អ្នកយកព័ត៌មាន ៖ តើលោកអាចប្រាប់អំពីអត្ថន័យ និងគោលបំណងនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីបានទេ?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាឡេស៊ី មានគោលបំណងបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ ដែលយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសជិតខាង និងអាស៊ាន រួមទាំងម៉ាឡេស៊ី ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាដៃគូសេដ្ឋកិច្ចសំខាន់មួយរបស់វៀតណាម។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម ជាការកត់សម្គាល់ការចាប់ផ្តើមនៃដំណើរការសមាហរណកម្មតំបន់ និងអន្តរជាតិ បង្ហាញពីការគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះម៉ាឡេស៊ីក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥ និងការប្តេជ្ញាចិត្តសហការរជាមួយម៉ាឡេស៊ី និងបណ្តាប្រទេសអាស៊ានដើម្បីកសាងសហគមន៍អាស៊ានមួយ "និរន្តរភាព និងបរិយាប័ន្ន" សាមគ្គី រឹងមាំ ពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ាន។

ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងលើកទិសដៅ និងវិធានការជាក់លាក់ដើម្បីបង្កើតសន្ទុះថ្មី ធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ស្របតាមកម្រិតនៃទំនាក់ទំនង។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីវាយតម្លៃយ៉ាងណាចំពោះទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី ហើយតើលោករំពឹងអ្វីខ្លះសម្រាប់ដំណើរទស្សនកិច្ចលើកនេះ?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ ប្រហែលជា ការដែលប្រទេសទាំងពីរបានបដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ គឺជាការវាយតម្លៃដ៏រឹងមាំបំផុត ហើយក៏ជាការរំពឹងទុកខ្ពស់បំផុតរបស់យើងចំពោះទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាសសរស្តម្ភដ៏សំខាន់ និងកំពុងអភិវឌ្ឍយ៉ាងវិជ្ជមាន។ បច្ចុប្បន្នម៉ាឡេស៊ីជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ របស់វៀតណាមក្នុងអាស៊ាន និងទី ៩ របស់យើងក្នុងពិភពលោក ហើយក៏ជាប្រទេសវិនិយោគធំទី ៣ របស់វៀតណាមក្នុងអាស៊ានផងដែរ។

ប្រទេសទាំងពីរមានសេចក្តីប្រាថ្នាអភិវឌ្ឍន៍ស្រដៀងគ្នា។ ជាពិសេស ចក្ខុវិស័យនៃប្រទេសទាំងពីរមានភាពស្រដៀងគ្នាគឺយកប្រជាជនជាស្នូលនៃការអភិវឌ្ឍ៖ វៀតណាមប្រកាន់ខ្ជាប់ជានិច្ចយកមនុស្សជាស្នូល ជាប្រធានបទ ជាគោលដៅ ជាកម្លាំងចលករ និងជាធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ ចំណែកម៉ាឡេស៊ីក៏មានគោលបំណងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ២៥ ដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ នេះជាការបង្ហាញជាក់ស្តែងមួយនៃភាពជិតស្និទ្ធយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរ មិនត្រឹមតែភូមិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងចក្ខុវិស័យ និងអាទិភាពនៃការអភិវឌ្ឍន៍រយៈពេលវែងផងដែរ។

ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក Pham Minh Chinh  នាយករដ្ឋមន្ត្រី នឹងបន្តពង្រឹងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ លុបបំបាត់ការលំបាក កំណត់ទិសដៅ និងវិធានការជាក់លាក់ ដើម្បីអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ម៉ាឡេស៊ីនាពេលខាងមុខ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។

អ្នកយកព័ត៌មាន៖ តើលោកអាចប្រាប់អំពីអត្ថន័យ និងគោលបំណងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានទេ?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ ជាដំបូង ឆ្នាំ២០២៥ គឺខួប១០ឆ្នាំនៃការបង្កើតសហគមន៍អាស៊ាន។ កិច្ចប្រជុំទាំងនេះគឺជាឱកាសសម្រាប់ប្រទេសនានាដើម្បី "វាយតំលៃ" លើដំណើររបស់អាស៊ាន ដែលបានជំនះការលំបាក និងបញ្ហាប្រឈមជាច្រើន ខិតខំដើម្បីសន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍរបស់តំបន់ និងក្លាយជាសហគមន៍ដ៏ស្អិតរមួត ស្វាហាប់ និងសេចក្តីប្រាថ្នា។

ទីពីរ ក្នុងបរិបទនៃពិភពលោក និងតំបន់ដែលកំពុងមានការប្រែលប្រួលយ៉ាងខ្លាំងក្លានោះ ប្រធានបទ “បរិយាប័ន្ន និងនិរន្តរភាព” នឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការអាស៊ាននៅឆ្នាំ ២០២៥ ដោយផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទាញយកផលប្រយោជន៍ពីកម្លាំងចលករជំរុញកំណើនថ្មី។

ទីបី កិច្ចប្រជុំនឹងអនុម័តក្របខ័ណ្ឌសហប្រតិបត្តិការថ្មីសម្រាប់រយៈពេល ២០ ឆ្នាំខាងមុខ។ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ រួមជាមួយនឹងយុទ្ធសាស្រ្តចំនួនបួនស្តីពីនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម និងការតភ្ជាប់ នឹងជំរុញសមិទ្ធិផលសម្រេចបាន លើកកំពស់សមត្ថភាព និងសកម្មរបស់អាស៊ានក្នុងការប្រឈមមុខនឹងការប្រែប្រួលទាំងអស់។

អ្នកយកព័ត៌មាន៖ តើអ្វីជាសារ ជាការតម្រង់ទិស​ និងជាការរួមចំណែករបស់វៀតណាមចំពោះកិច្ចប្រជុំកំពូលនេះ ហើយតើឯកសារអ្វីខ្លះត្រូវបានអនុម័ត?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ ដូចខ្ញុំបានចែករំលែកថា ឆ្នាំ ២០២៥ មានអត្ថន័យពិសេសជាច្រើនចំពោះអាស៊ាន។ សម្រាប់ប្រទេសវៀតណាម អត្ថន័យនោះត្រូវបានគុណឡើងច្រើនដង ខណៈដែលឆ្នាំនេះគឺជាខួបលើកទី ៣០ ដែលយើងក្លាយជាផ្នែកមួយនៃផ្ទះរួមអាស៊ាន។

ក្នុងស្មារតីនោះ គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំកំពូលទាំងនេះ ជាមួយការបង្ហាញសារមួយអំពីភាពសកម្ម ទំនួលខុសត្រូវ និងការត្រៀមខ្លួនជាស្រេចរបស់វៀតណាមក្នុងការរួមចំណែកបន្ថែមទៀតដល់ការងាររួមរបស់អាស៊ាន។ វៀតណាមចង់រួមជាមួយបណ្តាប្រទេសជាសមាជិកដើម្បីបង្កើតទិសដៅយុទ្ធសាស្ត្រ និងវិធានការជាក់លាក់ដើម្បីពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងពង្រឹងកិត្យានុភាពនៃសហគមន៍អាស៊ានក្នុងរយៈពេលខាងមុខ។

ក្រោមប្រធានបទ “បរិយាប័ន្ន និងនិរន្តរភាព” កិច្ចប្រជុំទាំងនេះរំពឹងថានឹងបើកទិសដៅថ្មីជាច្រើន រួមចំណែកក្នុងការពង្រឹងដំណើរការនៃការកសាងសហគមន៍ និងបន្ថែមកម្លាំងចលករដល់ទំនាក់ទំនងរវាងអាស៊ាន និងដៃគូរបស់ខ្លួន។ ឈរលើមូលដ្ឋាននោះ វៀតណាមនឹងពិភាក្សា និងឯកភាពជាមួយប្រទេសផ្សេងៗអំពីអាទិភាពសហប្រតិបត្តិការក្នុងក្រុមខ្លឹមសារធំៗចំនួនបីដូចខាងក្រោម៖

ទីមួយ បញ្ជាក់ឡើងវិញនូវតម្លៃ និងភាពរឹងមាំ នៃពហុភាគីនិយម លើកកម្ពស់កិច្ចសន្ទនា កសាងទំនុកចិត្ត និងគោរពច្បាប់អន្តរជាតិ លើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ក្នុងបរិបទភូមិសាស្ត្រយុទ្ធសាស្ត្រមានការប្រែប្រួលជាច្រើន។

ទីពីរ ដាក់ចេញនូវផែនទីបង្ហាញផ្លូវថ្មីសម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅរកការសម្រេចបាននូវសេចក្តីប្រាថ្នាអំពីអាស៊ានមួយខ្លួនទីពឹងខ្លួន ច្នៃប្រឌិត ស្វាហាប់ និងផ្តោតលើប្រជាជន។

ទីបី ជំរុញការតភ្ជាប់ក្នុងប្លុក និងក្រៅប្លុក ដោយផ្តោតលើការពង្រីកទំហំកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលមានស្រាប់ និងរួមចំណែកលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយយុត្តិធម៌ តម្លាភាព និងផ្អែកលើច្បាប់។

ខ្ញុំជឿជាក់ថា ដោយមានការគាំទ្រពីប្រទេសសមាជិក និងដៃគូ កិច្ចប្រជុំទាំងនេះមិនត្រឹមតែបន្តសមិទ្ធិផលប៉ុណ្ណោះទេ ថែមទាំងបង្កើតការផ្លាស់ប្តូរថ្មី រួមចំណែកជាក់ស្តែងដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អ្នកយកព័ត៌មាន៖ សូមអរគុណ!

បកប្រែដោយ Duy Hoan