ទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋទាំងពីរបានជម្រាបជូនគ្នាអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ រួមទាំងការងារកសាងបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផ្លាស់ប្តូរលើស្ថានភាពអន្តរជាតិ និងតំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ វាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រទេសទាំងពីរនាពេលកន្លងមក ព្រមទាំងឯកភាពលើទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវនាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពកិច្ចប្រជុំរវាងបក្សទាំងពីរ

ភាគីទាំងពីរបានអបអរសាទរគ្នាទៅវិញទៅមកចំពោះសមិទ្ធផលសំខាន់ៗ និងជាប្រវត្តិសាស្ត្រដែលប្រជាជននៃប្រទេសទាំងពីរសម្រេចបានក្នុងដំណើរការកំណែទម្រង់ ក៏ដូចជាក្នុងការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតបក្សនីមួយៗ។

ថ្នាក់ដឹកនាំទាំងពីរក៏បានសម្តែងនូវក្តីសប្បាយរីករាយចំពោះទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា កាន់តែល្អប្រសើរឡើង ហើយបានវាយតម្លៃខ្ពស់ និងមានបំណងចង់ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបី រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃជំនួបរវាងមេដឹកនាំកំពូលនៃបក្សទាំងបី ក៏ដូចជាយន្តការសហប្រតិបត្តិការបីភាគីផ្សេងៗទៀត។

គួរឱ្យរំលឹកដែរថា នៅក្នុងជំនួបរវាងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ លើកទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួន និងវិធានការជាក់លាក់នានាដើម្បីលើកកម្ពស់ប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើតរបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីឲ្យសមស្របនឹងស្ថានភាពទំនាក់ទំនងនយោបាយ និងសក្ដានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ ដោយផ្តោតលើការដោះស្រាយបញ្ហានៅសេសសល់ក្នុងកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនង និងបំពេញបន្ថែមរវាងសេដ្ឋកិច្ចទាំងពីរ វៀតណាម-ឡាវ និងរវាងខឿនសេដ្ឋកិច្ចទាំងបី វៀតណាម-ឡាវ-កម្ពុជា។

និមិត្តសញ្ញា "មានតែមួយគត់" នៃសាមគ្គីភាពអន្តរជាតិ

នារសៀលថ្ងៃទី ១១ កញ្ញា នៅទីក្រុងហាណូយ លោក Thongloun Sisoulith អគ្គលេខាបក្ស  និងជាប្រធានរដ្ឋឡាវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញការ និស្សិតវៀតណាមនៅឡាវ និងជំនាន់ក្រោយនៃប្រទេសទាំងពីរវៀតណាម-ឡាវ។ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ រួមនិងថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋវៀតណាម និងឡាវ តំណាងអតីតកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញវៀតណាមនៅឡាវ សមាគមមិត្តភាពវៀតណាម-ឡាវ និងជំនាន់ក្រោយនៃប្រទេសទាំងពីរបានចូលរួមជំនួបដ៏មានអត្ថន័យនេះ។

ក្នុងបរិយាកាសស្និទ្ធស្នាលពោរពេញដោយក្តីស្រឡាញ់រាប់អានគ្នាជាបងប្អូន លោក Thongloun Sisoulith បានរំលឹកពីប្រវត្តិនៃប្រពៃណីសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ ដែលត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានអះអាងថា ទំនាក់ទំនងវៀតណាម-ឡាវ បានក្លាយទៅជានិមិត្តសញ្ញា “មានតែមួយគត់” នៃសាមគ្គីភាពអន្តរជាតិ ដែលជាទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងពីរ ដែលត្រូវបានសម្រិតសម្រាំងដោយអក្សរចំនួន៤៖ “សមមិត្ត សាមគ្គីភាព ភាតរភាព មិត្តភាព"។

លោក Thongloun Sisoulith បានសម្តែងនូវមោទនភាព និងអារម្មណ៍រំភើបចិត្តចំពោះការរួមចំណែក និងការលះបង់ដ៏ធំសម្បើមរបស់កងទ័ព និងអ្នកជំនាញការស្ម័គ្រចិត្តវៀតណាមនៅឡាវ។ លោកអះអាងថា សមរភូមិស្ទើរតែទាំងអស់នៅឡាវមានស្លាកស្នាមដានជើងរបស់កងទ័ពឡាវ និងវៀតណាម ហើយលោក ចងចាំជានិច្ចនូវរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ក្នុងប្រវត្តិសាស្ត្រអំពីកងទ័ពនៃប្រទេសទាំងពីរ ពោលគឺឈរក្បែរគ្នា ប្រកៀកស្មាគ្នា និងលះបង់គ្រប់យ៉ាងដើម្បីគ្នាទៅវិញទៅមក ដើម្បីនាំមកនូវឯករាជ្យ សេរីភាពជូនជាតិ និងសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ជោគជ័យរបស់វៀតណាមគឺជាប្រភពនៃការលើកទឹកចិត្ត និងការគាំទ្រសម្រាប់ឡាវ

នារសៀលថ្ងៃទី១១ ខែកញ្ញា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Thongloun Sisoulith។

លោក Tran Thanh Man បានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Thongloun Sisoulith នឹងបន្តរួមចំណែកពូនជ្រំ និងពង្រឹងឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ  បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញនូវជំហានអភិវឌ្ឍដ៏រឹងមាំរបស់វៀតណាម និងសមិទ្ធផលដ៏ធំធេង និងទូលំទូលាយដែលប្រជាជនវៀតណាមសម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម តួនាទីត្រួតពិនិត្យយ៉ាងជិតស្និទ្ធរបស់រដ្ឋសភា  ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល។ លោកអះអាងថា ឡាវតែងតែចាត់ទុកជោគជ័យរបស់វៀតណាមជាការលើកទឹកចិត្ត និងមេរៀនដ៏មានតម្លៃសម្រាប់ឡាវ ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស។

ក្នុងឱកាសនេះ លោក Thongloun Sisoulith បានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលតែងតែផ្តល់ឱ្យរដ្ឋសភាឡាវនូវការសម្របសម្រួល ការគាំទ្រ និងជំនួយដោយស្មោះស្ម័គ្រ និងប្រកបដោយប្រសិទ្ធភាព។ យើងសង្ឃឹមថា រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាមនឹងបន្តផ្លាស់ប្តូរ និងចែករំលែកមេរៀន និងបទពិសោធន៍ក្នុងការអនុវត្តមុខងារ ភារកិច្ច និងអំណាចដែលបានប្រគល់ជូន នាំទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកលើកកំពស់តួនាទីរបស់រដ្ឋសភា ដែលសក្តិសមជាអាជ្ញាធររដ្ឋខ្ពស់បំផុត និងជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជននៃប្រទេសនីមួយៗ៕

បកប្រែដោយ Minh Trung