    |
 |
|
លោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ (រូបថត៖ VNA) |
អ្នកយកព័ត៌មាន៖ តើលោកស្រីវាយតម្លៃទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៦ យ៉ាងដូចម្តេច ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកនៅតែបង្កប់អថេរជាច្រើន?
លោកស្រី Mariam J. Sherman៖ វៀតណាមឈានចូលក្នុងឆ្នាំ ២០២៦ ជាមួយនឹងសន្ទុះកំណើនដ៏រឹងមាំ នៅពេលវេលាដ៏សំខាន់មួយ ដែលវៀតណាមចាប់ផ្តើមអនុវត្តទិសដៅយុទ្ធសាស្ត្រពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
នៅឆ្នាំ ២០២៥ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានប្រហែល ៨% ដែលជាកម្រិតខ្ពស់បំផុតទីពីរ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។
ទោះជាយ៉ាងណាក៏ដោយ បរិយាកាសពិភពលោកនៅតែមានការប្រែប្រួលជាច្រើន។ ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹមប្រហែល ២,៦% នៅឆ្នាំ ២០២៦។ ប្រទេសវៀតណាមត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យនៃការថយចុះសន្ទុះនៃការនាំចេញ ប្រសិនបើបរិយាកាសពាណិជ្ជកម្មពិភពលោកបានធ្វើឲ្យចង្អៀត។ យ៉ាងណាក៏ដោយ ដោយមានមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព អតិផរណាទាប និងបំណុលសាធារណៈទាបជាងកម្រិតសុវត្ថិភាព ប្រទេសវៀតណាមមានសារពើពន្ធដ៏ល្អសម្រាប់រដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជំនាញ និងកំណែទម្រង់ ដែលជួយអាជីវកម្មក្នុងស្រុកពង្រីក និងបង្កើតការងារ ដែលមានគុណភាពខ្ពស់បន្ថែមទៀត។
អ្នកយកព័ត៌មាន៖ តើវៀតណាមគួរធ្វើអ្វី ដើម្បីទាញយកអត្ថប្រយោជន៍ទាំងនេះ ដើម្បីរក្សាទីតាំងប្រកួតប្រជែងរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ខណៈដែលសាជីវកម្មពហុជាតិបន្តធ្វើពិពិធកម្មផលិតកម្ម?
លោកស្រី Mariam J. Sherman៖ គុណសម្បត្តិរបស់វៀតណាមគឺច្បាស់លាស់៖ ទីតាំងយុទ្ធសាស្ត្រនៅក្នុងផ្លូវពាណិជ្ជកម្មអាស៊ី មូលដ្ឋានឧស្សាហកម្មរឹងមាំ បណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដ៏ធំទូលាយ និងកម្លាំងពលកម្មដែលមានភាពប្រកួតប្រជែងខ្ពស់លើថ្លៃដើម ព្រមទាំងត្រូវបានលើកកម្ពស់កម្រិតជំនាញជាបន្តបន្ទាប់។។
នាពេលអនាគត ដើម្បីរក្សាទីតាំងនេះ ប្រទេសវៀតណាមមិនត្រឹមតែគួរពឹងផ្អែកលើអត្ថប្រយោជន៍ថ្លៃដើមពលកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ក្របខ័ណ្ឌច្បាប់ដែលមានស្ថេរភាព និងអាចព្យាករណ៍បាន និងការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាពផងដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀត វៀតណាមត្រូវឆ្ពោះទៅកាន់ខ្សែសង្វាក់តម្លៃដោយពង្រឹងទំនាក់ទំនងរវាងសហគ្រាស FDI និងអាជីវកម្មក្នុងស្រុក។ ប្រព័ន្ធផ្គត់ផ្គង់ក្នុងស្រុកដ៏រឹងមាំមួយ នឹងក្លាយជាកត្តាដ៏សំខាន់មួយ សម្រាប់ជំរុញផលិតភាព និងបង្កើតការងារ។
នេះក៏ជាចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រុមធនាគារពិភពលោក និងរដ្ឋាភិបាលវៀតណាមផងដែរ៖ ការចែករំលែកចំណេះដឹងសកល និងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីកែលម្អបរិយាកាសវិនិយោគ កាត់បន្ថយថ្លៃដើមភស្តុភារ បង្កើនជំនាញ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។
អ្នកយកព័ត៌មាន៖ តើលោកស្រីបានវាយតម្លៃរលកនៃការផ្លាស់ប្តូរ FDI ទៅជាវិស័យបច្ចេកវិទ្យាខ្ពស់ និងបច្ចេកវិទ្យាបៃតងយ៉ាងដូចម្តេច? តើនេះមានន័យយ៉ាងណាចំពោះការរំពឹងទុកកំណើនរបស់វៀតណាម?
លោកស្រី Mariam J. Sherman៖ ដើម្បីរក្សាទីតាំងរបស់ខ្លួនជាគោលដៅយុទ្ធសាស្ត្រសម្រាប់ FDI វៀតណាមត្រូវផ្លាស់ប្តូរទៅរកវិស័យផលិតកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ជំនួសឱ្យការប្រកួតប្រជែងលើថ្លៃដើម។
យើងកំពុងឃើញការផ្លាស់ប្តូរវិជ្ជមាននៃលំហូរដើមទុន ចូលក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងបៃតង ស្របតាមទិសដៅអភិវឌ្ឍ ដោយផ្អែកលើការច្នៃប្រឌិត ការធ្វើបរិវត្តកម្មឌីជីថល កំណើនបៃតង និងការផ្លាស់ប្តូរថាមពល ដែលបានលើកឡើងក្នុងសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
និន្នាការនេះផ្តល់នូវកម្លាំងចលករ សម្រាប់ការផ្លាស់ប្តូរសំខាន់ៗ ចំនួនបី៖ ការវិនិយោគបច្ចេកវិទ្យាខ្ពស់ជួយវៀតណាមចូលរួមកាន់តែស៊ីជម្រៅ នៅក្នុងខ្សែសង្វាក់តម្លៃសកល និងបង្កើនផលិតភាព។ ការធ្វើបរិវត្តកម្មឌីជីថលគាំទ្រដល់អាជីវកម្មនានាក្នុងការពង្រីក និងភ្ជាប់ជាមួយបណ្តាញសកល ប្រកបដោយប្រសិទ្ធភាព ។ ការផលិតបៃតងកំពុងក្លាយជាតម្រូវការស្នូលសម្រាប់វិនិយោគិន ខណៈដែលខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការប្តេជ្ញាចិត្តផ្នែកអាកាសធាតុ និងសន្តិសុខថាមពល។
ប្រសិនបើនិន្នាការនេះបន្តពង្រឹង រលកនៃការវិនិយោគបច្ចេកវិទ្យាខ្ពស់ និងបៃតងនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព និងការបង្កើតការងារដែលមានគុណភាពខ្ពស់បន្ថែមទៀត ចាប់ពីឆ្នាំ២០២៦តទៅ។
អ្នកយកព័ត៌មាន៖ ខណៈពេលដែលប្រទេសវៀតណាមចូលដល់វដ្តនៃកំណើនថ្មី ចាប់ពីឆ្នាំ២០២៦ សូមលោកស្រីបានឲ្យដឹងថា តើកត្តាសំខាន់ៗអ្វីខ្លះសម្រាប់ភាពជោគជ័យរបស់វៀតណាម?
លោកស្រី Mariam J. Sherman៖ ដើម្បីសម្រេចបានកំណើនពីរខ្ទង់ ប្រទេសវៀតណាមត្រូវផ្តោតលើចំណុចជាយុទ្ធសាស្ត្រចំនួនបី។ ទីមួយ ការបង្កើនប្រសិទ្ធភាពនៃការវិនិយោគសាធារណៈ។ ការកែលម្អគុណភាពនៃការអនុវត្តគម្រោង និងការរៀបចំយ៉ាងហ្មត់ចត់ ដើម្បីដោះស្រាយបញ្ហាកកស្ទះក្នុងវិស័យថាមពល ការដឹកជញ្ជូន និងភស្តុភារ - កត្តាដែលប៉ះពាល់ដោយផ្ទាល់ដល់ការប្រកួតប្រជែង។
ទីពីរ បរិយាកាសធ្វើអាជីវកម្មត្រូវបន្តកែលម្អឆ្ពោះទៅរកតម្លាភាព ស្ថិរភាព និងភាពអាចព្យាករណ៍បានមុន។ វិនិយោគិនត្រូវការមានបទប្បញ្ញត្តិច្បាស់លាស់ និងនីតិវិធី ដែលមានតម្លាភាព ដូចដែលបានលើកឡើងនៅក្នុងសេចក្តីសម្រេចលេខ ៦៨ ដែលបានដាក់ចេញ។
ជាចុងក្រោយ ការវិនិយោគលើធនធានមនុស្ស។ គំរូកំណើនថ្មីទាមទារជំនាញខ្ពស់ជាង។ ដូច្នេះ ការវិនិយោគលើមនុស្សគឺមានសារៈសំខាន់ ដូចគ្នានឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែរ។
មូលដ្ឋានគ្រឹះនៃប្រការទាំងអស់នេះគឺជាក្របខ័ណ្ឌស្ថាប័នដ៏រឹងមាំមួយ - "របកគំហើញនៃរបកគំហើញ" - ដើម្បីធានាថាយុទ្ធសាស្ត្រត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
អ្នកយកព័ត៌មាន៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំមមី ២០២៦ តើលោកស្រីចង់ផ្ញើសារអ្វីទៅកាន់ប្រជាជនវៀតណាម?
លោកស្រី Mariam J. Sherman៖ ក្នុងបរិយាកាសរីករាយនៃបុណ្យចូលឆ្នាំប្រពៃណីវៀតណាមចិន ខ្ញុំសូមផ្ញើសេចក្តីជូនពរដ៏កក់ក្តៅបំផុតរបស់ខ្ញុំទៅកាន់ប្រជាជនវៀតណាម សូមជូនពរប្រជាជនវៀតណាម មានឆ្នាំ២០២៦ ដ៏រីករាយ មានសុខភាពល្អ និងវិបុលភាព។ នេះជាពេលវេលានៃសុទិដ្ឋិនិយម ខណៈដែលវៀតណាមចូលដល់យុគសម័យថ្មីនៃការរីកចម្រើន ជាមួយនឹងចក្ខុវិស័យច្បាស់លាស់នៃសេដ្ឋកិច្ចទំនើប ពឹងផ្អែកលើខ្លួនឯង និងមានប្រាក់ចំណូលខ្ពស់ ដែលនាំមកនូវការងារ និងឱកាសកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា។
ធនាគារពិភពលោកមានមោទនភាព ដែលជាដៃគូដែលគួរឱ្យទុកចិត្តរបស់វៀតណាម ហើយយើងទន្ទឹងរង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀតនៅឆ្នាំ ២០២៦ ដើម្បីប្រែក្លាយសេចក្តីប្រាថ្នាទៅជាការពិត។
អ្នកយកព័ត៌មាន៖ សូមអរគុណច្រើន លោកស្រី!
បកប្រែដោយ Duy Hoan