នាព្រឹកថ្ងៃទី៤ ខែធ្នូ ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម។ ភ្លាមៗបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានធ្វើការពិភាក្សាជាមួយគ្នា។ លោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ បានសម្តែងនូវក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​វៀត​ណាម។

នៅក្នុងកិច្ចពិភាក្សានេះ លោក Vuong Dinh Hue បានសម្តែងនូវសេចក្តីរីករាយដោយបានវិលត្រឡប់មកបំពេញទស្សនកិច្ចនៅឡាវសាជាថ្មីម្តងទៀត និងបានពាំនាំនូវការអបអរសាទររបស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនឡាវក្នុងឱកាសរំលឹកខួបលើកទី ៤៨ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៥/ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣)។ លោក Vuong Dinh Hue បានអបអរសាទរប្រទេសឡាវបងប្អូន ដោយសម្រេចបានសមិទ្ធផលសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

leftcenterrightdel
លោក Saysomphone Phomvihane អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានវាយតំលៃខ្ពស់ចំពោះការរៀបចំយ៉ាងយកចិត្តទុកដាក់របស់ប្រទេសម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកដំបូងនៃប្រទេសទាំងបី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ និងសកម្មភាពផ្សេងៗទៀត និងជឿជាក់ថា កិច្ចប្រជុំកំពូលនេះពិតជាមានសារសំខាន់ណាស់ ពោលគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា ដែលមានយន្តការជួបជុំរវាងថ្នាក់ដឹកនាំកំពូលលើបណ្តាញទាំងបីគឺបក្ស រដ្ឋសភា និងរដ្ឋាភិបាល។

លោក Vuong Dinh Hue បានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ការគ្រប់គ្រងរបស់រដ្ឋាភិបាល និងការរួមដំណើរ ការត្រួតពិនិត្យរបស់រដ្ឋសភា រួមនិងការខិតខំប្រឹងប្រែងរបស់ប្រជាជន និងសហគ្រាស ប្រទេសឡាវនឹងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើនថែមទៀត។ ទន្ទឹមនឹងនោះ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមតែងតែផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងប្រពៃណីដ៏អស្ចារ្យរវាងប្រទេសទាំងពីរ ជានិច្ចកាលប្រកៀកស្មា និងគាំទ្រយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយក្នុងបុព្វហេតុការពារ កសាង បង្កើតថ្មី និងការអភិវឌ្ឍរបស់ប្រទេសឡាវ។

ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរតាមរយៈការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍ខាងនីតិបញ្ញត្តិ ការកសាងបំពេញប្រព័ន្ធច្បាប់។ ភាគីទាំងពីរ សម្របសម្រួលត្រួតពិនិត្យការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលបានចុះហត្ថលេខា រៀបចំយ៉ាងល្អខ្លឹមសារសម្រាប់រាល់សកម្មភាពទ្វេភាគីសំខាន់ៗរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ពង្រឹងសាមគ្គីភាព ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF)...

លោកប្រធានរដ្ឋសភាវៀតណាម បានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រ និងត្រៀមខ្លួនជាស្រេចផ្តល់ការគាំទ្រជាអតិបរមាដល់ឡាវ ដើម្បីឲ្យឡាវអាចទទួលតួនាទីជាប្រធានអាស៊ាន និងជាប្រធាន AIPA នៅឆ្នាំ២០២៤ ដោយជោគជ័យ។

* នារសៀលថ្ងៃទី៤ ខែធ្នូ លោក Vuong Dinh Hue បានជួបសវនាការជាមួយលោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោក Thongloun Sisoulith បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានប្រកៀកស្មាជាមួយឡាវជានិច្ចក្នុងការតស៊ូដណ្តើមឯករាជ្យជាតិនាពេលកន្លងមក និងការជួយគាំទ្រឡាវក្នុងការកសាងជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

leftcenterrightdel
លោក Vuong Dinh Hue ជួបសវនាការជាមួយលោក Thongloun Sisoulith

លោក Vuong Dinh Hue បានសម្តែងនូវក្តីសប្បាយរីករាយចំពោះសមិទ្ធផលដ៏អស្ចារ្យដែលបងប្អូនជនរួមជាតិឡាវសម្រេចបាន ពោលគឺជំនះបានរាល់ការលំបាក​បណ្តោះអាសន្ន សន្តិសុខ និងស្ថិរភាពនយោបាយត្រូវបានរក្សា សេដ្ឋកិច្ចរក្សាបាននូវអត្រាកំណើនល្អ ជាមួយគ្នានេះ យើងជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សបដិវត្តន៍ប្រជាជនឡាវដែលដឹកនាំដោយលោក Thongloun Sisoulith ការប្រតិបត្តិការរបស់រដ្ឋាភិបាល និងការត្រួតពិនិត្យរបស់រដ្ឋសភា រួមនិងការខិតខំប្រឹងប្រែងរបស់ប្រជាជនឡាវ ប្រទេសឡាវនឹងអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១១ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ ឆ្នាំ លើកទី៩ បន្តកសាងប្រទេសឡាវប្រកបដោយសន្តិភាព ឯករាជ្យ វិបុលភាព និងកាន់តែមានកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិ និងតំបន់។

leftcenterrightdel
លោក Vuong Dinh Hue ជួបសវនាការជាមួយលោក Sonexay Siphandone

* នារសៀលថ្ងៃទី៤ ខែធ្នូ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។ លោក Vuong Dinh Hue បានសម្តែងនូវសេចក្តីរីករាយចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចឡាវដោយអតិផរណាត្រូវបានគ្រប់គ្រងជាបឋម ហើយចំណូលថវិការដ្ឋមានភាពល្អប្រសើរឡើង។ លោកប្រធានរដ្ឋសភាវៀតណាមសង្កត់ធ្ងន់ថា រដ្ឋសភានៃប្រទេសទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងបន្តបង្កើតច្រករបៀងផ្លូវច្បាប់ប្រកបដោយភាពអំណោយផលសម្រាប់រដ្ឋាភិបាលទាំងពីរដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខ ភាគីទាំងពីរគប្បីតែសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តយ៉ាងម៉ត់ចត់នូវរាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់ និងរៀបចំបានល្អកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ និងសម័យប្រជុំលើកទី៤៦ នៃគណៈកម្មាធិការចម្រុះរដ្ឋាភិបាលវៀតណាម-ឡាវ។

ភាគីទាំងពីរសង្កត់ធ្ងន់ថាត្រូវតែជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ទាំងការតភ្ជាប់រឹងអំពីហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ទន់ក្នុងស្ថាប័ន សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុ និងធនាគារ បន្តយកចិត្តទុកដាក់ និងដោះស្រាយគ្រប់ការលំបាក និងឧបសគ្គសម្រាប់គ្រប់អង្គភាពអាជីវកម្ម និងគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung