អ្នកជំនាញសិង្ហបុរី៖ ចំណុចភ្លឺពិសេសជំរុញទំនាក់ទំនងវៀតណាម-ចិន
កប.អនឡាញ - ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទៅកាន់ប្រទេសចិន គឺជាចំណុចពិសេសទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ វៀតណាម និងចិន ចាំបាច់គួរតែមានគម្រោងជានិមិត្តរូបធំៗ ដែលលើសពីការរំពឹងទុក ដើម្បីពង្រឹងការកសាងទំនុកចិត្ត ការប្តេជ្ញាចិត្តយូរអង្វែង និងសម្រេចបានភាពរុងរឿងរួមគ្នា។
នេះគឺជាយោបល់របស់សាស្ត្រាចារ្យរងបណ្ឌិត Vu Minh Khuong - សាលាគោលនយោបាយសាធារណៈ Lee Kuan Yew ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅសិង្ហបុរី។ យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត Vu Minh Khuong កម្មវិធីទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ មានអត្ថន័យជ្រាលជ្រៅណាស់ ដោយចាប់ផ្តើមពី Guangdong និង Guangzhou រួចបន្តទៅទីក្រុងប៉េកាំង។ នោះបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានកសាងឡើងដោយឈាមស្រស់ និងការពលីរបស់បដិវត្តន៍ជាច្រើនជំនាន់ ដែលវៀតណាមស្មោះត្រង់យ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយប្រទេសជាមិត្ត ហើយចង់ឱ្យភាគីមិត្តរួមសហការគ្នាដោយស្មោះស្ម័គ្រនាពេលខាងមុខ។
|
|
លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Minh Khuong - សាលាគោលនយោបាយសាធារណៈ Lee Kuan Yew ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅសិង្ហបុរី (រូបថត៖ vnanet.vn) |
វាយតំលៃលទ្ធផលនៃដំណើរទស្សនកិច្ចនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Minh Khuong បានឲ្យដឹងថា សមិទ្ធផលដ៏អស្ចារ្យបំផុតនៃដំណើរទស្សនកិច្ចលើកនេះ គឺជាចក្ខុវិស័យរួមដ៏ជ្រាលជ្រៅបំផុត ដែលវៀតណាម និងចិននឹងរួមគ្នាឆ្ពោះទៅរកវិបុលភាពក្នុងរយៈពេល ២-៣ ទស្សវត្សរ៍ចាប់ពីពេលនេះតទៅ នឹងក្លាយជាគំរូមួយលើពិភពលោកសម្រាប់ប្រទេសទាំងពីរជំនះភាពខុសប្លែកគ្នា ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាសម្រាប់តំបន់ទាំងមូល និងពិភពលោក។
លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Minh Khuong បាននិយាយថា ដើម្បីកសាងទំនុកចិត្តគ្នាទៅវិញទៅមក វៀតណាម និងចិន ចាំបាច់ត្រូវមានស្នាដៃជានិមិត្តរូប ដូចដែលលោក To Lam បានស្នើទៅភាគីចិន ពោលគឺកសាងស្នាដៃវិទ្យាសាស្ត្រ និងបច្ចេកទេស ដែលជាគម្រោងធំៗលើសពីការរំពឹងទុក។ ជាឧទាហរណ៍ ប្រសិនបើគម្រោងប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ក្នុងរយៈពេល ១០-១៥ ឆ្នាំខាងមុខមានគុណភាពដូចគម្រោងនានានៅក្នុងទីក្រុងធំៗរបស់ចិនដូចជា Shenzhen និង Shanghai នោះប្រជាជនវៀតណាមនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន។ នោះគឺជានិមិត្តរូបនៃមិត្តភាព ក៏ដូចជាការប្តេជ្ញាចិត្តយូរអង្វែង ធ្វើការរួមគ្នាឆ្ពោះទៅរកភាពរុងរឿងនាពេលខាងមុខ។
បកប្រែដោយ Minh Trung