លោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម៖ បារាំងឲ្យតម្លៃទំនាក់ទំនងពិសេស និងរឹងមាំជាមួយវៀតណាម
កប.អនឡាញ - ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ឧសភា តបតាមការអញ្ជើញរបស់ លោក Luong Cuong ប្រធានរដ្ឋវៀតណាម លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ ក្នុងឱកាសនេះ នាថ្ងៃទី ២៣ ឧសភា អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនបានជួបសម្ភាសន៍លោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម អំពីដំណើរទស្សនកិច្ចនេះ។
យោងតាម លោក Olivier Brochet ឯកអគ្គរដ្ឋទូត ដំណើរទស្សនកិច្ចរបស់ លោក Emmanuel Macron ប្រធានាធិបតី នៅវៀតណាមគឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ប្រទេសវៀតណាមគឺជាកន្លែងដំបូងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួនបីរបស់ Emmanuel Macron ប្រធានាធិបតី នៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងប្រទេសបន្តគឺឥណ្ឌូនេស៊ី និងសិង្ហបុរី។ ដំណើរទស្សនកិច្ចរបស់ លោក Emmanuel Macron ប្រធានាធិបតី ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបីគឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់បារាំងរហូតដល់ឆ្នាំ ២០២៨ ដែលបង្ហាញពីបំណងប្រាថ្នារបស់បារាំងក្នុងការលើកកម្ពស់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនាក់ទំនងកាន់តែរឹងមាំជាមួយដៃគូដើម្បីស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
    |
 |
លោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម |
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបី លោក Emmanuel Macron ប្រធានាធិបតីចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាមមុនគេ ដែលនេះបង្ហាញថា បារាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពិសេស និងរឹងមាំជាមួយវៀតណាម។ ក្នុងរយៈពេលកន្លះសតវត្សកន្លងទៅនេះ ទំនាក់ទំនងបារាំង-វៀតណាមបានបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដោយកិច្ចសហប្រតិបត្តិការទ្វេភាគីបានពង្រីកលើវិស័យជាច្រើន។ ភាគីទាំងពីរបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣ ហើយនៅខែតុលា ឆ្នាំ ២០២៤ក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំងរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ភាគីទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron ប្រធានាធិបតីនៅវៀតណាមជាថ្មីម្តងទៀតបានបញ្ជាក់ពីការអភិវឌ្ឍន៍ដ៏រឹងមាំក្នុងទំនាក់ទំនងទ្វេភាគី បង្ហាញពីបំណងប្រាថ្នារបស់ភាគីទាំងពីរក្នុងការនាំយកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ជាពិសេស បារាំងសង្ឃឹមថានឹងត្រូវបានវៀតណាមចាត់ទុកជាដៃគូដែលជឿទុកចិត្ត ហើយអាចរួមដំណើរជាមួយវៀតណាមលើមាគ៌ាអភិវឌ្ឍន៍។
លោកឯកអគ្គរដ្ឋទូត Olivier Brochet បានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅវៀតណាមលើកនេះ នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ... និងជាពិសេសជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ពិភពលោក។
លោកឯកអគ្គរដ្ឋទូត Olivier Brochet ក៏បានចែករំលែកថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ក្រៅពីកិច្ចប្រជុំ និងពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម លោក Emmanuel Macron ប្រធានាធិបតី នឹងអញ្ជើញទៅជួបសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ និងនិស្សិតដែលកំពុងសិក្សាកម្មវិធីបណ្តុះបណ្តាលដែលឧបត្ថម្ភដោយប្រទេសបារាំង។ នៅទីនេះ លោក Emmanuel Macron ប្រធានាធិបតី គ្រោងថានឹងថ្លែងសុន្ទរកថាទៅកាន់យុវជនវៀតណាម ដោយលើកឡើងអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តួនាទីរបស់យុវជនក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាការគាំទ្ររបស់បារាំងសម្រាប់សកម្មភាពស្រាវជ្រាវ បណ្តុះបណ្តាល និងនវានុវត្តន៍នៅសាកលវិទ្យាល័យនានានៅវៀតណាម។
គណៈប្រតិភូអមដំណើរលោក Emmanuel Macron ប្រធានាធិបតី និងលោកជំទាវ រួមមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបារាំងជាច្រើនរូប រួមទាំងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ អធិបតេយ្យភាព ឧស្សាហ៍កម្ម និងឌីជីថល រដ្ឋមន្ត្រីក្រសួងកងទ័ព ... នេះក៏ជាឱកាសសម្រាប់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរជួបជាមួយដៃគូទាំងបារាំង និងវៀតណាម ដើម្បីជំរុញគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួនរវាងភាគីទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ។
លោក Olivier Brochet ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា ការផ្តោតសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅវៀតណាមលើកនេះគឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរថាមពលក៏ដូចជាលើវិស័យបញ្ញាសិប្បនិមិត្ត ការបណ្តុះបណ្តាល ការផ្ទេរបច្ចេកវិទ្យា ... យោងតាមលោកឯកអគ្គរដ្ឋទូត ព្រឹត្តិការណ៍ពិសេសមួយនឹងប្រព្រឹត្តទៅក្នុងកំឡុងដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron ប្រធានាធិបតី ទៅកាន់ប្រទេសវៀតណាម ដែលជាកិច្ចប្រជុំកំពូលបច្ចេកវិទ្យាបារាំង-វៀតណាមឆ្នាំ ២០២៥ (FT2h7) នាថ្ងៃទី ២៧ ឧសភា នៅទីក្រុងហូជីមិញ។ ទាក់ទាញប្រតិភូប្រហែល ១៥០០ នាក់មកពីប្រទេសវៀតណាម និងបារាំង រួមទាំងអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំធុរកិច្ច អ្នកវិនិយោគ អ្នកចាប់ផ្តើមអាជីវកម្ម និងអ្នកជំនាញបច្ចេកវិទ្យាមកពីប្រទេសទាំងពីរ។ នេះគឺជាសកម្មភាពជាក់លាក់មួយដើម្បីសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងបារាំងដែលបានចុះហត្ថលេខានាថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤ ដែលសង្កត់ធ្ងន់លើអាទិភាពនៃការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងបើកដំណាក់កាលទូលំទូលាយនៃកិច្ចសហប្រតិបត្តិការការលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍រវាងវៀតណាម និងបារាំង។
លោកឯកអគ្គរដ្ឋទូត Olivier Brochet បានអះអាងថា៖ ជារួម ដំណើរទស្សនកិច្ចរបស់ លោក Emmanuel Macron ប្រធានាធិបតី នៅវៀតណាមជាថ្មីម្តងទៀតបានបញ្ជាក់ពីសារៈសំខាន់ នៃទំនាក់ទំនងបារាំង-វៀតណាម បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការកសាងភាពជាដៃគូទំនើប និងស្វាហាប់ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក។ សំដៅដំឡើងទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតកម្ពស់ថ្មីមួយ។
បកប្រែដោយ Duy Hoan