លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួម COP28 និងបំពេញទស្សនកិច្ចនៅទួរគី៖ រួមគ្នាឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព
កប.អនឡាញ - ក្នុងឱកាសដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៨ (COP28) និងចូលរួមសកម្មភាពទ្វេភាគីមួយចំនួននៅអារ៉ាប់រួម (UAE) និងបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានអំពីខ្លឹមសារទាក់ទងនឹងដំណើរទស្សនកិច្ចនេះរបស់លោក Pham Minh Chinh។
អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឱ្យដឹងអំពីការរំពឹងទុករបស់វៀតណាមចំពោះកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកក្នុងក្របខ័ណ្ឌ COP28 ក៏ដូចជាការរួមចំណែករបស់វៀតណាមក្នុងកិច្ចប្រជុំនេះ?
លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ កិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកក្នុងក្របខណ្ឌ COP28 មានសារៈសំខាន់ខ្លាំងណាស់ក្នុងបរិបទដែលការប្រែប្រួលអាកាសធាតុនៅតែបន្តជាបញ្ហាប្រឈមសកលដ៏ធំបំផុត ដែលជាក្តីបារម្ភយ៉ាងខ្លាំងរបស់សហគមន៍អន្តរជាតិក្នុងឆ្នាំ ២០២៣។ គេរំពឹងថា ប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រី នៃប្រទេសជាង ១៣០ នឹងចូលរួមកិច្ចប្រជុំ COP28 ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរយៈពេលវែងក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
នៅលើទិដ្ឋភាពពិភពលោក ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុតម្រូវឱ្យប្រទេសនានាធ្វើសកម្មភាពជាបន្ទាន់ និងខ្លាំងក្លា ដើម្បីសម្រេចបាននូវគោលដៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការរក្សាការកើនឡើងសីតុណ្ហភាពពិភពលោកឱ្យនៅត្រឹម ១.៥ អង្សាសេ។ នោះមានន័យថា ចាំបាច់ត្រូវបង្រួមគម្លាត រវាងការប្តេជ្ញាចិត្តដែលបានដាក់ចេញ និងលទ្ធផលសម្រេចបាន ជាពិសេសក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងហិរញ្ញវត្ថុអាកាសធាតុ និងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីជំនះការខាតបង់ និងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុតម្រូវឱ្យមានវិធីសាស្រ្តមានលក្ខណៈជាសាកល ធានាបាននូវសមធម៌ និងយុត្តិធម៌អាកាសធាតុ ហើយផ្អែកលើសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលប្រទេសអភិវឌ្ឍន៍បានដើរតួនាទីនាំមុខ បង្កើតសន្ទុះសម្រាប់សកម្មភាពអាកាសធាតុ និងបង្កើនការគាំទ្រសម្រាប់ការអភិវឌ្ឍ។
ដូច្នេះ ចូលរួមកិច្ចប្រជុំ COP28 លើកនេះ វៀតណាមរំពឹងថា កិច្ចប្រជុំនេះនឹងសម្រេចបាននូវវឌ្ឍនភាពជាក់ស្តែង ជាពិសេសលើវិស័យកំពូលទាំងបួន។ ទីមួយ ប្រទេសនានាបន្តចាត់វិធានការខ្លាំងក្លាដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងអនុវត្តការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព និងសមធម៌។ ទីពីរ ប្រទេសអភិវឌ្ឍនានាអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន ជាពិសេសក្នុងការផ្តល់ហិរញ្ញប្បទាន និងគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងដំណើរការនេះ។ ទីបី យកចិត្តទុកដាក់យ៉ាងសមរម្យចំពោះសកម្មភាពឆ្លើយតបបម្រែបម្រួលអាកាសធាតុ និងដាក់ចេញនូវក្របខណ្ឌគោលដៅសម្របខ្លួនជាសកលមួយច្បាស់លាស់។ ទី ៤ គឺដាក់ឱ្យមូលនិធិការបាត់បង់ និងខូចខាតឱ្យដំណើរការក្នុងពេលឆាប់ៗនេះ ដើម្បីមានប្រភពហិរញ្ញវត្ថុថ្មី និងធំជាងមុន ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។
នៅក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh ត្រូវបានគេរំពឹងថា នឹងប្រកាសអំពីគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តថ្មីមួយចំនួនរបស់វៀតណាម ដើម្បីរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបយ៉ាងល្អបំផុតចំពោះការប្រែប្រួលអាកាសធាតុនាពេលខាងមុខ។
    |
 |
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម |
អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឱ្យដឹងពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសទួរគី និងរាល់សកម្មភាពទ្វេភាគីជាមួយ UAE ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីចូលរួម COP28?
លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នៅប្រទេសទួរគី និងសកម្មភាពទ្វេភាគីនៅ UAE ក្នុងឱកាសចូលរួម COP28 មានសារៈសំខាន់ខ្លាំងណាស់។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងការបរទេសរបស់វៀតណាម។ លើសពីនេះ ដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រី គឺជាដំណើរទស្សនកិច្ចលើកទី២ ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ (លើកទី១ លោកនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-GCC និងបានធ្វើសកម្មភាពទ្វេភាគីនៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងខែតុលា ឆ្នាំ២០២៣) ដោយហេតុនេះ បានផ្សព្វផ្សាយសារអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបង្ហាញពីចំណាប់អារម្មណ៍ច្បាស់លាស់របស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយតំបន់មជ្ឈិមបូព៌ាដែលមានសក្តានុពល។
ក្នុងដំណើរទស្សនកិច្ចនេះ បន្ថែមពីលើកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសនានា លោកនាយករដ្ឋមន្រ្តីវៀតណាមក៏នឹងចូលរួម និងថ្លែងសុន្ទរកថានៅក្នុងរាល់វេទិកា កិច្ចពិភាក្សាពាណិជ្ជកម្ម ទទួលជួបសហគ្រាសអាជីវកម្ម និងមូលនិធិវិនិយោគឈានមុខគេរបស់ប្រទេសទួរគី និង UAE តាមរយៈនោះពង្រីកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញនាំចេញរបស់វៀតណាម ព្រមទាំងទាក់ទាញទុនវិនិយោគគុណភាពខ្ពស់ថ្មី ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជាវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ថាមពលស្អាត បរិវត្តកម្មឌីជីថល នវានុវត្តន៍... សំដៅឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសនាពេលខាងមុខ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Minh Trung