មេបញ្ជាការស្ថានបេសកកម្ម UNISFA បំពេញទស្សនកិច្ចនៅក្រុមវិស្វកម្មលេខ ៤ របស់វៀតណាម
កប.អនឡាញ- នាថ្ងៃទី២៨ ខែតុលា មួយខែបន្ទាប់ពីចាប់ផ្តើមអាណត្តិការងារជាផ្លូវការនៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) ក្រុមវិស្វកម្មលេខ៤ របស់វៀតណាមបានទទួលជួបលោកឧត្តមសេនីយ៍ទោ Robert Yaw Affram មេបញ្ជាការស្ថានបេសកកម្ម UNISFA និងក្រុមការងារដែលមកទស្សនកិច្ច និងធ្វើការដោយផ្ទាល់នៅមូលដ្ឋាន Highway ។
ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងនៅក្នុងបរិបទដែលក្រុមវិស្វកម្មលេខ៤ បន្ទាប់ពីទទួលភារកិច្ចពីក្រុមវិស្វកម្មលេខ ៣ បានចាប់ផ្តើមអនុវត្ដភារកិច្ចជំនាញយ៉ាងឆាប់រហ័ស។ អង្គភាពនេះបានបង្ហាញពីស្មារតីក្នុងការធ្វើការបន្ទាន់ និងប្រសិទ្ធភាព ជាពិសេសនៅក្នុងភារកិច្ចសំខាន់ៗដូចជា ការជួសជុលនិងស្តារស្ពាន Banton ដ៏សំខាន់ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដំបូងដ៏ល្អអំពីការគោរពវិន័យ និងស្មារតីទទួលខុសត្រូវរបស់នាយទាហាន "មួកខៀវ" នៃក្រុមវិស្វកម្មលេខ ៤។
ទទួលស្វាគមន៍ក្រុមការងារ មានលោកវរសេនីយ៍ទោ Trinh Van Cuong ប្រធានក្រុមវិស្វកម្មលេខ ៤; លោកវរសេនីយ៍ទោ Nguyen Van Cong ប្រធាននយោបាយ រួមទាំងនាយទាហាននៅទីបញ្ជាការក្រុម។
    |
 |
|
លោកឧត្តមសេនីយ៍ទោ Robert Yaw Affram មេបញ្ជាការស្ថានបេសកកម្ម UNISFA អញ្ជើញទៅទស្សនកិច្ច និងធ្វើការនៅមូលដ្ឋាន Highway ក្រុមវិស្វកម្មលេខ ៤ របស់វៀតណាម |
ភ្លាមៗបន្ទាប់ពីមកដល់មូលដ្ឋាន Highway លោកឧត្តមសេនីយ៍ទោ Robert Yaw Affram បានចុះត្រួតពិនិត្យតំបន់បន្ទាយ ប្រព័ន្ធឧបករណ៍ និងអាវុធរបស់ក្រុមវិស្វកម្ម។ មេបញ្ជាការស្ថានបេសកកម្មបានសម្តែងការពេញចិត្តចំពោះការរៀបចំ និងស្ថេរភាពយ៉ាងឆាប់រហ័សរបស់អង្គភាព ការថែរក្សារបៀបរៀបរយ និងស្មារតីត្រៀមខ្លួនទទួលភារកិច្ចរបស់អង្គភាពវៀតណាម។
នៅក្នុងជំនួប លោកវរសេនីយ៍ទោ Trinh Van Cuong បានរាយការណ៍ទៅលោកឧត្តមសេនីយ៍ទោ Robert Yaw Affram អំពីស្ថានភាពរបស់អង្គភាព៖ ក្រុមវិស្វកម្មលេខ ៤ បានយកឈ្នះលើការលំបាកដំបូងៗយ៉ាងឆាប់រហ័សដោយអាកាសធាតុ និងបញ្ចប់ទទួលការងារនិងប្រគល់ភារកិច្ច ១០០%។ អង្គភាពទាំងមូលបានចាប់ផ្តើមធ្វើការភ្លាមៗ ដោយធានាបាននូវប្រតិបត្តិការរលូន និងការត្រៀមខ្លួនអនុវត្តភារកិច្ចដែលប្រគល់ដោយស្ថានបេសកកម្ម។
លោកឧត្តមសេនីយ៍ទោ Robert Yaw Affram បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមវិស្វកម្មវៀតណាមមុននោះនៅស្ថានបេសកកម្ម UNISFA។ លោកឧត្តមសេនីយ៍ទោ Robert Yaw Affram បានសង្កត់ធ្ងន់ថា កម្លាំងវិស្វកម្មវៀតណាមបាន «ផ្លាស់ប្តូរមុខមាត់» នៃមូលដ្ឋាន Highway ដោយប្រែក្លាយវាពីទីតាំងដ៏លំបាកបំផុតមួយទៅជាបន្ទាយគំរូនៃស្ថានបេសកកម្ម។
    |
 |
|
មេបញ្ជាការស្ថានបេសកកម្ម UNISFA ចុះត្រួតពិនិត្យតំបន់បន្ទាយ ប្រព័ន្ធឧបករណ៍និងអាវុធរបស់ក្រុមវិស្វកម្ម |
បន្ទាប់ពីចុះត្រួតពិនិត្យនិងស្តាប់របាយការណ៍ មេបញ្ជាការស្ថានបេសកកម្ម UNISFA បានសម្តែងការជឿជាក់ថា៖ "វៀតណាមបានចាត់បញ្ជូននាយទាហានដែលមានជំនាញល្អបំផុតមកទីនេះ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ក្រុមវិស្វកម្មលេខ ៤។ ស្ថានបេសកកម្មកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសការថែរក្សា និងជួសជុលខ្សែផ្លូវសំខាន់ៗក្នុងរដូវវស្សា។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមវិស្វកម្មលេខ ៤ នឹងបន្តទទួលបានជោគជ័យដូចអង្គភាពមុនៗ បំពេញល្អនូវបេសកកម្ម រួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ និងជំនួយមនុស្សធម៌នៅក្នុងតំបន់ Abyei"។
ក្នុងនាមក្រុមវិស្វកម្មលេខ ៤ លោកវរសេនីយ៍ទោ Trinh Van Cuong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ Robert Yaw Affram បានយកចិត្តទុកដាក់ និងលើកទឹកចិត្តទាន់ពេលវេលា។ ប្រធានក្រុមវិស្វកម្មលេខ ៤ បានបញ្ជាក់ថា ការជឿទុកចិត្តរបស់មេបញ្ជាការស្ថានបេសកកម្មគឺជាប្រភពលើកទឹកចិត្តដ៏ធំធេង។ ក្រុមវិស្វកម្មលេខ ៤ វៀតណាម សន្យាថា នឹងលើកកម្ពស់ប្រពៃណី "បើកផ្លូវឆ្ពោះទៅរកជ័យជម្នះ" សាមគ្គីភាព ម្ចាស់ការ ច្នៃប្រឌិត ជំនះរាល់ការលំបាក បំពេញល្អនូវគ្រប់ភារកិច្ចដែលបានប្រគល់ឲ្យ សក្តិសមនឹងការជឿទុកចិត្តរបស់ស្ថានបេសកកម្ម និងរួមចំណែករីកសាយភាយរូបភាពរបស់ទាហានលោកអ៊ំ ហូ ក្នុងបរិស្ថានអន្តរជាតិ៕
បកប្រែដោយ Pham Diep