វៀតណាម និងជប៉ុនបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៧៣។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានបង្កើតជាបន្តបន្ទាប់នូវក្របខ័ណ្ឌទំនាក់ទំនងពីកម្រិតភាពជាដៃគូជឿទុកចិត្តដែលមានស្ថិរភាពយូរអង្វែង (ឆ្នាំ២០០២) ទៅជាកម្រិតភាពជាដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី (ឆ្នាំ២០០៩) និងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយសម្រាប់សន្តិភាព និងវិបុលភាពនៅអាស៊ី (ឆ្នាំ២០១៤)។

យើងអាចសង្កេតឃើញថាទំនាក់ទំនងវៀតណាម-ជប៉ុន កំពុងមានការរីកចម្រើនខ្លាំង លេចធ្លោ និងគ្រប់ជ្រុងជ្រោយជាមួយនឹងកម្រិតនៃការជឿទុកចិត្តខាងនយោបាយខ្ពស់លើគ្រប់វិស័យ ជាដំបូងបង្អស់គឺត្រូវបានបង្ហាញឱ្យឃើញតាមរយៈសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ជំនួបនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់កម្រិតថ្នាក់។ ចាប់តាំងពីដើមឆ្នាំមក វៀតណាមបានទទួលស្វាគមន៍គណៈប្រតិភូការងារសំខាន់ៗជាង ៤០ មកពីប្រទេសជប៉ុន រួមមានព្រះអង្គម្ចាស់ Akishino និងព្រះនាង, ប្រធានព្រឹទ្ធសភា Otsuji Hidehisa អតីតនាយករដ្ឋមន្ត្រី Suga Yoshihide ... ទន្ទឹមនឹងនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍ (G7) បើកទូលាយ និងធ្វើការនៅប្រទេសជប៉ុន។ ទន្ទឹមនឹងនោះ វៀតណាមបានបញ្ជូនគណៈប្រតិភូថ្នាក់ដឹកនាំខេត្ត ឬខ្ពស់ជាងនេះជាង៤០ ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក៏រក្សាទំនាក់ទំនងជាប្រចាំនៅវេទិកាអន្តរជាតិ និងតំបន់។

leftcenterrightdel
រូបភាពជាឧទាហរណ៍

ក្រឡេកទៅអតីតកាលវិញ យើងនៅតែចងចាំបានថា ជប៉ុនគឺជាប្រទេស G7 ដំបូងគេដែលទទួលស្វាគមន៍អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម មកបំពេញទស្សនកិច្ច (ឆ្នាំ ១៩៩៥) ហើយជាប្រទេស G7 ដំបូងគេដែលបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម (ឆ្នាំ ២០០៩) ជាប្រទេស G7 ដំបូងទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម (ឆ្នាំ២០១១) និងក៏ជាប្រទេស G7 ដំបូងគេដែលបានអញ្ជើញវៀតណាមចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ (ឆ្នាំ២០១៦)។ បច្ចុប្បន្ននេះ ជប៉ុនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់វៀតណាម ដែលជាអ្នកផ្តល់ ODA ធំជាងគេ ជាដៃគូធំទីពីរក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ទីបីក្នុងការវិនិយោគ និងទេសចរណ៍ និងទីបួនលើការវិនិយោគពាណិជ្ជកម្ម។ លើសពីនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ កំពុងអភិវឌ្ឍកាន់តែខ្លាំងឡើងប្រកបដោយភាពជាក់ស្តែង និងស៊ីជម្រៅ។ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរកំពុងត្រូវបានពង្រីកឥតឈប់ឈរជាមួយនឹងមូលដ្ឋានជិត ១០០ គូ បង្កើតទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ។  ទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុន ក៏បានរីកចម្រើនលើវិស័យជាច្រើនផ្សេងទៀតដូចជា៖ កសិកម្ម វប្បធម៌-អប់រំ ការថែទាំសុខភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍ វេទិកាពហុភាគី និងលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់រួម ...

ជាពិសេស យើងត្រូវតែលើកឡើងអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទូលំទូលាយនៃការជួបប្រាស្រ័យប្រជាជនរវាងវៀតណាម និងជប៉ុនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងស្និទ្ធស្នាលជាងមុន ដោយសារសកម្មភាពជាក់ស្តែង និងអត្ថន័យជិត ៥០០ ដែលភាគីទាំងពីរបានរៀបចំក្នុងឆ្នាំ ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។

ដំណើរទស្សនកិច្ចរបស់លោក Vo Van Thuong និងភរិយាទៅកាន់ប្រទេសជប៉ុនដ៏ស្រស់បំព្រង ទំនើប ជាមួយភ្នំ Fuji ផ្កាសាគូរ៉ារីក រថភ្លើងល្បឿនលឿន Shinkansen... ក្នុងគោលបំណងអះអាងនូវគោលនយោបាយ និងគោលការណ៍ណែនាំចំពោះកិច្ចការបរទេសដែលជាប់លាប់របស់បក្ស និងរដ្ឋវៀតណាម គឺចាត់ទុកប្រទេសជប៉ុនជាដៃគូសំខាន់ៗ និងយូរអង្វែង ទន្ទឹមនឹងនោះ មានបំណងពង្រឹងថែមទៀតនូវទំនុកទុកចិត្តខាងនយោបាយ អនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ព្រមទាំងពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនលើវិស័យសេដ្ឋកិច្ច ឧស្សាហូបនីយកម្ម-ទំនើបកម្ម ODA ជំនាន់ថ្មី ពាណិជ្ជកម្ម ការវិនិយោគ វិស័យការពារជាតិ-សន្តិសុខ វប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការធ្វើបរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង... និងពង្រីកទៅក្នុងវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ ស្របតាមផលប្រយោជន៍ និងកង្វល់នៃប្រទេសទាំងពីរ។

ប្រទេស និងប្រជាជនវៀតណាមរំពឹងនិងជឿជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះរបស់លោក Vo Van Thuong និងភរិយា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងជប៉ុននឹងឈានចូលដល់ជំពូកថ្មីនៃការអភិវឌ្ឍដ៏រឹងមាំ កាន់តែរីកចម្រើន ប្រសិទ្ធភាព និងទូលំទូលាយ ជាពិសេសលើវិស័យសហប្រតិបត្តិការនានា ដែលភាគីទាំងពីរមានសក្តានុពល និងឧត្តមភាព៕

បកប្រែដោយ Minh Trung