ឆ្នាំ២០២៦ គឺជាឆ្នាំខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអេត្យូពី (ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ១៩៧៦ / ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦)។ ក្នុងឱកាសនេះ លោក Dessie Dalkie Dukamo ឯកអគ្គរដ្ឋទូតអេត្យូពីប្រចាំកូរ៉េខាងត្បូង និងវៀតណាម បានផ្តល់បទសម្ភាសន៍អំពីសមិទ្ធផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងក្តីសង្ឃឹមរបស់លោកសម្រាប់អនាគត។

អ្នកយកព័ត៌មាន៖ ឆ្នាំ២០២៦ គឺជាឆ្នាំខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអេត្យូពី។ ក្រឡេកមើលទៅកន្លះសតវត្សរ៍កន្លងមក តើលោកចាត់ទុកថាអ្វីជាសមិទ្ធផលដ៏លេចធ្លោបំផុតក្នុងការពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ?

leftcenterrightdel
លោក Dessie Dalkie Dukamo ឯកអគ្គរដ្ឋទូតអេត្យូពីប្រចាំកូរ៉េខាងត្បូង និងវៀតណាម (រូបថត៖ Korea.net)

លោក Dessie Dalkie Dukamo ឯកអគ្គរដ្ឋទូត៖ វាជាកិត្តិយសមួយសម្រាប់យើងរំលឹកខួប "ឆ្នាំមាស" ក្នុងទំនាក់ទំនងការទូតរវាងវៀតណាម និងអេត្យូពី។

ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក សមិទ្ធផលដ៏សំខាន់បំផុតគឺការផ្លាស់ប្តូរក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ពីចំណងមិត្តភាពប្រវត្តិសាស្ត្រដែលបានពូនជ្រំតាមរយៈការតស៊ូប្រឆាំងនឹងអាណានិគមនិយម និងដើម្បីឯករាជ្យជាតិ ទៅជាទំនាក់ទំនងភាពជាដៃគូទំនើប និងពហុវិស័យ។

ប្រទេសទាំងពីរបានបង្កើតមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តខាងនយោបាយដ៏ស៊ីជម្រៅ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ និងពហុភាគី។ ការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន បានពង្រឹងមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តនោះបន្ថែមទៀត។

ការបើកជើងហោះហើរត្រង់ និងការទទួលស្គាល់គ្នាទៅវិញទៅមកអំពីបទប្បញ្ញត្តិទីផ្សារ គឺជានិមិត្តរូបជាក់ស្តែងនៃដំណើរការនេះ ដែលបង្ហាញថាប្រទេសទាំងពីរ ទោះបីជាមានចម្ងាយភូមិសាស្ត្រក៏ដោយ ក៏កំពុងខិតជិតគ្នាក្នុងគោលដៅរួម និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

អ្នកយកព័ត៌មាន៖ ក្នុងរយៈពេលកន្លងមក ការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ត្រូវបានជំរុញយ៉ាងខ្លាំង ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីអេត្យូពីមកកាន់វៀតណាម ក្នុងឱកាសកិច្ចប្រជុំកំពូល P4G នៅទីក្រុងហាណូយ ក្នុងខែមេសា ឆ្នាំ ២០២៥។ យោងតាមលោកឯកអគ្គរដ្ឋទូត តើដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងទ្វេភាគីយ៉ាងដូចម្តេច?

លោក Dessie Dalkie Dukamo ឯកអគ្គរដ្ឋទូត៖ ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក Abiy Ahmed នាយករដ្ឋមន្ត្រី មកកាន់ទីក្រុងហាណូយក្នុងខែមេសា ឆ្នាំ២០២៥ គឺជាចំណុចរបត់មួយនៅក្នុងទំនាក់ទំនងអេត្យូពី-វៀតណាម។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលអេត្យូពីមកកាន់ប្រទេសវៀតណាមក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។

ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ទៅកាន់ទីក្រុងហាណូយដោយក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីគឺជាលទ្ធផលច្បាស់លាស់បំផុត។ ជើងហោះហើរថ្មីនេះមិនត្រឹមតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើដំណើររវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់វៀតណាមកាន់តែស៊ីជម្រៅជាមួយទ្វីបអាហ្វ្រិកតាមរយៈបណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីទៀតផង។

នេះជារបៀបដែលកិច្ចសន្យាខាងនយោបាយកំពុងត្រូវបានប្រែក្លាយទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

អ្នកយកព័ត៌មាន៖ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងការទូត តើលោកឯកអគ្គរដ្ឋទូតចង់បញ្ជូនសារអ្វីដល់ប្រជាជន និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ?

លោក Dessie Dalkie Dukamo ឯកអគ្គរដ្ឋទូត៖ សាររបស់ខ្ញុំគឺ៖ ប្រទេសអេត្យូពីបើកចំហរ និងត្រៀមខ្លួនជាស្រេច។

ប្រជាជនអេត្យូពីតែងតែកោតសរសើរចំពោះភាពធន់ សមិទ្ធផលអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ និងអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់វៀតណាម។ យើងចែករំលែកតម្លៃរួមដូចជា ការឧស្សាហ៍ព្យាយាម សេចក្តីថ្លៃថ្នូរ និងឆន្ទៈដ៏មុតមាំដើម្បីទទួលបានជោគជ័យ។ ខ្ញុំសូមអញ្ជើញប្រជាជនវៀតណាមឱ្យស្វែងយល់ប្រទេសអេត្យូពី មិនត្រឹមតែជាទឹកដីនៃប្រវត្តិសាស្ត្របុរាណ និងធម្មជាតិដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងជាប្រទេសជាតិដ៏ស្វាហាប់មួយដែលកំពុងកំណត់អនាគតរបស់ខ្លួនទៀតផង។

ខ្ញុំក៏សូមអញ្ជើញសហគមន៍ធុរកិច្ចវៀតណាមឱ្យមើលប្រទេសអេត្យូពីតាមរយៈក្រសែភ្នែកថ្មី មិនត្រឹមតែជាចម្ងាយភូមិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាទឹកដីនៃឱកាស មានទីផ្សារដ៏ស្វាហាប់ ច្រកទ្វារទៅកាន់ទ្វីបអាហ្វ្រិក និងជាដៃគូដែលអាចទុកចិត្តបាន។

ខណៈពេលដែលប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូត សូមឱ្យយើងសន្យាជំរុញការផ្លាស់ប្តូរទំនិញ និងពង្រីកការផ្លាស់ប្តូរគំនិត បច្ចេកវិទ្យា នវានុវត្តន៍ និងបេតិកភណ្ឌវប្បធម៌។ ដោយវិនិយោគលើមនុស្ស អង្គភាពអាជីវកម្ម និងតម្លៃរួម ទំនាក់ទំនងអេត្យូពី-វៀតណាមនឹងទទួលបានសមិទ្ធិផលកាន់តែច្រើនក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ។

ដំណើររបស់យើងទើបតែចាប់ផ្តើមប៉ុណ្ណោះ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Huyen Trang