វៀតណាមបញ្ជាក់ពីកិច្ចសន្យារបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការមេគង្គ
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Li Qiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា។
ដំណើរទស្សនកិច្ចនេះមានគោលបំណងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះយន្តការ GMS, ACMECS និង CLMV និយាយដោយឡែក និងកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គនិយាយរួម។
GMS គឺជាក្របខណ្ឌសហប្រតិបត្តិការ ដែលត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងមហាអនុតំបន់មេគង្គក្នុងឆ្នាំ ១៩៩២ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមមានប្រទេសសមាជិកដូចជា វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងចិន (មានខេត្តតំណាងពីរគឺ យូណាន និងក្វាងស៊ី)។ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការ GMS បានបន្តពង្រីកខ្លួន ដោយបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនជាយន្តការសហប្រតិបត្តិការក្នុងតំបន់ដ៏មានកិត្យានុភាព ដោយផ្អែកលើសសរស្តម្ភចំនួន ៣ នៃកិច្ចសហប្រតិបត្តិការ៖ សហគមន៍ ការតភ្ជាប់ និងការប្រកួតប្រជែង។ ចាប់តាំងពីថ្ងៃដំបូងនៃការបង្កើត GMS មកទល់បច្ចុប្បន្ននេះ វៀតណាមបាន និងកំពុងចូលរួមយ៉ាងពេញលេញ និងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការ; ផ្តល់យោបល់ក្នុងការកសាងផែនការ និងយុទ្ធសាស្ត្រនៅក្នុងមហាអនុតំបន់; ចូលរួម និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រគមនាគមន៍ដឹកជញ្ជូន GMS ២០៣០; ទទួលបានគម្រោងចំនួន ២ ស្តីពី "អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីគាំទ្រកំណើនដ៏ទូលំទូលាយនៃមហាអនុតំបន់មេគង្គ" ដំណាក់កាលទី ១ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ និងដំណាក់កាលទី ២ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤។ នៅក្នុងក្របខណ្ឌវិនិយោគ ដំណាក់កាលឆ្នាំ ២០២១-២០២៥ វៀតណាមបានកៀរគរគម្រោងជាង ១០០ ដែលមានតម្លៃជាង ១០.៤ ពាន់លានដុល្លារអាមេរិក។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ vnanet.vn) |
ACMECS គឺជាក្របខណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានប្រទេសចំនួន ៥ គឺ៖ វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ។ កិច្ចសហប្រតិបត្តិការ ACMECS រួមមានវិស័យចំនួន ៨៖ ពាណិជ្ជកម្ម-វិនិយោគ កសិកម្ម ឧស្សាហកម្ម-ថាមពល គមនាគមន៍ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងបរិស្ថាន។ កិច្ចសហប្រតិបត្តិការនៃ ACMECS ផ្តោតលើការលើកកម្ពស់កំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌ក្នុងតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមក្នុងស្មារតីសមភាព និងកិច្ចសហប្រតិបត្តិការ។ ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវ វៀតណាមតែងតែស្នើយ៉ាងសកម្ម និងអនុវត្តគំនិតថ្មីៗជាច្រើន រួមចំណែកក្នុងការកសាងឯកសារសំខាន់ៗ បង្កើត និងជំរុញគំនិតផ្តួចផ្តើម និងគាំទ្រការអភិវឌ្ឍសម្រាប់ប្រទេសជាសមាជិក រួមទាំងការអភិវឌ្ឍធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធ។ គួរឲ្យកត់សម្គាល់ថា វៀតណាមកំពុងអនុវត្តនីតិវិធីក្នុងស្រុក ដើម្បីប្រកាសផែនការរួមវិភាគទានហិរញ្ញវត្ថុដល់មូលនិធិអភិវឌ្ឍន៍ ACMECS នាពេលឆាប់ៗ ដោយហេតុនោះជំរុញការបង្កើតមូលនិធិ និងធានាការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពក្នុងផែនការមេ ACMECS នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងបណ្តាខឿនសេដ្ឋកិច្ច ACMECS ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពនៃមហាអនុតំបន់។
ទន្ទឹមនឹងនោះ ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន នៅខែធ្នូ ឆ្នាំ២០០៣ នៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានឯកភាពគ្នារៀបចំកិច្ចប្រជុំកំពូល CLMV លើកដំបូង ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១០ នៅទីក្រុងវៀងចន្ទន៍ (ឡាវ) ក្នុងខែវិច្ឆិកា ឆ្នាំ ២០០៤។ ការបង្កើតកិច្ចសហប្រតិបត្តិការ CLMV គឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបំពេញតម្រូវការជាបរាម័តនៃការធ្វើសមាហរណកម្មមហាអនុតំបន់មេគង្គ និងអាស៊ាន។ កិច្ចសហប្រតិបត្តិការ CLMV គឺជាយន្តការសហប្រតិបត្តិការបើកចំហ ដែលលើកកម្ពស់គុណសម្បត្តិ និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់របស់ប្រទេស CLMV និងអំពាវនាវឱ្យមានការគាំទ្រពីប្រទេសអាស៊ានផ្សេងទៀត និងដៃគូអភិវឌ្ឍន៍សម្រាប់ប្រទេស CLMV។ លើសពីនេះ កិច្ចសហប្រតិបត្តិការ CLMV ក៏ជាវេទិកាសម្រាប់ប្រទេស CLMV សម្របសម្រួលក្នុងដំណើរការតភ្ជាប់សេដ្ឋកិច្ចអាស៊ានផងដែរ។ ចាប់តាំងពីចូលរួមកិច្ចសហប្រតិបត្តិការ CLMV មក វៀតណាមបានបង្ហាញយ៉ាងច្បាស់នូវតួនាទីនាំមុខរបស់ខ្លួន ជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ដើម្បីការអភិវឌ្ឍរួមនៃតំបន់។ ជាពិសេស ក្នុងឆ្នាំ ២០១៨ ក្នុងឋានៈជាប្រធាននៃកិច្ចសហប្រតិបត្តិការ CLMV វៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូល CLMV លើកទី ៨ ជាមួយនឹងការបង្កើតនៃក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV ដែលជាឯកសារតម្រង់ទិសយុទ្ធសាស្ត្រដំបូងដែលត្រូវបានកសាងឡើងលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេស CLMV ចាប់តាំងពីយន្តការសហប្រតិបត្តិការនេះត្រូវបានបង្កើតឡើង។
អាចនិយាយបានថា៖ GMS ACMECS និង CLMV គឺជាយន្តការដែលមានគោលដៅជំរុញ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសនានា; គាំទ្រប្រទេសនានាក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDG) ប្រកបដោយជោគជ័យ; ជំរុញមហាអនុតំបន់មេគង្គពង្រីកយ៉ាងឆាប់រហ័ស ក្លាយជាតំបន់អភិវឌ្ឍន៍យ៉ាងលឿន និងប្រកបដោយវិបុលភាព; លើកកម្ពស់ការប្រកួតប្រជែង បង្រួមគម្លាតអភិវឌ្ឍន៍។ មកទល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ GMS, ACMECS និង CLMV ត្រូវបានវាយតម្លៃថា ទទួលបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ក៏ដូចជាការពង្រឹងទំនាក់ទំនងមិត្តភាព សន្តិភាព និងស្ថិរភាពក្នុងតំបន់។
យើងជឿជាក់ថា ដំណើរទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំកំពូល GMS លើកទី ៨ កិច្ចប្រជុំកំពូល ACMECS លើកទី ១០ កិច្ចប្រជុំកំពូល CLMV លើកទី ១១ និងការបំពេញទស្សនកិច្ចការងារនៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងទទួលបានជោគជ័យ ដោយហេតុនោះបន្តរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ ក៏ដូចជាជំរុញទំនាក់ទំនង វៀតណាម-ចិន ឲ្យកាន់តែអភិវឌ្ឍដោយឥតឈប់ឈរ៕
បកប្រែដោយ Thanh Cong