នាថ្ងៃទី២២ ខែកុម្ភៈ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះបញ្ហានេះ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ជាពិសេសលើកិច្ចសហប្រតិបត្តិការ និងការពិភាក្សាជាមួយអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពនៃប្រព័ន្ធពន្ធដារជាតិក្នុងបំណងបង្កើតបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មដែលមានស្ថិរភាព តម្លាភាព និងអំណោយផលសម្រាប់សហគមន៍អាជីវកម្ម ក្នុងនោះមានអង្គភាពអាជីវកម្ម និងវិនិយោគិនបរទេសផងដែរ។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានថ្លែងថា ក្នុងអំឡុងពេលដំណើរការពិនិត្យឡើងវិញដោយសមភាគីគ្នាស្តីពីការផ្លាស់ប្តូរព័ត៌មានអំពីពន្ធដាររបស់ OECD វៀតណាមបានទទួលយកអនុសាសន៍ កែប្រែ និងបំពេញបន្ថែមថ្មីៗនេះនូវឯកសារច្បាប់ជាច្រើនក្នុងវិស័យពន្ធដារ ហិរញ្ញវត្ថុ និងអភិបាលកិច្ចសាជីវកម្ម ដូចជា ច្បាប់គ្រប់គ្រងពន្ធដារ ច្បាប់ស្តីពីសហគ្រាស និងអនុក្រិតលេខ ១៦៨ ឆ្នាំ២០២៥ របស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសហគ្រាស ដើម្បីលើកកម្ពស់ការអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីតម្លាភាព និងការផ្លាស់ប្តូរព័ត៌មានស្តីពីពន្ធដារ។ បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងតាក់តែងផែនការសកម្មភាពជាតិ ដើម្បីអនុវត្តអនុសាសន៍របស់វេទិកាសកល ស្តីពីតម្លាភាព និងការផ្លាស់ប្តូរព័ត៌មានស្តីពីពន្ធដាររបស់ OECD ខណៈពេលដែលបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារជាមួយដៃគូ ក្នុងនោះមានសហភាពអឺរ៉ុបផងដែរ។

ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប លោកស្រី Pham Thu Hang បញ្ជាក់ថា វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្តូរ ចែករំលែក និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានទំនួលខុសត្រូវជាមួយក្រុមប្រឹក្សាអឺរ៉ុប និងប្រទេសជាសមាជិកសហភាពអឺរ៉ុប លើសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងការសុក្រិតប្រព័ន្ធច្បាប់ យន្តការ និងគោលនយោបាយរបស់ខ្លួនប្រកបដោយសមកាលកម្ម   មានតម្លាភាព យុត្តិធម៌ និងស្របតាមស្តង់ដារ និងទម្លាប់អន្តរជាតិ។ ការណ៍នេះជួយឱ្យមានការវាយតម្លៃកាន់តែមានបរានុម័ត និងទូលំទូលាយ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងដៃគូអឺរ៉ុប ដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម៕

បកប្រែដោយ Thanh Cong