កំណត់គោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ៥ ពាន់លានដុល្លារ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគី នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសវនាការជាមួយលោក Recep Tayyip Erdogan ប្រធានាធិបតីទួរគី។

នៅក្នុងជំនួបនេះ លោក Recep Tayyip Erdogan បានអះអាងថា ទួរគីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ដែលជាប្រទេសមានតួនាទីសំខាន់ជាពិសេសនៅអាស៊ីអាគ្នេយ៍។ លោកប្រធានាធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានតម្លៃដែលរដ្ឋាភិបាល និងប្រជាជនវៀតណាម បានផ្តល់ជូនប្រជាជនទួរគីក្នុងការជម្នះផលវិបាកនៃគ្រោះរញ្ជួយដីនៅខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក និងវាយតំលៃខ្ពស់ចំពោះជំនាញប៉ិនប្រសបរបស់ក្រុមការងារជួយសង្គ្រោះនៃក្រសួងការពារប្រទេស និងក្រសួងនគរបាលវៀតណាម ដែលបានបញ្ជូនមកជួយទួរគី នាពេលនេះ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសវនាការជាមួយលោក Recep Tayyip Erdogan ប្រធានាធិបតីទួរគី (រូបថត៖ vnanet.vn)

លោក Pham Minh Chinh បានអបអរសាទរចំពោះរាល់សមិទ្ធផលដ៏ធំធេងដែលទួរគីសម្រេចបាននាពេលថ្មីៗនេះ ដែលធ្វើឱ្យទួរគីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២០ នៅលើពិភពលោក រួមចំណែកជាច្រើនក្នុងការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅមជ្ឈិមបូព៌ា និងជុំវិញពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើវិធានការជាក់លាក់ជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត។ ទាក់ទងនឹងវិស័យនយោបាយ និងការទូត ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ ដែលកំពុងកាន់អំណាច (AKP) នៃប្រទេសទួរគី ក៏ដូចជារវាងរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោក Pham Minh Chinh បានពាំនាំការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Vo Van Thuong ប្រធានរដ្ឋវៀតណាម អញ្ជើញលោកប្រធានាធិបតី Recep Tayyip Erdogan មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឆ្នាំ ២០២៤។ លោក Recep Tayyip Erdogan បានទទួលយកការអញ្ជើញដោយក្តីរីករាយ។

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាទៅវិញទៅមក ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមច្បាប់អន្តរជាតិ ធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ទាំងពីរ និងជុំវិញពិភពលោក។ ទាក់ទិននឹងសេដ្ឋកិច្ច លោក Pham Minh Chinh និងលោក Recep Tayyip Erdogan បានឯកភាពថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការនៅមានច្រើននៅឡើយ ហើយចាំបាច់ត្រូវទាញយកផលឱ្យបានប្រសិទ្ធភាពបំផុត។ លោក Recep Tayyip Erdogan បានអះអាងថា ទួរគីចាប់អារម្មណ៍លើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម ដោយបានកំណត់ទិសដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ការអភិវឌ្ឍវិស័យហាឡាល ទេសចរណ៍ កសិកម្ម ការអប់រំ និងបណ្តុះបណ្តាល និងការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ក្នុងឱកាសនេះ លោក Pham Minh Chinh បានស្នើលោក Recep Tayyip Erdogan យកចិត្តទុកដាក់ និងដឹកនាំស្ថាប័នពាក់ព័ន្ធទួរគី បន្តបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ និងធ្វើការនៅទួរគី។

ទាក់ទិននឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ លោក Pham Minh Chinh បានប្រកាសថា វៀតណាមនឹងផ្តល់ថវិកាចំនួន ៥០០,០០០ ដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) សម្រាប់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់សម្រាប់ប្រជាជនប៉ាឡេស្ទីននៅតំបន់ជ្រោយ Gaza។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Cevdet Yilmaz អនុប្រធានាធិបតីទួរគី ធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សាគ្នា (រូបថត៖ vnanet.vn)

បង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការវិនិយោគ

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទួរគី នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានាធិបតីក្នុងរដ្ឋធានី Ankara ក្រោមអធិបតីភាពរបស់អនុប្រធានាធិបតី Cevdet Yilmaz លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Cevdet Yilmaz អនុប្រធានាធិបតី បានជួបពិភាក្សាការងារ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងនយោបាយ-ការទូតល្អប្រសើរ  ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សកាន់អំណាចទាំងពីរ និងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មនៅរាល់វេទិកា និងអង្គការសហប្រជាជាតិ។ ក្នុងឱកាសនេះ លោក Pham Minh Chinh បានប្រកាសថា កាកបាទក្រហមវៀតណាមនឹងបន្តផ្ទេរថវិកាចំនួន ១៤.៦ ពាន់លានដុងដែលបានបរិច្ចាកពីបុគ្គល និងអង្គការក្នុងស្រុកដើម្បីជួយឧបត្ថម្ភដល់ប្រជាជនទួរគីដែលរងផលវិបាកដោយគ្រោះរញ្ជួយដីនៅខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។

តាងនាមឱ្យរដ្ឋ និងប្រជាជនទួរគី លោក Cevdet Yilmaz អនុប្រធានាធិបតី បានសម្តែងនូវអំណរគុណ វាយតម្លៃខ្ពស់ និងអះអាងថា លោកនឹងចងចាំជានិច្ចនូវជំនួយឧបត្ថម្ភទាំងធនធានមនុស្ស និងសម្ភារៈដែលរដ្ឋាភិបាល និងប្រជាជនវៀតណាម បានផ្តល់ជូនដល់ទួរគីក្នុងការជម្នះផលវិបាកនៃធម្មជាតិ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោក Cevdet Yilmaz បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងបន្តអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន និងក្នុងទិសដៅមានតុល្យភាពជាង។ ជាមួយនឹងគុណសម្បត្តិដែលសេដ្ឋកិច្ចទាំងពីរបំពេញបន្ថែមគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពតាមរយៈការបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម និងទំនិញដែលភាគីទាំងពីរមានឧត្តមភាព ជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បង្កើនចំនួននៃការហោះហើរដឹកទំនិញ...ក្នុងវិស័យ ហាឡាល ទួរគីសន្យាជួយវៀតណាម ពង្រីកវិស័យហាឡាល ដោយហេតុនេះបានរួមចំណែកលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ជំរុញការផ្លាស់ប្តូរព័ត៌មាន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស បច្ចេកវិជ្ជា ការស្វែងរកនិងជួយសង្គ្រោះ និងជំនួយមនុស្សធម៌...

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរព័ត៌មាន ចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិសំខាន់ៗនៅក្នុងប្រទេសនីមួយៗ និងពិចារណាលើការសម្រួលនីតិវិធីទិដ្ឋាការ ដើម្បីសម្រួលបន្ថែមទៀតដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរមកពីប្រទេសទាំងពីរ។ លើសពីនេះ ភាគីទាំងពីរបានឯកភាពគ្នាត្រៀមលក្ខណៈចែករំលែកចំណេះដឹង បង្កើនការផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត ដូចជាកសិកម្ម ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល។

បន្ទាប់ពីជំនួបពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងព្រៃឈើរវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ទួរគី  អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសវៀតណាម និងវិទ្យាស្ថានការទូតនៃប្រទេសទួរគី លិខិតសម្តែងបំណងនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) និងក្រុមហ៊ុនអាកាសចរណ៍ជាតិទួរគី (Turkic Airlines)៕

បកប្រែដោយ Minh Trung