក្តីថ្លែងការណ៍រួម វៀតណាម-ឈីលី សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគី វៀតណាម-ប៉េរូ និងឯកសារសហប្រតិបត្តិការជិត ១០ លើវិស័យការពារជាតិ កសិកម្ម វប្បធម៌ និងជំរុញពាណិជ្ជកម្ម ... ដែលបង្កើតមូលដ្ឋានសម្រាប់ការជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម-ឈីលី និងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើន វៀតណាម-ប៉េរូ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ទីពីរ ដំណើរទស្សនកិច្ចរួមចំណែកក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយឱ្យកាន់តែស៊ីជម្រៅថែមទៀត និងពង្រឹងទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសឈីលី និងប៉េរូ។
ទីបី ដំណើរទស្សនកិច្ចបានបង្កើតឡើងនូវសន្ទុះថ្មី បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឈីលី និងប៉េរូលើវិស័យប្រពៃណីជាច្រើនដូចជា កសិកម្ម សន្តិសុខ ការពារជាតិ អប់រំ ទេសចរណ៍ និងពង្រីកទៅកាន់វិស័យថ្មីៗ ដែលមានសក្តានុពលជាច្រើនដូចជា នវានុវត្តន៍ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ថាមពល ប្រេង និងឧស្ម័ន ទូរគមនាគមន៍...
អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងថា តើភាគីទាំងពីរនឹងធ្វើយ៉ាងណា ដើម្បីអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចនេះ?
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស៖ នាពេលខាងមុខ វៀតណាមរួមជាមួយឈីលី និងប៉េរូនឹងជំរុញការអនុវត្តនូវលទ្ធផលដែលសម្រេចបានក្នុងទិដ្ឋភាពសំខាន់ៗដូចខាងក្រោម៖
ទីមួយ បន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ តាមរយៈបណ្តាញរបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន; រក្សាយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងវៀតណាម និងប្រទេសនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងសិក្សាលទ្ធភាពបង្កើតយន្តការសហប្រតិបត្តិការថ្មីប្រកបដោយប្រសិទ្ធភាពរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាន; លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការតភ្ជាប់អង្គភាពអាជីវកម្ម ជំរុញពាណិជ្ជកម្ម និងការវិនិយោគ តភ្ជាប់ចរាចរណ៍ និង logistique; ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរវប្បធម៌ អប់រំ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន រួមចំណែកពង្រឹងចំណងមិត្តភាពជាប្រពៃណី។
ទីពីរ បន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយប្រទេសទាំងពីរ។ ជាមួយឈីលី ដោយផ្អែកលើការព្រមព្រៀងខ្ពស់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូ និងការតភ្ជាប់យុទ្ធសាស្ត្ររវាងខឿនសេដ្ឋកិច្ចទាំងពីរ វៀតណាម និងឈីលីនឹងបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមក ដូចជាកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ វប្បធម៌ ការអប់រំ ការការពារបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ កំណើនបៃតង និងនិរន្តរភាព ការកែច្នៃកសិផល នវានុវត្តន៍។ល។ ជាមួយប្រទេសប៉េរូ វៀតណាម និងប៉េរូនឹងធ្វើការពិភាក្សានាពេលឆាប់ៗនេះ អំពីការតម្លើងទំនាក់ទំនងឡើកកំរិតកម្ពស់ថ្មីមួយ; ពង្រឹងការផ្លាស់ប្តូរលើលទ្ធភាពនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ ដូចជាការធ្វើបរិវត្តកម្មឌីជីថល ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទីក្រុងឆ្លាតវៃ និងសន្តិសុខតាមអីនធឺណិត។
អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងអំពីការរួមចំណែករបស់វៀតណាមក្នុងកិច្ចប្រជុំកំពូលឆ្នាំនេះ និងអាទិភាពរបស់ខ្លួនក្នុងការចូលរួមក្នុង APEC នាពេលខាងមុខបានទេ?
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស៖ យើងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៤ ហើយការរួមចំណែករបស់វៀតណាមត្រូវបានវាយតម្លៃខ្ពស់ដោយបណ្តាខឿនសេដ្ឋកិច្ច APEC។ ចំណុចលេចធ្លោមួយចំនួនរួមមានដូចខាងក្រោម៖
ទីមួយ លោកប្រធានរដ្ឋ Luong Cuong និងសមាជិកនៃគណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងគ្រប់សកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល។ ក្នុងរយៈពេលជាង ២ ថ្ងៃធ្វើការ លោកប្រធានរដ្ឋបានចូលរួមរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំ APEC មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃដៃគូសំខាន់ៗរបស់វៀតណាម និងជួបពិភាក្សាជាមួយប្រធាន/CEO នៃសាជីវកម្មធំៗ។
គណៈប្រតិភូវៀតណាមបានសម្របសម្រួលយ៉ាងសកម្មជាមួយសមាជិក APEC ដើម្បីរួមចំណែកក្នុងដំណើរការកសាងសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំ APEC និងឯកសារសំខាន់ៗនៃកិច្ចប្រជុំ។
ទីពីរ លោកប្រធានរដ្ឋបានចែករំលែកទស្សនៈអំពីនិន្នាការ កាលានុវត្តភាព និងបញ្ហាប្រឈមរបស់តំបន់ និងពិភពលោក ហើយបានលើកឡើងទិសដៅសំខាន់ៗសម្រាប់ APEC បន្តដើរតួនាទីនាំមុខគេនៃកំណើនសេដ្ឋកិច្ចពិភពលោក និងធានាប្រជាជន ជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍសេដ្ឋកិច្ច។
ទីបី សុន្ទរកថារបស់លោកប្រធានរដ្ឋនៅឯកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៤ កិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាធុរកិច្ច APEC និងតំណាងថ្នាក់ដឹកនាំធុរកិច្ច បានរួមចំណែកដោយផ្ទាល់ដល់ជោគជ័យនៃកិច្ចប្រជុំផង និងលើកទឹកចិត្តដល់ការគាំទ្រ និងការរួមដំណើរនៃសហគមន៍ធុរកិច្ចសម្រាប់ដំណើរការសហប្រតិបត្តិការ APEC ផង ដែលជាកត្តាមិនអាចខ្វះបានសម្រាប់ជោគជ័យនៃវេទិកា។
នាពេលខាងមុខ វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ APEC ដោយមានខ្លឹមសារអាទិភាពដូចខាងក្រោម៖
ទីមួយ លើកកម្ពស់វិស័យដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក្នុងដំណាក់កាលថ្មី។ ទីពីរ ជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលមានប្រៀបខ្លាំង និងប្រពៃណីរបស់ APEC ដែលជាសេរីភាវូបនីយកម្ម និងការសម្រួលពាណិជ្ជកម្ម និងការវិនិយោគ។ ទីបី ត្រៀមរៀបចំឆ្នាំ APEC ឆ្នាំ២០២៧ ប្រកបដោយជោគជ័យ រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវចក្ខុវិស័យ APEC ឆ្នាំ២០៤០ ក៏ដូចជាការលើកកំពស់តួនាទី និងកិត្យានុភាពអន្តរជាតិរបស់ប្រទេសជាតិ។
អ្នកយកព័ត៌មាន៖ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី!
បកប្រែដោយ Huyen Trang